មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺជូនដំណឹងដល់ពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ឱ្យផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៣ចន្លោះគ.ម៤៧ ដល់៤៨ និង៥១ ដល់៥២ ស្ថិតនៅឃុំស្នំក្រពើ ខេត្តកំពង់ស្ពឺ ដោយសារជំនន់ទឹកភ្លៀង។
ក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសារធារណការខេត្តកំពង់ស្ពឺចេញកាលលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣បញ្ជាក់ថា កាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៣ ដោយស្ថានភាពទឹកភ្លៀងនៅរដូវវស្សាឆ្នាំនេះបានធ្លាក់ច្រើន បង្កឲ្យមានជំនន់ទឹកភ្លៀង ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់មនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពានជាយថាហេតុ មន្ទីរសារណការសូមធ្វើការផ្អាកចររាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទ។
តាមសេចក្ដីជូនដំណឹងដដែលបានបន្ថែមថា៖ «ដោយស្ថានភាពទឹកភ្លៀងនៅរដូវវស្សាឆ្នាំនេះបានធ្លាក់ច្រើន បង្កឲ្យមានជំនន់ទឹកភ្លៀងដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់មនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន ជំនន់ទឹកភ្លៀងបានកំពង់ជនឡើងជាហេតុបណ្ដាលឲ្យលិចកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.មលេខ៤៧ ដល់៤៨ និងគ.មលេខ៥១ ដល់៥២ នៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ»។
សេចក្ដីជូនដំណឹងដដែលបានបន្ថែមថា ដោយស្ថានភាពនេះធ្វើឲ្យផ្លូវថ្នល់មិនអាចទ្រទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន មន្ទីរសារធារណការខេត្តកំពង់ស្ពឺសូមផ្អាកចររាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់លើកំណាត់ផ្លូវជាតិលេខ៣ និងសូមឲ្យប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ដែលធ្វើចរាចរណ៍ពីភ្នំពេញទៅកំពត វាងតាមផ្លូវជាតិលេខ១២២ឆ្ពោះទៅផ្លូវជាតិលេខ២ ឬវាងតាមផ្លូវ១៤៣ទៅផ្លូវលេខ៤១ សម្រាប់ទិសដៅពីកំពតទៅភ្នំពេញជាបណ្ដោះអាសន្នសិន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី៕