សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ កោះហៅតំណាងសហគមន៍ដែលមានទំនាស់ដីធ្លីឈ្មោះ«សហគមន៍១​​៩​​៧ »​​ ចំនួន០៩នាក់ ឱ្យចូលសវនការនៅថ្ងៃព្រហស្បត្តិ៍ក្នុងសប្តាហ៍នេះ ក្រោយពួកគេបានប្តឹងទាស់​ប្រឆាំងសាលាក្រមសាលាដំបូងខេត្តកោះកុង ដែលចោទប្រកាន់ពួកគេពីបទបរិហារកេរ្តិ៍ និងញុះញង់។

ដីកាកោះដែលចេញកាលពីថ្ងៃទី ១៨ តុលា ហើយគេហទំព័រ Newsroom Cambodia ទើបទទួល​​បាន​​នៅ​​ថ្ងៃ​​ទី ២៣ តុលា ឆ្នាំ២០២៣ ដោយព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ លោក ខៀវ ផល្លា ឱ្យ​​ដឹ​ង​​ថា ជនជាប់ចោទក្នុងសំណុំរឿងទំនាស់ដីធ្លីនេះ តម្រូវឱ្យចូលខ្លួនដើម្បីពិភាក្សា​​ដេញ​ក្រោ​​ម​​​​​បទចោទ«បរិហារកេរ្តិ៍ និងញុះញង់ »។

តាមរយៈដីកាកោះចេញដាច់ដោយឡែកៗពីគ្នា ក្នុងខ្លឹមសារតែមួយ ដែលបង្គាប់ឱ្យពលរដ្ឋទាំង៩នាក់ ត្រូវ​​ចូ​​​​លសវនាការ​​នៅ​​ក្នុ​​ង​​​​សំណុំរឿង​​ព្រហ្មទណ្ឌនេះ គឺតុលាការបានកំណត់យកថ្ងៃទី ២៦ ខែតុលា ពេល​​រសៀ​​ល ដើម្បីបើកសវនាការ លើបណ្តឹងទាស់ប្រឆាំងសាលក្រមដែលចេញដោយតុលាការខេត្តកោះកុង។

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់ស​ក​ម្ម​​​​ជនដីធ្លីចំនួន៩នាក់ ក្រោមបទចោទ «បរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិ្តមា​​ត្រា ៣១១, ៣១២,​​​ ៤៩​​៤​ និ​​ង​​​៤៩៥ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅ ខេត្តកោះកុង។

ចំណែក សកម្មជនដីធ្លីម្នាក់ក្នុងចំណោម៩នាក់គឺអ្នកស្រី អឹប តឹង ដែលបាន​ចូលរួមប្ដឹងទាមទារឱ្យតុលាការទម្លាក់បទចោទប្រឆាំង​​លើ​​អ្នកស្រី បានបដិសេធថាខ្លួនមិនបានបរិហារកេរ្តិ៍ ឬធ្វើសកម្មភាពណាមួយ ដែល​​បង្ក​ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដូចក្នុងដីកាចោទប្រកាន់របស់តុលាការឡើយ។

អ្នកស្រីបន្តថា៖ «បងនិយាយថា លោក ហេង ហ៊ុយ រំលោភលើដីពលរដ្ឋ១៩៧គ្រួសារ ពាក្យនេះមិនមែនបរិ​​​​ហារ ​ឬញុះញង់ទេ»

បើតាមអ្នកស្រី អឹប តឹង ដីសហគមន៍ដែលអ្នកស្រីចោទថា លោក ហេង ហ៊ុយ កំពុងព្យាយាមរំលោភយកនា​​ពេលបច្ចុប្បន្ននេះ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ មានភាពប្រសើរឡើង តាមរយៈការ​​ដាំ​​​​ដុះ​​ដូចជាស្វាយចន្ទីរ ខ្នុរ និងធ្វើស្រែចំការជាដើម។

អ្នកស្រីបន្តថា៖«បាត់បង់ដីហ្នឹងទៅបងប៉ះពាល់មែនទេ។ អាស្រ័យផលគោក្របី យើងដាំដំណាំហូបចុកអីនៅលើដីហ្នឹងទាំងអស់ ពេលអត់មានដីហ្នឹង ធ្វើឱ្យពួកបងអត់មានអីធ្វើ។ ចឹងពួកបងត្រូវធ្លាក់ខ្លួនធ្វើការនៅខាងក្រៅ ហើយកូនបាត់បង់ការសិក្សា ហើយឪពុកម្ដាយត្រូវទៅធ្វើការដោះបំណុលុំ និយាយទៅបាត់បង់ដីហ្នឹងដូចបាត់បង់ជីវិតហ្មង»។

មិនខុសគ្នាទេ អ្នកស្រី ដេត ហ៊ួ ដែលមានឈ្មោះនៅក្នុងដីកាកោះហៅដោយសាលា​​ឧទ្ធរណ៍ព្រះសីហនុ​​​​ ក៏​​ឯ​​ក​​ភាពដែរថា លោក ហេង ហ៊ុយ បានរំលោភលើដីពលរដ្ឋនេះ មិនមែនជាការបរិហា​​រកេ​​រ្តិ៍ ឬញុះញង់នោះទេ​​។

អ្នកស្រីបន្តថា៖ «ខ្ញុំអត់ដែលបានញុះញង់អីផង គ្រាន់តែលើកអំពីបញ្ហាដីធ្លីដែលលោក ហេង ហ៊ុយ បានរំលោភយក»។

តាមរយៈការផ្តល់សម្ភាសន៍ជាមួយគេហទំព័រ Newsroom Cambodia ពលរដ្ឋដែលមានឈ្មោះនៅក្នុង​​ដី​​កា​​​​​​បញ្ជាក់ជំហរថា ពួកគេនឹងចូលរួមសវនការ ទៅតាមការកំណត់ដោយតុលាការ នៅពេលខាងមុខនេះ។

គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយបានទេទាំង​ អភិបាលស្រុកស្រែអំបិល លោ​​ក​ ជា​ ច័ន្ទកញ្ញា លោក ហេង ហ៊ុយ និង អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ដោយទូរសព្ទចូ​​ល ប៉ុន្តែពុំមានអ្នកទទួល។

ចំណែក មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) ប្រចាំខេត្តកោះកុង លោក ង៉ែ​​ត ស៊ីណាត់ អំពាវនាវឱ្យសាលាឧទ្ធរណ៍ព្រះសីហនុ ទម្លាក់បទចោទលើពលរដ្ឋទាំង៩នាក់នេះ ដោយសា​​​​រ​​​​ពួកគេបានរងគ្រោះពីការបាត់បង់ដីធ្លីម្តងរួចទៅហើយ បែរជារងការចោទប្រកាន់ពីតុលាការបន្ថែមទៀត។

លោកបន្តថា៖ «គួរតែទម្លាក់បទចោទលើពួកគាត់ ពីព្រោះគាត់ជាជនរងគ្រោះ បាត់បង់ដីធ្លី ហើយគាត់​​[​​សា​​លា​ឧទ្ធរណ៍ព្រះសីហនុ] គួរតែទម្លាក់ការចោទហ្នឹងហើយរកយុត្តិធម៌ឱ្យគាត់នៅពេលដែលគាត់ទាមទារដីធ្លី។ […] គាត់តវ៉ាគ្រប់ទីកន្លែងដើម្បីបានដីធ្លីមកវិញ បែរជាគាត់ក្លាយជាអ្នកជនជាប់ចោទនៅក្នុងរឿងហ្នឹងវិញ ចឹងវាមានភាពអយុត្តិធម៌ចំពោះគាត់»។


ជុំវិញទំនាស់ដីធ្លីនេះ គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបន្តអូសបន្លាយជិត ២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៧ រហូតដល់ពេលបច្ចុប្បន្ន​​។ពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ១២០០ ហិកតារ ជាមួយក្រុមហ៊ុ​​​នឧ​​កញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគ​ម​​ន៍​ នៅមិន​ទា​ន់​​​​​​​​​​​អាចរកច្រកចេញបាននៅឡើយ។

ចំណែកអាជ្ញាធរ និងភាគីពាក់ព័ន្ធតែងបដិសេធជារឿយៗ ពីការចោទប្រកាន់របស់ពលរដ្ឋ ដែលលើកឡើង​​ថា​​ការតស៊ូមតិរបស់ពួកគេ មិនដែលទទួលបានការការពារ និងដោះស្រាយដោយសន្តិវិធីពីអាជ្ញាធរ​ម្តងណាឡើយ។ផ្ទុយទៅវិញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលការពារដីធ្លី តែង​ទទួលរងការធ្វើទុក្ខបុកម្នេ​​ញ និង​​គំ​​រាមកំហែងពីអាជ្ញាធរជាបន្តបន្ទាប់៕