អគ្គនាយកដ្ឋានពន្ធធានាគារ ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹង លើបុគ្គលឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង (William Guang) និងមាស សុភ័ក្រ្ត ប្រធានស្ដីទីគណបក្សខ្មែរក្រោកពីបទល្មើសច្បាប់ស្ដីពីវិសោធនកម្មគណបក្សនយោបាយ និងបទបញ្ជាផ្ទៃក្នុងធានារគារទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមលិខិតបំភ្លឺពីអគ្គនាយកដ្ឋានពន្ធធានាគារកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣បានឲ្យដឹងថាការបង្ហោះសារសម្លេងរបស់ពិរុទ្ធជនឈ្មោះសុខ សុវណ្ណវឌ្ឍនាសាប៊ុង នៅលើបណ្ដាញសង្គមនិងចែកចាយតគ្នា ពីមណ្ឌលកែប្រែទី១អគារ«ក»។
លិខិតបំភ្លឺដដែលបានបន្ថែមថា៖ «តាមការស្រាវជ្រាវពីមន្ត្រីជំនាញទូរគមនាគមន៍ សារសម្លេងត្រូវបានបញ្ចេញតាមទូរសព្ទអចល័ត (ជាប់ជញ្ជាំង)សម្រាប់ជនឃុំឃាំងប្រើប្រាស់ស្របច្បាប់កាលពីម៉ោង១៥:៤៧នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ទៅកាន់ឈ្មោះមាស សុភ័ក្ត្រ ប្រធានស្ដីទីគណបក្សខ្មែរគ្រោក និងត្រូវបានឈ្មោះនេះថតទុកពេលសន្ទនា ហើយយកទៅបង្ហោះក្នុងគណនី តិចតុក(Tiktok)កាលពីថ្ងៃទី១៦ តុលា ២០២៣»។
នាយកដ្ឋានពន្ធធានាគារបានជម្រាបជូនសាធារណជន និងបណ្ដាញព័ត៌មានថា ដោយទង្វើនេះជាសកម្មភាពល្មើសច្បាប់គណបក្សនយោបាយ មាត្រាទី២ ឆ្នាំ២០១៧និងល្មើសបទបញ្ជាផ្ទៃក្នុង អគ្គនាយកដ្ឋានបានចាត់វិធានការចាំបាច់ ត្រូវដាក់ពាក្យបណ្ដឹងពីករណីប្រើប្រាស់សារសម្លេង និងរូបភាពទណ្ឌិតជាប់ទោសមជ្ឈឹម ដើម្បីជាប្រយោជន៍របស់ គណបក្សខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ហើយបានដាក់ពិន័យជនជាប់ឃុំឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង (William Guang) មិនឲ្យប្រើទូរសព្ទអចល័ត និងមិនអនុញ្ញាតឲ្យញ្ញាតិសួរសុខទុក្ខរយៈពេលពីរសប្ដាហ៍៕