សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ នឹងប្រកាសសាលដីកានៅដើមខែវិច្ឆិកាខាងមុខនេះជុំវិញបណ្ដឹងទាស់​​ប្រ​​ឆាំ​​​​ងសាលក្រមសាលា​​ដំបូង​​ខេ​ត្ត​កោះកុងដែលសម្រេចចោទប្រកាន់អ្នកភូមិពីបទ«ញុះញង់ និងបរិហារកេរ្តិ៍​​ជា​​សា​​ធារណៈ» ទាក់ទិនជម្លោះដីធ្លីជាមួយអ្នកដែលមានប្រវត្តិទំនាស់ដីឈ្មោះ ហេង ហ៊ុយ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ លោក លឹម ស៊ីណាត បានប្រាប់គេហទំព័រ Newsroom C​​a​m​​b​​odia នៅថ្ងៃទី២៦ តុលា ថាក្រោយបញ្ចប់សវនការនៅព្រឹកនេះ ប្រធានក្រុមប្រឹក្សាជំនុំជ​​ម្រះ លោក សួន សំណាង បានសម្រេចកំណត់យកថ្ងៃទី ១១ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ជាថ្ងៃដែលត្រូវប្រកាសសាលដីកាក្នុងសំ​​ណុំ​​រឿងព្រហ្មទណ្ឌមួយនេះ។

លោកបន្តថា៖ «រឿងនេះជម្រះហើយ[ព្រឹកនេះ] គេលើកទៅប្រកាសទៅថ្ងៃទី ១១ ខែវិច្ឆិកា [ឆ្នាំ២០២៣វេលាម៉ោង៨ព្រឹក»


កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់ស​ក​ម្ម​​​​ជនដីធ្លីចំនួន៩នាក់ ក្រោមបទចោទ «បរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិ្តមា​​ត្រា ៣១១, ៣១២,​​​ ៤៩​​៤​ និ​​ង​​​៤៩៥ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅ ខេត្តកោះកុង។ដោយមិនសុខចិត្តចំពោះការកាត់ក្ដីរបស់សាលាដំបូងខេត្តកោះកុង តំណាងស​ហ​គមន៍ដីធ្លីឈ្មោះ«​​​​​​​​ន៍១​​៩​​៧» បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងប្រឆាំងនឹងសាលក្រមនេះ ដើម្បីទាមទារឱ្យសាលាឧទ្ធ​​រណ៍​​តំបន់ព្រះសីហនុ ជួយផ្តល់នូវយុត្តិធម៌។

តំណាងសហគមន៍ដីធ្លីមួយរូបដែលរងការចោទប្រកាន់ អ្នកស្រី ដេត ហ៊ួ និយាយថា ក្នុងសវនការព្រឹកនេះ មេ​​ធាវីដើមបណ្ដឹងបានលើកយកភស្តុតាងមួយចំនួន ដែលអ្នកស្រីយល់ថា​ ពុំអាចបញ្ជាក់ថា ដីកំពុងមានទំ​​នា​​ស់ជារបស់ លោក ហេង ហ៊ុយ នោះទេ។ 

អ្នកស្រីអះអាងថា ឯកសារជាច្រើនរបស់មេធាវីដើមបណ្ដឹង បានបង្ហាញថា ដីរបស់លោក ហេង ហ៊ុយ កំពុងកាន់កាប់នេះស្ថិតក្នុងភូមិឈូក ដែលវាផ្ទុយពីដីកំពុងមានទំនាស់គឺស្ថិតនៅក្នុងភូមិតានី ឃុំជីខលើ ស្រុកស្រែ​​អំបិល ខេត្តកោះកុង ។

អ្នកស្រីនិយាយថា៖ «ជាក់ស្ដែងពលរដ្ឋពួកខ្ញុំបាត់បង់ដីនៅភូមិតានី ដីដែលលោក ហេង ៊ុយបានអនុក្រឹត ស្ថិតនៅភូមិឈូកទេ តែលោក ហេង ហ៊ុយ បានយកដីពួកខ្ញុំនៅភូមិតានី ចឹងអត់មានភស្តតាងណាមួយដែលថា លោក ហេង ហ៊ុយ មានបណ្ណកម្មសិទ្ធិនៅភូមិតានី អត់មានទេ»

តំណាងសហគមន៍ដីធ្លី១៩៧ រូបនេះ ទទូចឱ្យចៅក្រមនៃសាលាឧទ្ធរណ៍ទម្លាក់បទចោទប្រឆាំង អ្នកតស៊ូ​ម​​តិ​​​​​​រឿងដីធ្លីទាំង៩នាក់ ដែលអ្នកស្រីចាត់ទុកថា តុលាការខេត្តកោះកុងបានកាត់ក្ដីដោយអយុត្តិធម៌។

អ្នកស្រីបន្តថា៖«ខ្ញុំសង្ឃឹមថាតុលាការនឹងទម្លាក់បទចោទនិងផ្ដល់សិទ្ធិសេរីភាពជូនពួកខ្ញុំហើយសម្ដេច[​​​លោ​​ក នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត] នឹងដោះស្រាយបញ្ហាដីជូនពួកខ្ញុំ» 

មិនខុសគ្នាទេ តំណាងសហគមន៍ដីធ្លី ៩៩៥ លោក ហាន ទៀត ដែលចូលរួមស្ដាប់សវនការដោយផ្ទាល់ និ​​យាយថា ពលរដ្ឋសហគមន៍ជិត១០០នាក់បានមកគាំទ្រតំណាងរបស់ពួកគេនៅមុខតុលាការព្រឹកនេះ។ 

លោកបន្តថា៖« (មូលហេតុមកគាំទ្រ) កគាត់អត់មានកំហុស ពួកគាត់គ្រាន់តែទាមទារសិទ្ធិរបស់ពួកគាត់​​​​ តុលាការ កាត់ក្ដីឱ្យពួកគាត់ទាំងអយុត្តិធម៌ឱ្យ បាត់បង់ដីធ្លីហើយ សាលាដំបូងកាត់ទោសគាត់ទៀត វាអត់ត្រឹមត្រូវ» 

កន្លងមក តំណាង«សហគមន៍១៩៧ » ធ្លាប់បានច្រានចោលការចោទប្រកាន់ ថាពួកគេបានបរិហារកេរ្តិ៍ លើ​ដើមបណ្ដឹងឈ្មោះ ហេង ហ៊ុយ ឬធ្វើសកម្មភាពណាមួយ ដែល​​បង្ក​ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដូចនៅក្នុងសាលក្រមរបស់តុលាការខេត្តកោះកុង។

ចំណែក  នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadh) លោក  អំ សំ  អាត  ទាមទារឱ្យសាលាឧទ្ធរណ៍ទម្លាក់បទចោទប្រកាន់លើសកម្មជនដីធ្លីទាំងនេះ ដោយលោកយល់ថា ស​ក​ម្មភាពរបស់សកម្មជនដីធ្លីនេះ គ្រាន់តែព្យាយាមរកដំណោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ពួកគេប៉ុណ្ណោះ។

លោកបន្តថា៖ «[ការកាត់ក្ដីរបស់តុលាការខេត្តកោះកុង]នោះគឺជាការដាក់បន្ទុក និងគម្រាមកំហែងលើ[…]សហគមន៍ដីធ្លីទាំងនោះបន្ថែមទៀត ដោយពួកគាត់គ្រាន់តែទាមទាររកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។[…] ដូច្នេះខ្ញុំសង្ឃឹមថាសាលាឧទ្ធរណ៍ព្រះសីហនុនឹងច្រានចោលសាលក្រមសាលាដំបូងខេត្តកោះ​​កុង​​»។

គេហទំព័រ Newsroom Cambodia ពុំអាចសូមការបញ្ជាក់បានទេ ទាំងអភិបាលស្រុកស្រែអំបិល លោ​​ក​ ជា​ ច័ន្ទកញ្ញា  និងអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមាន​​អ្ន​​​​ក​​ទទួល។ចំណែក លោក ហេង ហ៊ុយ ដែលជាដើមបណ្តឹងនៅក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ ក៏ពុំអា​​ច​​ស្វែ​​ងរកប្រភព ដើម្បីស្នើសុំការបំភ្លឺបានដែរ គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ។

ជុំវិញទំនាស់ដីធ្លីនេះ គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបន្តអូសបន្លាយជិត ២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៧ ដល់ពេលបច្ចុប្បន្ន​​។ពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ១២០០ ហិកតារ ជាមួយក្រុមហ៊ុ​​​នឧ​​កញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគ​ម​​ន៍​ នៅមិន​ទា​ន់​​​​​​​​​​​អាចរកច្រកចេញបាននៅឡើយ។

ចំណែកអាជ្ញាធរ និងភាគីពាក់ព័ន្ធតែងបដិសេធជារឿយៗ ពីការចោទប្រកាន់របស់ពលរដ្ឋ ដែលលើកឡើង​​ថា​​ការតស៊ូមតិរបស់ពួកគេ មិនដែលទទួលបានការការពារ និងដោះស្រាយដោយសន្តិវិធីពីអាជ្ញាធរ​ម្តងណាឡើយ។ផ្ទុយទៅវិញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលការពារដីធ្លី តែង​ទទួលរងការធ្វើទុក្ខបុកម្នេ​​ញ និង​​គំ​​រាមកំហែងពីអាជ្ញាធរជាបន្តបន្ទាប់៕