ការចិញ្ចឹមមាន់ស្រែនៅតាមទីជនបទដាច់ស្រយ៉ាល ក្នុងពេលបច្ចុប្បន្ននេះបានជួយឲ្យកសិករអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវិតគ្រួសារបានមួយផ្នែកដែរ។ ប្រភេទមាន់ស្រែនេះ អាចចាត់ទុកថាជាម្ហូបដែលពេញនិយមនៅលើទីផ្សារ និងមានតម្លៃខ្ពស់បើធៀបនឹងមាន់ចិញ្ចឹមដោយចំណី ឬជាប្រភេទមាន់កសិកម្ម។
លោក សយ ចាន់ណាត មានអាយុ៣៦ឆ្នាំ រស់នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យដឹងថារូបគេផ្ទាល់ចូលចិត្តវិស័យកសិកម្ម និងព្យាយាមស្វែងរកវិធី រហូតធ្វើឱ្យរូបគេក្លាយជាអ្នកទទួល បានភាពជោគជ័យនៅក្នុងវិស័យមួយនេះដល់ពេលបច្ចប្បន្ន។
បុរសដែលមានរាងខ្ពស់ សម្បុរសណ្តែកបាយ និងជាកូនទី៤ក្នុងគ្រួសារដែលមានសមាជិក៦នាក់ រៀបរាបថា ដោយសារមានបញ្ហាផ្នែកជីវភាពក្នុងគ្រួសារ រូបគេក៏ត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី១១។
ប្រភពបន្តថា ការចាប់ផ្តើមចិញ្ចឹមមាន់ពីដំបូងទីគឺរូបគេចាប់ផ្តើមដោយមាន់៥ក្បាល ហើយចំនួននេះចេះតែបន្តកើនឡើង មិនឈប់ឈរ។ក្នុងរយៈពេលប្រមាណជិត១០ឆ្នាំមកនេះ លោក សយ ចាន់ណាត បញ្ជាក់ថា ដោយការប្រឹងប្រែង មិនខ្លាចនឿយហត់ និងស្វែងរកមធ្យោបាយផ្សេងៗ រួមទាំងវិធីសាស្រ្តថ្មីៗ ទើបជំរុញឱ្យមុខរបរមួយនេះ ដើរដល់គោលដៅ ដូចពេលបច្ចុប្បន្ន។
លោកបន្តថា៖« បទពិសោធន៍របស់ខ្ញុំតាំងពី២០១៤បន្ទាប់មកដល់អីលូវប្រហែលជាងជិត១០ឆ្នាំដែរប៉ុន្តែកាលពីរចិញ្ចឹមតាំងពីដំបូងខ្ញុំចាប់ផ្តើមមេប្រហែលតែ៥ក្បាលរហូតមកដល់អីលូវ(មានការលូតលាល់) ប្រហែលជាង៥០០ក្បាល »។
ត្រូវជាបងប្រុសរបស់លោក សយ ចាន់ណា គឺលោក សយ ពុតថា បានលើកឡើងពីគុណសម្បត្តិរបស់ អ្នកវិនិយោគផ្នែកវិស័យកសិកម្មរូបនេះថា ជាមនុស្សដែលមានលក្ខខណៈសម្បត្តិសុភាបរាបសារ ហើយមនុស្សនៅជុំវិញខ្លួនតែងគោរពស្រលាញ់។ស្ថិតក្នុងវ័យ៣៩ឆ្នាំ ប្រភពដដែលអះអាងទៀតថាបងប្រុសរបស់ខ្លួនក៏ជាមនុស្សចូលចិត្តជួយការងារសង្គមដែរ។
លោកបន្តថា៖«គាត់ជាមនុស្សស្លូតបូតគាត់មនុស្សល្អតើនិយាយរួមទៅមនុស្សស្រុលភូមិឧស្សាហ៏និយាយរាប់អានគាត់ច្រើនចឹងហាណាមួយគាត់ធ្វើការងារក្នុងសហគមន៍ផងគាត់ខាងអង្គការផងហើយគាត់អឺខាងការងារក្រុមសង្កាត់ផងចឹងទៅនិយាយរួមទៅគាត់មានមនោចសនាច្រើន ហើយខាងសហគមន៍ ខាងបន្លែរខាងអីកសិកម្មគាត់ចូលរួមជាមួយខេត្តជាមួយអីច្រើន »។
មិនខុសគ្នាទេ អ្នកស្រី ឡុង ដាលីន ដែលត្រូវជាប្អូនស្រីរបស់លោក សយ ចាន់ណា ក៏ឯកភាពដែរថា បងប្រុសរបស់អ្នកស្រីគឺជាមនុស្សដែលឧស្សាហ៍ព្យាយាមធ្វើកិច្ចការងារខាងកសិកម្ម។មានវ័យប្រមាណ២៩ឆ្នាំ អ្នកស្រីបន្តថា ក្រៅពីការងារស្នូលផ្នែកវិស័យកសិកម្មនេះ បងប្រុសរបស់ខ្លួនក៏តែងជួយការងារសង្គម ហើយក៏ជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនដែរ។
អ្នកស្រីបន្តថា៖«គាត់ជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការមិនដែលឈប់ផងគាត់ជាមនុស្សរុះរាយពូកែរនិយាយចិត្តល្អ គាត់ធ្វើការងារសង្គមច្រើន »។
សម្រាប់លោក សយ ចាន់ណា វិញ បានបញ្ជាក់ថា ផ្តើមពីការងារចិញ្ចឹមមាន់ជំហានដំបូងរបស់លោក គឺចេញពីកសិដ្ឋានចិញ្ចឹមពីតូចទៅធំ។ក្រៅពីនេះ ប្រសិនពលរដ្ឋមានបំណងចង់បង្កើតកសិដ្ឋានចិញ្ចឹមមាន់ ដែលមានលក្ខខណៈបច្ចេកទេសត្រឹមត្រូវ ទុនដែលត្រូវក៏មិនក្រោមមួយម៉ឺនដុល្លារអាមេរិកដែរ។
លោកបន្តថា៖«ខ្ញុំចាប់ផ្តើមពីតូចទៅទេផ្តើមពីមេប្រាំក្បាលហើយចាប់ផ្តើមពីរោងប្រក់ភ្លឹកបាំងអាសីរោងទទឹង៤ម៉ែត្របណ្តោយ៦ម៉ែត្រនឹងចាប់ផ្តើមពីតិចទៅ ពេលដែរលក់បានមកចេះតែឆ្លៀតៗហើយនឹងខ្ចីទន់ពីធនាគាខ្លះអីចឹងទៅយកមកធ្វើបន្ថែមអីចឹងទៅ។អឺសព្វថ្ងៃនឹងរោងដែកនឹងវាទទឹង១២ម៉ែត្របណ្តោយ២៥ម៉ែត្រហើយបូកផ្សំពីរោងបង្កើតពីសិប្បនិមិត្តនឹង ជាទូទៅចំណាយល្បាកល្បាត១ម៉ឺនដុល្លារ ១ម៉ឺនជាងនឹងសម្រាប់ធ្វើទូភ្ញាស់នឹងចំណាយអស់ល្បាកល្បាតប៉ុណ្ណឹង » ។
បើតាមលោក សយ ចាន់ណា ការចិញ្ចឹមមាន់ ទាមទារត្រូវមានគោលការណ៍ត្រឹមត្រូវ និងយល់ដឹងពីលក្ខខណៈបច្ចេកទេសច្បាស់ក្នុងការថែទាំ។ជាងនេះទៀត ការចិញ្ចឹមមាន់រាល់ថ្ងៃរបស់លោកក្រៅពីអនុវត្តតាមបែបធម្មជាតិហើយ ក៏នៅមានបង្កាប់តាមរបៀបសិប្បនិមិត្តដែរ។ហើយធ្វើដូច្នេះ មានភាពងាយស្រួល និងទទួលបានទិន្នផលខ្ពស់។ម្យ៉ាងទៀត វិធីនៃការបង្កាត់បែបសិប្បនិមិត្តនេះ ក៏មានភាពងាយស្រួលដែរសម្រាប់កសិករយកទៅអនុវត្ត។ចំពោះការផ្តល់ចំណី និងថ្នាំការពារ ផ្សំតាមបែបធម្មជាតិ មិនចំណាយថវិការច្រើនក្នុងការថែទាំ ជាពិសេសសត្វវាធន់នឹងជំងឺ ដែលអាចជួយផ្តល់ប្រាក់ចំណូលទ្វេរដងសម្រាប់អ្នកចិញ្ចឹម។
ដោយឡែក អ្នកស្រី ញឹម សារ៉ាត់ ដែលជាអ្នកជិតខាងនិងលោក សយ ចាន់ណា ទទួលស្គាល់ថាជាមនុស្សដែលមានចរិតស្លូតបូត និងយកអាសារអ្នកដទៃ។មានវ័យ៣៥ ឆ្នាំ ប្រភពដដែលបន្តថា គ្រួសារលោក សយ ចាន់ណា នេះអាចចាត់ទុកជាគ្រួសារមួយដែលមានសុភមង្គល ព្រោះគេកម្រឃើញមានការបង្កបញ្ហា ឬប្រើប្រាស់ហិង្សានៅក្នុងគ្រួសារទេ។
អ្នកស្រីបន្តថា៖«អត្តចរិតសម្បត្តិខាងក្រៅរបស់គាត់ជាមនុស្សល្អណាស់ហា រប្រៀបថាបើជាមួយនឹងគ្រួរសារបស់គាត់វិញគាត់អត់ចេះឈ្លោះទោះទែងគ្នាទេហើយជាមួយនឹងអ្នកជិតខាងក៏អត់មានអ្នកឈ្លោះទស់ទែងគ្នាអីដែរគាត់ជាមនុស្សល្អ » ។
លោក សយ ចាន់ណា ឱ្យដឹងថា ប្រាក់ចំណូលដែលបានមកពីការចិញ្ចឹមមាន់នេះ អាចទទួលបានទិន្នផលខ្ពស់គិតចាប់ពីខែ វិច្ឆិកា ដល់បុណ្យចូលឆ្នាំខ្មែរ។ក្រៅពីនេះ តម្លៃមាន់លក់មិនសូវបានថ្លៃប៉ុន្មានទេ ព្រោះជា នៅរដូវវស្សា ដែលមាន់ត្រូវការកម្ពៅ ហើយក៏ជាពេលវេលាមួយដែលត្រូវការថែទាំ ក្នុងកម្រិតមួយខ្ពស់។បើមិនដូច្នេះទេ មាន់ងាយឈឺ និងផ្តល់ផលអាក្រក់ដោយប្រការណាមួយ សម្រាប់សុខភាពមាន់។
បើតាមលោក សយ ចាន់ណា ធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសនៃការចិញ្ចឹមមាន់នេះ ពីមន្ទីរកិសកម្មខេត្តកំពង់ឆ្នាំ និងអង្គការដៃគូដទៃទៀត ទម្រាប់ធ្វើឱ្យជីវិតរបស់លោកឈានមកដល់ថ្ងៃនេះ។ប្រភពបន្តថា រូបគេចាប់ផ្តើមរៀនពីវិធីចិញ្ចឹមមាន់នេះ តាំងពីឆ្នាំ២០១៤ បន្ទាប់ពីទទួលបានចំណេះដឹងផ្នែកចិញ្ចឹមមាន់នេះ រូបគេក៏ទទួលបានឱកាសចុះធ្វើកម្មសិក្សានៅមានការរដ្ឋានចិញ្ចឹមមាន់ធំៗ មួយចំនួនដែរ។
ប្រភពដដែលបន្តថា ក្រៅពីធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលខ្លី ស្តីពីបច្ចេកទេសនៃការចិញ្ចឹមមាន់នេះហើយ ខ្លួនក៏ធ្លាប់ទទួលបានការអប់រំផ្នែកពេទ្យសត្វទៀតដែរ។
សម្រាប់មន្រ្តីសម្របសម្រួលកម្មវិធីរបស់អង្គការជីវិតថ្លៃថ្នូរ អ្នកស្រី នង ចាន់កុសល ទទួលស្គាល់ថា លោក សយ ចាន់ណា គឺជាមនុស្សដែលមានឥរិយាបថល្អ និងអត្តចរិកស្លូតបូត។មានវ័យ ២៦ឆ្នាំ ប្រភពបន្តថា ក្រៅពីមានសុជីវធម៌ហើយ លោក សយ ចាន់ណា នេះក៏ជាអ្នកដែលចូលចិត្តចែករំលែកផ្នែកកសិកម្មនេះ ទៅដល់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាមួយគ្នាដែរ។
អ្នកស្រីបន្តថា៖«អរិយាបទក្នុងការរៀនសូត្រ គាត់មានអរិបថល្អគាត់ព្យាយាមចែករំលែកល្អចំណេះដឹងដែរគាត់បានរៀនសូត្រមិនថាពីខាងបងឬស្ថាប័នផ្សេងៗទេគាត់តែងតែចូលចិត្ត។យ៉ាត ស៊ីធឿន ជាបុគ្គលិកខាងអង្គការ FNN បណ្តាញកសិករ និងធម្មជាតិ គម្រោងរបស់គាត់ធ្វើការទាក់ទងនឹងបន្លែស្រូវមាន់នឹងហើយ បើខាងទាក់ទងនឹងការបង្រៀនបញ្ចេកទេសខាងការចិញ្ចឹមមាន់ បានផ្តល់ជាអំពូលមាន់នឹងខាងអីខ្លះ »។
មិនខុសគ្នាទេ មន្រ្តីគម្រោងនៃសមាគមបណ្ដាញកសិករ និងធម្មជាតិ (FNN) លោក យ៉ាត ស៊ីធឿង ក៏ទទួលស្គាល់ថា លោក សយ ចាន់ណា មានចំណេះដឹងទូលំទូលាយផ្នែកកសិកម្មនេះ។ម្យ៉ាងវិញទៀត នៅអំឡុងពេលរៀនសូត្រ សិក្ខាកាមម្នាក់នេះ មិនចេះវាយឬក ឆ្មើងឆ្មៃ ហើយតែងចែករំលែកចំណេះដឹងដល់មិត្តរួមជំនាន់ជានិច្ច។បន្ថែមពីលើនេះទៀត រូបគេក៏ជាយុវជនម្នាក់ដែលចូលចិត្តចូលរួមជួយការងារនៅក្នុងសហគមន៍ដែរ ដូចជាជួយដើរប្រមូលទិញមាន់ ដែលបម្រើឱ្យសេចក្តីត្រូវការនៅក្នុងសហគមន៍ជាដើម។
លោកបន្តថា៖«ជារួមមកខ្ញុំបានដឹងថាគាត់មិនមែនបានពីរវគ្គបណ្តុះបណ្តាលពីខាង FNN តែមួយទេគឺគាត់បានមករៀនវគ្គបណ្តុះបណ្តាលពីខាងគម្រោងអាស្បាយក៏ដូចជាអង្គការពាក់ពន្ធ័នាៗក៏ដូចជាអង្គការថ្លៃថ្លូរអីជាដើមនឹង គាត់បានទទួលវគ្គបណ្តុះបណ្តាលច្រើន […] ទោះបីជាគាត់មានដើមទុនវគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់ច្រើនប៉ុន្តែយើងអញ្ជើញគាត់មកវគ្គបណ្តុះបណ្តាលក៏គាត់ចង់បានចំនេះដឹងបន្ថែមពីលើអ្វីដែរគាត់មានស្រាប់នឹងគាត់អឺ គាត់យកចិត្តទុកដាក់សួរនាំច្រើនជាពិសេសគឺចំណុចដែលគាត់ចែករំលែកបានគឺគាត់ចែករំលែកទៅដល់កសិករផ្សេងទៀតមិនដែលគិតថាកសិករនេះចេះអីទេ »។
ចំណែក ប្រធានមន្ទីកសិកម្ម រក្ខាប្រមាញ់ និងនេសាទប្រចាំខេត្តកំពង់ឆ្នាំង លោក ងិត ហ៊ុន សារទរចំពោះទិន្នផលដែលពលរដ្ឋសម្រេចបាននៅពេលនេះ។ក្នុងនាមស្ថាប័នជំនាញ លោក ងិត ហ៊ុន អះអាងថា មន្ទីរកសិកម្មខេត្ត តែងជួយជ្រោមជ្រែងជានិច្ចទាំងផ្នែកបច្ចេកទេស និងទីផ្សារសម្រាប់កសិករដែលផលិតបាន ហើយខ្វះទីតាំងសម្រាប់លក់ចេញ។
លោកបន្តថា៖«មន្ទីកសិកម្មបានស្វែងរកទីផ្សាអឺជូនកសិករតាមអឺការចិញ្ចឹមនឹងការផលិត ទីមួយពាក់ពន្ធ័នឹងយើងបានអឺការរៀបចំក្រុមផលិតជាពិសេសការសហគមន៍អនុវត្តកសិកម្មដើម្បីអោយគាត់ដឹងផលិតរួមគ្នាហើយស្របតាមតម្រូវការទីផ្សាហើយអឺមានតាំងគុណភាពនឹងសុវត្ថិភាពចឹងទេបើយើងផលិតបានហើយរៀបចំឈានទៅដល់ចុះកិច្ចសន្យាទិញលក់ជាមួយអឺនឹងសហគមន៍ក៏ដូចជាក្រុមផលិតអឺជាមួយនឹងក្នុងវិស័យឯកជន ហើយក៏ដូចជាទីផ្សានៅក្រៅខេត្តឬក៏នៅក្នុងខេត្ត »។
ទោះបីជាបែបណា លោក សយ ចាន់ណា ឱ្យដឹងថាតាមពិតទៅនៅពីក្រោយនៃលទ្ធផលដូចដែលលោកកំពុងមានសព្វថ្ងៃនេះ គឺភាពបរាជ័យបានកើតឡើងចំពោះរូបលោកជាច្រើនដងមកហើយ និងមានពេលខ្លះស្ទើរតែធ្វើឱ្យរូបគេចង់បោះបង់ការងារនេះចូលម្តងម្កាល់ដែរហើយ។
បើតាមលោក សយ ចាន់ណា នៅចំពោះមុខនៃបញ្ហាដែលលោកធ្លាប់មានគឺ មិនទាន់មានជំនាញគ្រប់គ្រាន់ក្នុងការចិញ្ចឹមមាន់ ដែលជាហេតុធ្វើឱ្យមាន់ដែលចិញ្ចឹមត្រូវឈឺ និងងាប់ជាបន្តបន្ទាប់។ជាងនេះទៀត ដៃគូចូលហ៊ុនជាមួយគ្នា ជួបបញ្ហាដើមទុនថែមទៀត ទាំងនេះគឺជាឧបសគ្គដែលដែលធ្វើឱ្យរូបគេ ចង់បោះបង់មុខរបរនេះចោល និងស្វែងរកការងារថ្មីធ្វើជំនួសវិញ។ប៉ុន្តែដោយការព្យាយាម និងមានចេញស្រលាញ់វាផង ក៏ចេះតែបន្តការតស៊ូ និងអត់ធ្មត់ រហូតទទួលបានលទ្ធផលដូចបច្ចុប្បន្ននេះ។
លោកបន្តថា«ខ្ញុំចាប់ផ្តើមពីឆ្នាំ២០១៤ ឆ្នាំ២០១៥ខ្ញុំបរាជ័យងាប់មេមាន់អស់៣០ក្បាលអីចឹងខ្ញុំចាប់ផ្តើមមុនដំបូងមាន់ប្រាំក្បាលឡើង១០ ២០ ៣០ ដល់មេមាន់៣០មេមាន់ងាប់អស់អីចឹង។ ដោយសារតែខ្ញុំចិញ្ចឹមមាន់មួយវគ្គនឹងខ្ញុំដើររកស៊ីជាមួយនិហមិត្តភក្រលក់អីមួយចំនួនតាពេលហើយគេមិនបង្វិលលុយឲ្យខ្ញុំទៅ ហើយខ្ញុំខ្វះខាតលុយ គាប់ជួនពេលហ្នឹងជីវភាពគ្រួសារទៀតខ្វះខាត[…] ខ្ញុំក៏លក់មាន់លក់អីអស់មួយសារហើយដ៏ពេលខ្ញុំខ្វះលុយចាប់ផ្តើមវិញខ្ញុំក៏ទៅរៀនកូរ៉េ »៕