សេចក្តីព្រាងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ និងសាក្សី ដែលមានគោលបំណងការពារ និងលើកទឹកចិត្តពលរដ្ឋ និងសង្គមស៊ីវិលឱ្យហ៊ានបង្ហាញពីការពិតនៃបញ្ហាសង្គម ពេលនេះបានទៅដល់ដំណាក់កាលក្រសួងយុត្តិធម៌ ពិនិត្យខ្លឹមសារ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា លើប្រធានបទ កិច្ចដំណើរការនីតិកម្មនៃសេចក្តីព្រាងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ និងសាក្សី។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើគណនីFeacbook ផ្លូវការរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងក្រសួងយុត្តិធម៌ មិនបានឆ្លើយតបសំណួរពី Newsroom Cambodia អំពីកិច្ចដំណើរការនីតិកម្មនៃសេចក្តីព្រាងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ និងសាក្សី ខាងលើនេះ។
លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ Newsroom Cambodia ថា «សេចក្តីព្រាងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ និងសាក្សី មិនមែនជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលបន្ទុកក្នុងការរៀបចំ ឬក៏តាក់តែងទាំងស្រុងអីទេ»។
លោក សុខ សំអឿន មេធាវីប្រចាំអង្គការតម្លាភាពកម្ពុជាបានលើកឡើងថា ច្បាប់នេះ ជាច្បាប់សម្រាប់ការពារមន្ត្រីថ្នាក់ក្រោមដែលរាយការណ៍អំពីអំពើពុករលួយដែលកើតមាននៅក្នុងស្ថាប័នរបស់ខ្លួន ជាពិសេសថ្នាក់លើដើម្បីកុំឲ្យបាត់បង់មុខតំណែងការងារនៅក្នុងស្ថាប័នរបស់រដ្ឋ។
លោក មេធាវី បានបញ្ជាក់ផងដែរថា «ប្រសិនបើខ្លឹមសារនៃច្បាប់មានលក្ខណៈល្អប្រសើរ នឹងអាចធ្វើឱ្យអ្នករាយការណ៍កើនឡើងកាន់តែច្រើន មន្ត្រីដែលប្រព្រឹត្តអំពើពុករលួយនិងអាចមានការថយចុះ»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីឆ្នាំ២០១៦ ក្នុងពិធីសិក្ខាសាលាមួយ បានលើកឡើងថា ច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ គឺមិនមែនសម្រាប់តែការងារប្រឆាំងអំពើពុករលួយមួយទេ សម្រាប់គ្រប់វិស័យព្រហ្មទណ្ឌ ខាងប្រឆាំងគ្រឿងញៀនក៏ត្រូវការប្រើប្រាស់ច្បាប់នេះ ដើម្បីការពារសាក្សី ខាងអនីតិជន ខាងបទល្មើសផ្សេងៗទៀត។ តែតួអង្គទី២ បុគ្គលរាយការណ៍ គឺចំពោះមុខធ្វើឡើងដូចប្រទេសជាច្រើន ដើម្បីការងារប្រឆាំងប្រឆាំងអំពើពុករលួយ។
លោក ព្រាប កុល អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ចាត់ទុកថា ច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ គឺជាច្បាប់សំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ដូចជាការទប់ស្កាត់នូវបទល្មើសផ្សេងៗទៀត។ ឧបមាថា យើងមានអ្នករាយការណ៍ព័ត៌មានកាន់តែច្រើន ហើយអ្នករាយការណ៍ព័ត៌មានដឹងអំពីការប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ គឺយើងអាចទប់ស្កាត់បទល្មើសនោះបាន។
ហើយបុគ្គលដែលជាសាក្សី បើគាត់មានការជឿទុកចិត្ត និងការចូលរួមធ្វើសាក្សី ដោយមានការការពារពីច្បាប់ នាំឱ្យយើងងាយស្រួលក្នុងការស្វែងរកជនល្មើស ងាយក្នុងការប្រមូលភស្តុតាង និងចាប់វិធានការដើម្បីដាក់ទោសជនប្រព្រឹត្តបទល្មើស។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ របស់វិទ្យុបារាំងអន្តរជាតិ។
សេចក្តីព្រាងច្បាប់ គឺជាអត្ថបទច្បាប់កំពុងរៀបរៀង ដែលគំនិតផ្តើមចេញពីរដ្ឋាភិបាល។ នៅកម្ពុជា ដើម្បីបង្កើតច្បាប់បាន នីតិករ ឬអ្នកតាក់តែងច្បាប់ត្រូវរៀបចំជាសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់(ដំណាក់កាលទី១) ដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី(ដំណាក់កាលទី២) ក្នុងការពិនិត្យ ហើយបន្តទៅរដ្ឋសភា(ដំណាក់កាលទី៣) ហើយបន្តទៅព្រឹទ្ធសភា(ដំណាក់កាលទី៤) និងបន្តទៅព្រះមហាក្សត្រប្រកាសឱ្យប្រើ(ដំណាក់កាលទី៥) ជានីតិវិធីអនុម័តច្បាប់ទូទៅ។
បើដំណាក់កាលនីមួយៗគ្មានបញ្ហា ទើបច្បាប់នោះអាចយកទៅអនុវត្តបានទៅតាមខ្លឹមសារនៃច្បាប់។ នីតិករ ឬអ្នកតាក់តែងច្បាប់ គឺអាចជាវត្តមាន ក្រសួង ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល អ្នកជំនាញ និងបុគ្គលសំខាន់ៗផ្សេងទៀត រួមគ្នាដើម្បីបង្កើតជាច្បាប់ដែលរដ្ឋ និងពលរដ្ឋចង់បាន។
មកដល់ត្រឹមខែតុលា ឆ្នាំ២០២៣ ពេលនេះពលរដ្ឋ និងសង្គមស៊ីវិល អាចតាមទាន់ដឹងយ៉ាងច្បាស់ថា សេចក្តីព្រាងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ និងសាក្សី បានកំពុងត្រួតពិនិត្យនៅដំណាក់កាលទី១ (ដំណាក់កាលពិភាក្សារបស់ស្ថាប័នជំនាញផ្សេងៗ) នៃការធ្វើច្បាប់ ហើយត្រូវបន្តរងចាំអនុវត្តតាមដំណាក់កាលនីមួយៗនៃការធ្វើច្បាប់បន្ត៕