គណបក្សភ្លើងទៀន មានសុទិដ្ឋិនិយមថា នឹងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិការទី៥ ឆ្នាំ២០២៣ តាមយន្តការដែលកំពុងតែដំណើរការដូចបានព្រមព្រាងក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលគណបក្សនយោបាយនៅក្រៅដ្ឋាភិបាលទាំង៤ បានពិគ្រោះគ្នារួចដើម្បីជំរុញឱ្យមានដំណើរការប្រជាធិបតេយ្យមួយដ៏ពិតប្រាកដនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់ Newsroom Cambodia ថា ប្រសិនបើគណបក្សក្រៅរដ្ឋាភិបាលមួយនេះ មិនអាចចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានដោយផ្ទាល់ទេ មានន័យថា ការចង់សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង៤ នៅតែជាផ្នែកមួយដែលអាចចូលរួមបោះឆ្នោតបានដូចគ្នា។លោកបន្តថា គណបក្សភ្លើងទៀននឹងគាំទ្រជានិច្ច ចំពោះសម្ព័ន្ធភាពរបស់ខ្លួន ដែលអាចជ្រើសរើសគណបក្សណាមួយក្នុងចំណោមសម្ព័ន្ធភាពនេះ ឱ្យធ្វើជាគណបក្សតំណាងសម្រាប់ចូលរួមប្រកួត ក្នុងន័យដើម្បីលើកកម្ពស់ឱ្យមានដំណើរការប្រជាធិបតេយ្យឡើងវិញ តាមយន្តការសភា។
លោកបន្ថែមថា៖« ថ្វីត្បិតតែគណបក្សភ្លើងទៀនមិនអាចចូលរួមដោយផ្ទាល់ គណបក្សភ្លើងទៀននៅតែដើតួនាទីយ៉ាងសំខាន់ដើម្បីជាពន្លឺបំភ្លឺផ្លូវដល់គណបក្សផ្សេងៗនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅគោលដៅស្តាឡើងវិញលិទ្ធិប្រជាធិបតេយ្យ»។
ក្រៅពីនេះ បើតាមលោក គីមសួរ ភីរិទ្ធ ការចង់សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៨ផ្សេងទៀត ជាមួយនិងគណបក្សប្រជាជនកម្ពុជាថ្មីៗនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីដំណើរការប្រជាធិបតេយ្យ ហើយការអនុវត្តរបៀបនេះ វាមិនមែនជារឿងអីដែលថ្មីទេសម្រាប់បរិបទនយោបាយ នៅកម្ពុជា។ម្យ៉ាងវិញទៀត ការចរន្តនេះ បង្ហាញថាស្ថានភាពនយោបាយនៅកម្ពុជា កំពុងប្រកាន់គោលនយោបាយស្តាំនិយម និងឆ្វេងនិយម ហើយក៏ងាយនឹងធ្វើឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការកត់ចំណាំដែរ។
លោកបន្តបន្តថា៖« ការចងសម្ព័ន្ធនៃគណបក្សចំនួន២៨ រួមទាំងគណបក្សប្រជាជនកម្ពុជាផងនោះ លោកយល់ថាមិនមានអ្វីចម្លែកឡើយព្រោះការនេះគឺស្របទៅតាមច្បាប់ និងតាមសង្គមមួយដែលមានលិទ្ធិប្រជាធិបតេយ្យសេរីហើយការចងសម្ព័ន្ធនេះមានផលវិជ្ជមានផងដែរចំពោះគណបក្សម្ខាងទៀត(សម្ព័ន្ធឆ្ពោះទៅអណាគត) ព្រោះបញ្ជាក់យ៉ាងច្បាស់ថានយោបាយនៅក្នុងស្រុកយើងមើលទៅមានពីរច្បាស់ គឺស្តាំ ឬក៏ឆ្វេង[…]អញ្ជឹងការចងសម្ព័ន្ធបានធ្វើឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងសម្រេចចិត្ត »។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្សនយោបាយចំនួន៤ រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានបង្កើតសម្ព័ន្ធភាពឆ្ពោះទៅអនាគតរួមគ្នា ក្នុងគោលបំណងដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជា។គេសង្កេតឃើញថាក្រោយសម្ព័ន្ធរបស់គណបក្សនៅក្រៅរដ្ឋាភិបាលទាំងនេះ បង្កើតសម្ព័ន្ធភាពបាន១៥ថ្ងៃ ពោលកាលពីថ្ងៃ២៥ ខែតុលា គណបក្សនយោបាយចំនួន២៨ ផ្សេងទៀត ក៏បានចូលរួមចង់ជាសម្ព័ន្ធភាពដែរ ជាមួយនិងគណបក្សប្រជាជនកម្ពុជា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលធ្វើឡើងតាមបែបអសកលនេះ នឹងប្រព្រឹត្តទៅ៦ឆ្នាំម្តង។
ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា ការចងសម្ព័ន្ធរបស់គណបក្សនយោបាយគឺជាសិទ្ធិសេរីភាពទូលំទូលាយដែលមាននៅកម្ពុជា។ផ្ទុយទៅវិញ ការចង់សម្ព័ន្ធភាពរបស់គណបក្សនយោបាយទាំង៤ កាលពីពេលថ្មីៗនេះ លោកចាត់ទុកថា វាគឺជាចរន្តប្រឆាំង។មួយវិញទៀត បើទោះជាកម្លាំងរួមគ្នានេះ ក៏មិនប្រាកដថាអាចមានប្រៀបជាមួយគណបក្សប្រជាជនកម្ពុជាបានដែរ ព្រោះគណបក្សនេះជាគណបក្សដែលចាស់វស្សា និងមានគណបក្សជាសម្ព័ន្ធមួយចំនួនដែរ ចូលរួមជាគណបក្សកាន់អំណាចនេះ។
លោកបញ្ជាក់ថា៖ «ដូចនេះខ្ញុំយល់ថាសម្ព័ន្ធភាពគណបក្ស២៨ រួមទាំងគណបក្សប្រជាជនកម្ពុជានៅក្នុងនោះជាសម្ព័ន្ធភាពដែលជាកម្លាំងនយោបាយដ៏រឹងមាំ បើប្រៀបធៀបនៅក្នុងសង្គមកម្ពុជាដែលមានគណបក្សនយោបាយជាងសែសិបគណបក្សដែលបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ គឺសម្ព័ន្ធទាំង២៨គណបក្សគឺជាសម្លេងគ ណ បក្សដ៏ច្រើនលើសលុប »។
និសិត្សផ្នែកច្បាប់ប្រាប់ លោក វ៉ន ចាន់ឡូត ប្រាប់គេហទំព័រ Newsroom Cambodia ថាចំពោះករណីនេះលោកមើលឃើញថា ការចងសម្ព័ន្ធឆ្ពោះទៅអនាគត ធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋដែលជាម្ចាស់ឆ្នោត គឺគណបក្សទាំងបួនមិនព្រមទទួលផលប្រយោជន៍ពីគណបក្សកាន់អំណាច បែជាចងសម្ព័ន្ធជាមួយគ្នាក្នុងកាលៈទេសៈដែលលំបាកនេះទាំងការទទួលរងសម្ពាធ និងការគៀបសង្គត់គ្រប់ទម្រង់។
លោកបន្តថា៖«ជារួមខ្លឹមសារនៃការរួបរួមនេះល្អប្រសើរ ប៉ុន្តែរនៅមានឧបសគ្គមួយចំនួន ទីមួយគឺទាក់ទិនទៅនឹងគណបក្សភ្លើងទៀន ដូចបានដឹងហើយថាគណបក្សភ្លើងទៀន មុនមានការប៉ោះឆ្នោតសភាជាតិគណបក្សនេះមិនអាចចូលរួមបោះឆ្នោតបានទេដោយសាបញ្ហារដ្ឋបាល […]មួយវិញទៀតឃើញថាសម្ព័ន្ធភាពនេះ គឺគណបក្សបីផ្សេងទៀតមានតែទម្រង់គឺសំបក គណបក្សដែលមានកម្លាំងគាំទ្រពិតប្រាកដជាក់លាក់មិនមានទេ ម្លោះសំបកបីគ្របលើខ្លឹមមួយ ខ្លឹមសំដៅលើគណបក្សភ្លើងទៀនដែលមាននៅអ្នកគាំទ្រ។ នេះជាមូលហេតុនេះខ្ញុំមើលឃើញថាសម្ព័ន្ធភាពនេះមិនអាចនៅជាយូអង្វែងនោះទេ »។
បើតាមលោក វ៉ន ចាន់ឡូត ក្នុងករណីសម្ព័ន្ធភាពនេះមិនជួបឧបសគ្គដោយប្រការណាមួយទេ ពិតណាស់ថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសសភានៅពេលខាងមុខនឹងនាំឱ្យសម្ព័ភាពឆ្ពោះទៅអនាគត អាចទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភា ហើយអាចនឹងឈានទៅទទួលបានអាសនៈនៅសមាជិកក្រុមប្រឹក្សាស្រុក រាជធានី ខេត្តថែមទៀត។
បើទោះបែបណា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ គណបក្សភ្លើងទៀន ត្រូវបានបិទទ្វារក្រោយហេតុផលថា ខ្វះឯកសាររដ្ឋបាល៕ការបិទផ្លូវមិនឱ្យគណបក្សប្រឆាំងបានចូលរួមបោះឆ្នោតនេះ ត្រូវរង់ការរិះគន់ថាសិទ្ធិនយោបាយនៅកម្ពុជា ត្រូវបានរឹតត្បិត និងជំរុញឱ្យដំណើរការប្រជាធិបតេយ្យកាន់តែរួមតូច៕