គ្រឿងញៀន កំពុងតែជាបញ្ហាប្រឈមខ្លាំងមួយសម្រាប់ក្នុងសង្គមកម្ពុជា។ ស្ទើតែរៀងរាល់ថ្ងៃគេតែងឃើញមានការបង្រ្កាបអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាច្រើនករណី ប៉ុន្តែការជួញដូរ និងប្រើប្រាស់នៅតែបន្តកើតមាន ខណៈគ្រឿងញៀនជះឥទ្ធិពលអាក្រក់ដល់ការរីកចម្រើនរបស់ប្រទេស។
ខាងក្រោមនេះគឺ ជាកិច្ចសម្ភាសន៍ផ្ទាល់រវាងឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយកញ្ញា ផន ចន្ទ្រា សិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ជម្រាបសួរលោកឧត្ដមសេនីយ៍ មាស វីរិទ្ធ!
A: បាទជម្រាបសួរ!
Q: តើការប្រើប្រាស់គ្រឿងញៀននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានស្ថានភាពបែបណាដែរ?
A: បច្ចុប្បន្នកំពុងរីករាលដាលដល់ស្រទាប់យុវវ័យ ជាពិសេសយុវជនដែលមានអាយុក្នុងចន្លោះពី១៨ទៅ៣៥ឆ្នាំ ហើយការសេពគ្រឿងញៀននេះវាមានលក្ខណៈជាច្រើនប្រភេទនៃគ្រឿងញៀន ប៉ុន្តែយើងបានធ្វើការកត់សម្គាល់ភាគច្រើនអ្នកប្រើប្រាស់ដែលមានមុខរបរជាកម្មករ ឬក៏ជាអ្នកមិនមានការងារធ្វើពិតប្រាកដ ឬក៏អ្នកធ្វើកិច្ចការងារធ្ងន់ ហើយពាក់ព័ន្ធទៅនឹងមុខរបរពេលរាត្រី ដូចជាបម្រើការកំសាន្តសប្បាយ អ្នកបើកបររថយន្តធុនធំទាំងដឹកទំនិញ ឬក៏ដឹកកម្មករ។
អ៊ីចឹងគាត់ប្រើប្រាស់ប្រភេទមេតង់ពីតាមីន នៅក្នុងរូបភាពជក់ មេតង់ពីតាមីនអាយ និងគ្រាប់ ឯសារធាតុញៀនផ្សេងទៀតដូចជាហេរូអ៊ីន ប្រើប្រាស់ដោយចាក់ ប៉ុន្តែមានមនុស្សតិចដែលបានប្រើប្រាស់ប្រភេទហេរូអ៊ីនចាក់បញ្ចូលតាមសសៃឈាម គឺយើងសង្កេតឃើ់ញថាមានអ្នកមកទទួលសេវាបន្សាបព្យាបាលសារធាតុញៀនហេរូអ៊ីននេះ ប៉ុន្មានក្នុងរង្វង់ពី៧០ទៅ៨០នាក់សម្រាប់អ្នកដែលមកទទួលសេវា អាចមានអ្នកមិនមកទទួលសេវាព្យាបាលអាចមានច្រើនតែមិនលើសពី១០០០នាក់ទេនៅក្នុងរាជធានីភ្នំពេញ។
ហើយប្រភេទថ្នាំញៀនមួយទៀតនោះ គឺប្រភេទគ្រឿងញៀនដែលគេប្រើប្រាស់នៅតាមកន្លែងកំសាន្តសប្បាយ មានដូចជាថ្នាំអ៊ិចស្តាស៊ីដែលគេហៅថា MDMA ឬ MVA ឬក៏ MDEA ដែលទាំងអស់និងគេហៅថាថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីស និងគ្រឿងញៀនមួយមុខទៀតនោះគឺប្រភេទកេតាមីន ដែលគេហៅក្រៅថាម្សៅK អានឹងគេប្រើប្រាស់នៅកន្លែងសប្បាយហើយក៏សង្កេតឃើញថាមានការប្រើប្រាស់ថ្នាំញៀនទាំងពីរមុខនេះក៏មានលាយផ្សំជាមួយមេតង់ពីតាមីនដែរ។
ដោយសារមេតំហ្វេតាមីនវាជាសារធាតុញៀនមួយដែលធ្វើឲ្យអ្នកប្រើប្រាស់ហ្នឹងយល់ច្រឡំថាមិនធ្វើឲ្យងងុយគេង ថាវាមានកម្លាំង ថាវានឹងមិនចាំបាច់ហូប ប៉ុន្តែការប្រើប្រាស់យូរទៅវានឹងធ្វើឲ្យញៀន ហើយអ្នកញៀនទាំងអស់ទោះបីថ្នាំញៀនប្រភេទណាក៏ដោយ គាត់នឹងក្លាយជាទាសករថ្នាំញៀនរហូតដែលគេហៅថាញៀន។
Q: តើការប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្នមានការកើនឡើង ឬថយចុះ?
A: នៅពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលដាក់ចេញដាក់នូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើកជាប់គ្នាហើយ និងត្រៀមអនុវត្តបន្តទៀតអាចនឹងទី៩ អ៊ីចឹងទេចំនួនអ្នកប្រើប្រាស់គ្រឿងញៀនមកដល់ពេលនេះគឺស្ថិតនៅក្នុងស្ថានភាពមួយ នឹងមិនមានការកើនឡើង តែក៏មិនមានសញ្ញាណាមួយបង្ហាញអំពីការថយចុះដែរ។ អ៊ីចឹងទាមទារឲ្យយើងទាំងអស់គ្នាខិតខំសហការគ្នា រួមដៃគ្នាធ្វើការប្រយុទ្ធប្រឆាំងជាពិសេសទប់ស្កាត់កុំឲ្យមានការប្រើប្រាស់គ្រឿងញៀនឡើងវិញ ឬក៏រីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនចំពោះអ្នកដែលមិនស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀន ឬក៏អ្នកដែលញៀនគ្រឿងញៀន បានសេចក្ដីថា អ្នកដែលមិនដែលប្រើកុំឲ្យគាត់ក្លាយខ្លួនទៅជាអ្នកប្រើ តាមរយៈការអូសទាញ អ៊ីចឹងអានេះជាចំណុចសំខាន់មួយ។
ប៉ុន្តែតាមតួលេខដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបាន មានចំនួនអត់លើសពីពីរម៉ឺននាក់ ហើយក៏មិនឃើញមានថយចុះក្រោមមួយម៉ឺនប្រាំបីពាន់នាក់ដែរ។ នេះជាចំនួនអ្នកញៀនគ្រឿងញៀនដែលយើងមានស្ថិតិមានការគ្រប់គ្រង មានការជូនជាដំណឹងពីមូលដ្ឋាន។ ប៉ុន្តែវាអាចមានចំនួនអ្នកប្រើប្រាស់ដែលគេអត់ដឹងអាចមានលើសចំនួនពី២ម៉ឺននាក់ និងអាច២ម៉ឺនាក់គុណ២ ឬគុណ៣ អាស្រ័យទៅលើថា តើនៅក្នុងមូលដ្ឋានហ្នឹង ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនមានបីនាក់គេរាយការណ៍មកតែម្នាក់ក៏មិនដឹងឬមួយក៏យ៉ាងម៉េច ហ្នឹងវាអាស្រ័យទៅលើអ្នកនៅមូលដ្ឋានទេដែលដឹង ឬក៏អាណាព្យាបាលទេដែលដឹង។
បើសិនឥឡូវហ្នឹងយើងត្រៀមបង្កើតប្រព័ន្ធ App មួយដើម្បីទទួលព័ត៌មាន យើងកំពុងតែរៀបចំ តិចទៀត ប្រហែលជាសប្ដាហ៍ក្រោយ Hot line និងApp មួយទទួលព័ត៌មានមួយវាមានមួយជាប្រព័ន្ធទូរស័ព្ទរាយការណ៍ ហើយ App មួយទៀតអ្នកជំនាញកំពុងតែកសាង ហើយនិងរកឈ្មោះដើម្បីដាក់។
Q: តើគ្រឿងញៀនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដូចម្ដេចខ្លះ?
A: ជារួមគ្រឿងញៀនបង្កគ្រោះថ្នាក់ទៅដល់អ្នកប្រើប្រាស់ទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ គ្រោះថ្នាក់សុខភាពផ្លូវចិត្តធ្វើឲ្យវង្វេងវង្វាន់ស្មារតី ប៉ះពាល់ទៅលើប្រព័ន្ធសសៃប្រសាទឬក៏ប៉ះពាល់ប្រព័ន្ធផ្លូវចិត្តរបស់បុគ្គលដែលប្រើប្រាស់ ដោយសារឥទ្ធិពលរបស់សារធាតុញៀននឹង វាមានភាពទាក់ទាញខ្ពស់ ហើយនាំឲ្យអ្នកប្រើប្រាស់ងាយវង្វេងវង្វាន់ដោយសារឥទ្ធិពលរបស់វា។
ហើយមួយទៀតកាលណាប្រើប្រាស់យូរៗទៅ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរូបកាយ អ៊ីចឹងដំបូងវាធ្វើឲ្យប្រែប្រួលផ្លូវចិត្ត និងដំណាក់កាលចុងក្រោយវាធ្វើឲ្យប៉ះពាល់ដល់រូបកាយ ដូចជាការចុះស្គមស្គាំង ឬក៏កើតជម្ងឺឈឺថ្កាត់ទៅលើសរីរាង្គផ្សេងៗ ដែលបង្កឡើងដោយការប្រើប្រាស់គ្រឿងញៀន អ៊ីចឹងគ្រឿងញៀនផ្ដល់ផលអាក្រក់ធ្វើឲ្យមនុស្សវង្វេងផ្លូវចិត្ត ឬក៏ភាន់ភាំងវិញ្ញាណ ក្រោមឥទ្ធិពលនៃសារធាតុញៀននៅពេលដែលគេប្រើប្រាស់។
Q: តើផលវិបាកអ្វីខ្លះដែលកើតមានលើសង្គម ដែលបណ្ដាលពីការប្រើប្រាស់គ្រឿងញៀន?
A: អ្វីដែលកើតឡើងក្នុងសង្គមគឺការខ្ជះខ្ជាយថវិកា និងការបង្កអំពើហិង្សានៅក្នុងគ្រួសារ អំពើហិង្សានៅក្នុងសហគមន៍ និងនៅក្នុងមូលដ្ឋាន ហើយបង្កឲ្យមានប៉ះពាល់ទៅលើសុខភាពផ្ទាល់ខ្លួន ហើយវាជះឥទ្ធិពល។ កាលណាអ្នកហ្នឹងប្រើប្រាស់គ្រឿងញៀនគឺត្រូវតែទិញ ហើយគ្រឿងញៀនគេផលិតមកថោក ប៉ុន្តែដោយសារភាពទាក់ខ្ពស់ និងចំណុចអូសទាញអារម្មណ៍ទៅលើអ្នកប្រើប្រាស់ ធ្វើឲ្យបុគ្គលក្លាយទៅជាអ្នកញៀន អ៊ីចឹងត្រូវតែអាស្រ័យវាមួយថ្ងៃយ៉ាងតិចមួយដង យូរទៅមួយថ្ងៃពីរដង យូរទៅមួយថ្ងៃបីដង យូរទៅមួយថ្ងៃប៉ុន្មានដងក៏បានដែរពេលដែលស៊ាំនឹងសារធាតុញៀន។
អ៊ីចឹងគាត់ត្រូវចំណាយលុយទិញ មួយថ្ងៃគាត់ប្រើប្រាស់អស់ប៉ុន្មាន ឧទាហរណ៍ថាពីរម៉ឺន ចុះបើពីរថ្ងៃអស់បួនម៉ឺន ចុះបើមួយថ្ងៃបីលើកអស់ប្រាំមួយម៉ឺន ចុះពេលគាត់ស៊ាំនិងសារធាតុញៀនប្រើម៉ានក៏បាន ចឹងមានលុយម៉ានក៏អស់ ហើយគាត់មិនអាចផលិតលុយបានទេ។ គាត់ត្រូវធ្វើសកម្មភាពផ្សេងៗដើម្បីបានលុយដើម្បីបានទៅទិញថ្នាំញៀន ដូចជា ឆបោក លួចទ្រព្យសម្បត្តិក្នុងផ្ទះ បោកប្រាស់មិត្តភក្តិ បោកប្រាស់ឪពុកម្ដាយ លួចរបស់របរពីក្នុងផ្ទះយកទៅលក់ហើយយូរទៅអស់របស់របរក្នុងផ្ទះ ទៅលួចអ្នកជិតខាងអស់ពីលួចអ្នកជិតខាង គាត់ទៅធ្វើសកម្មភាពផ្សេងៗផ្ទុយនឹងច្បាប់ អ៊ីចឹងវាធ្វើឲ្យអសន្តិសុខនៅក្នុងមូលដ្ឋាន អ៊ីចឹងមូលដ្ឋានមិនមានសន្តិសុខ មិនមានសណ្ដាប់ធ្នាប់ ហើយខ្លួនឯងមិនមានការអភិវឌ្ឍទេ ពីព្រោះថាអ្វីៗ និងធនធានដែលមាន គឺយកទៅបម្រើអ្នកជួញដូរគ្រឿងញៀន។
Q: តើការព្យាបាលអ្នកញៀនគ្រឿងញៀនអាចធ្វើឡើងតាមវីធីណាខ្លះ?
A: បច្ចុប្បន្នហ្នឹងមានវិធីជាច្រើនពាក់ព័ន្ធទៅនឹងការព្យាបាល។ ចំណុចដែលសំខាន់ខ្ញុំបានលើកឡើងហើយថាការប្រើប្រាស់គ្រឿងញៀនធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត គឺថាក្រសួងសុខាភិបាលគេមាននាយកដ្ឋានមួយនាយកដ្ឋានបំពានសុខភាពផ្លូវចិត្តនឹងបំពានគ្រឿងញៀន អ៊ីចឹងវានៅក្នុងចង្កោមគ្រូពេទ្យផ្នែកចិត្តសាស្រ្ត ដែលមានលទ្ធភាពក្នុងការព្យាបាល អ៊ីចឹងគេព្យាបាលដោយផ្អែកទៅលើរោគសញ្ញាញៀន រួចហើយគេប្រើប្រាស់ថ្នាំដែលមានឥទ្ធិពលគ្របដណ្ដប់ទៅលើរោគសញ្ញាញៀនទាំងអស់នឹង ដូចជា ជម្ងឺបាក់ទឹកចិត្ត ជម្ងឺធ្វើឲ្យប្រព័ន្ធសសៃប្រសាទខុសប្រក្រតី អ៊ីចឹងគេប្រើប្រាស់ថ្នាំព្យាបាលទៅតាមរោគសញ្ញានឹង វាអាស្រ័យទៅលើគ្រូពេទ្យដែលគាត់ធ្វើការពិនិត្យជម្ងឺទៅលើអ្នកញៀននឹង ហើយគេផ្ដល់ថ្នាំព្យាបាលទៅតាមនោះ។
ដោយឡែកចំពោះពពួកញៀនប្រភេទហេរូអ៊ីន អានឹងគេព្យាបាលដោយឱសថផ្សេង អ៊ីចឹងមានឱសថព្យាបាលផ្សេងៗគ្នាក្នុងការព្យាបាល ប៉ុន្តែទាមទារពេលវេលាវែងឆ្ងាយដើម្បីធ្វើឲ្យគាត់អាចមានអាការៈជាប្រក្រតី ហើយអាចបំភ្លេចការប្រើប្រាស់គ្រឿងញៀនបាន ហើយចំណុចសំខាន់ធ្វើយ៉ាងណាក្នុងការព្យាបាលជាហើយ អ្នកញៀននោះមិនលាប់ទៅប្រើប្រាស់ថ្នាំញៀនឡើងវិញនោះគឺជាប្រសិទ្ធភាពមួយ។
ការព្យាបាល និងវិធីសាស្រ្តព្យាបាល និងថ្នាំព្យាបាល វាអាស្រ័យទៅលើប្រភេទគ្រឿងញៀនដែលគេប្រើ អាស្រ័យទៅលើវិធីសាស្ត្រដែលគេប្រើប្រាស់គ្រឿងញៀននឹងទៀត ថាតើគេប្រើប្រាស់ដោយចាក់ ដោយជក់ ដោយលេប ឬមធ្យោបាយយ៉ាងមិច ហើយនិងមួយទៀតអាស្រ័យទៅលើភាពសុទ្ធនៃគ្រឿងញៀនដែរ ព្រោះគ្រឿងញៀនវាមានភាពសុទ្ធរបស់វា ប្រសិនបើគេប្រើប្រាស់ថ្នាំញៀនដែលមានភាពសុទ្ធកម្រិតខ្ពស់ នឹងធ្វើឲ្យគេឆាប់ញៀននិងក្លាយខ្លួនជាអ្នកញៀនខ្លាំង ចឹងការព្យាបាលវាទាមទារពេលវេលាទៅតាមនិងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏អាស្រ័យទៅបរិស្ថានដែលនៅជុំវិញ។
ប្រសិនបើបរិស្ថានជុំវិញនឹង សំបូរអ្នកប្រើប្រាស់ថ្នាំញៀនយូរឬឆាប់មនុស្សភាគច្រើនងាយធ្លាក់ខ្លួនតាមរយៈការអូសទាញផ្សេងៗទៅជាអ្នកប្រើប្រាស់ថ្នាំញៀនទៅតាមនិងដែរ ចឹងបរិស្ថានជុំវិញក៏ជាកត្តាមួយជំរុញឲ្យអ្នកប្រើប្រាស់ថ្នាំញៀននឹង គាត់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ស្ថិតនៅក្នុងស្ថានភាពកណ្ដាល ឬក៏ស្ថិតនៅក្នុងស្ថានភាពណាមួយ។ ប៉ុន្តែទោះជាយ៉ាងណាឲ្យតែពាក្យថាញៀនគឺដឹងតែធ្ងន់ មានកម្រិតធ្ងន់នៅក្នុងហ្នឹងទៀត អត់មានថាកម្រិតស្រាលអីទេ តើញៀនហើយគឺធ្ងន់ធ្ងរហើយធ្ងន់ធ្ងរមានកម្រិតធ្ងន់លេខមួយ ធ្ងន់លេខពីរ លេខបី ប៉ុន្តែនៅតែធ្ងន់អ៊ីចឹង។
Q: តើរដ្ឋាភិបាលមានយុទ្ធសាស្ត្របែបណាខ្លះ ដើម្បីទប់ស្កាត់និង ដោះស្រាយបញ្ហាគ្រឿងញៀននៅកម្ពុជា?
A: បច្ចុប្បន្នមានយុទ្ធសាស្ត្រចំនួន៥។ ទី១កាត់បន្ថយតម្រូវការគ្រឿងញៀន បានសេចក្ដីថាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ឬបុគ្គលគ្រប់រូប បដិសេធមិនត្រូវការគ្រឿងញៀន។
ទី២ការកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន ធ្វើយ៉ាងណាឲ្យមន្ត្រីអនុវត្តច្បាប់ មន្ត្រីដែលមានការពាក់ព័ន្ធក្នុងការបង្ក្រាបនឹង ទប់ស្កាត់កុំឲ្យកើតមានការដាំដុះ ការផលិត កែច្នៃ ការកែច្នៃផលិត ការចរាចរ ការរក្សាទុក ការជួញដូរនៅលើទីផ្សារ។ តែកាលណាមានអ្នកផ្គត់ផ្គង់ វាធ្វើឲ្យមានអ្នកជួញដូរ កាលណាមានអ្នកជួញដូរគាត់ត្រូវធ្វើសកម្មភាពអូសទាញ ជាពិសេសយុវជន ឬក៏អ្នកដែលមិនធ្លាប់ មិនធ្លាប់ស្គាល់តាមមធ្យោបាយផ្សេងៗឲ្យមកប្រើប្រាស់គ្រឿងញៀន។ អ៊ីចឹងយុទ្ធសាស្រ្តទី២ហ្នឹងគឺកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន។
យុទ្ធសាស្រ្តទី៣ គឺការខិតខំលើកកម្ពស់ប្រសិទ្ធភាពព្យាបាលស្ដារនីតិសម្បទា អ៊ីចឹងបានសេចក្ដីថាបើមានអ្នកញៀនគ្រឿងញៀនត្រូវខិតខំជួយគាត់ព្យាបាលស្ដារនីតិសម្បទាគាត់ឲ្យមានភាពប្រក្រតី ហើយធ្វើដើម្បីធ្វើសមាហរន្តកម្មពួកអ្នកជាសះស្បើយទៅក្នុងសហគមន៍វិញ។
ហើយចំណុចទី៤ហ្នឹង ពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ បានសេចក្ដីថាធ្វើម៉េចពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារអនុវត្តច្បាប់ គឺត្រូវធ្វើការបណ្ដុះបណ្ដាលបំពាក់ជំនាញ និងបំពាក់បទពិសោធន៍ទៅដល់នគរបាលយុត្តិធម៌ ដើម្បីឲ្យគាត់ចេះ និងមានសមត្ថភាព ដើរទាន់ទៅនឹងសភាពការគ្រឿងញៀនដែលមានការវិវត្តប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។
ហើយយុទ្ធសាស្ត្រទី៥ បង្កើន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសារបញ្ហាគ្រឿងញៀនមិនមានអ្នកណាមួយទទួលបានជោគជ័យទេក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទោះបីប្រទេសមហាអំណាចក៏ដោយ ត្រូវតែមានកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីមានប្រសិទ្ធភាព។ មកដល់ពេលនេះមិនទាន់មានប្រទេសណាមួយដែលមានបទពិសោធក្នុងការរៀបចំវិធីសាស្ត្រទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសរៀងៗខ្លួនៗ និងមានប្រសិទ្ធភាព គឺមិនទាន់មានទេ ទោះជាប្រទេសដែលមានសាសនាតឹងរ៉ឹងក៏ដោយ។
Q: ច៎ា! សូមអរគុណលោកឧត្ដមសេនីយ៍ មាស វីរិទ្ធ!
A: បាទ! អរគុណ៕