ស្ថាប័នជាតិរៀបចំការបោះឆ្នោត លើកឡើងថា ប្រសិនបើគណបក្សភ្លើងទៀនសុំអន្តរាគមន៍ ដើម្បីស្វែងរកដំណោះស្រាយទាក់ទិនការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងខេត្តប៉ៃលិននៅមុនការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមក ខណៈដែលអាជ្ញាធរមូលដ្ឋាន និងស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាល ព្យាយាមគេចវេះ មិនទទួលខុសត្រូវ ចំពោះការបាត់បង់លិខិត ដែលគណបក្សជំទាស់មួយ ដាក់ស្នើសុំការផ្លាស់ប្តូរសមាសភាពសមាជិកក្រុមប្រឹក្សាសង្កាត់។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប នឹងដោះស្រាយករណីនេះដោយផ្អែកតាមច្បាប់ ប្រសិនបើគណបក្សភ្លើងទៀនដាក់លិខិតសុំអន្តរាគមន៍ដើម្បីឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតជួយស្វែងរកដំណោះស្រាយលើបញ្ហានេះ។
លោកបន្តថា៖ «បើសិនជាចង់ឱ្យមានអន្តរាគមន៍អី អាហ្នឹងគឺថា ត្រូវមានលិខិតផ្លូវការមក។ បាន គជប ធ្វើការពិនិត្យពិចារណា ថាត្រឹមត្រូវឬអត់ [ធ្វើ] យ៉ាងម៉េចទៀត»។
ការលើកឡើងបែបនេះ បន្ទាប់ពីគណបក្សភ្លើងទៀនខេត្តប៉ៃលិន បានដាក់ឯកសារ កាលពីខែកញ្ញា ឆ្នាំ២០២៣ សុំផ្លាស់ប្ដូរបេក្ខភាពសមាជិកក្រុមប្រឹក្សាសង្កាត់របស់ខ្លួន នៅសង្កាត់អូរតាវ៉ៅ ប៉ុន្តែគ្មានដំណោះស្រាយពីស្ថាប័នមួយចំនួន នៅក្នុងខេត្តមួយនេះ។
តាមរយៈលិខិតសុំកិច្ចសុំអន្តរាគមន៍របស់គណបក្សភ្លើងទៀនខេត្តប៉ៃលិន ដែលចេញកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានផ្ញើទៅអភិបាលខេត្តគឺលោកស្រី បាន ស្រីមុំ បញ្ជាក់ថា ស្ថាប័នមួយចំនួន ដែលចំណុះឱ្យរដ្ឋបាលខេត្តប៉ៃលិន មិនទទួលខុសចំពោះការធ្វើឱ្យបាត់បង់លិខិតរបស់ខ្លួនឡើយ។ប្រភពបន្តថា គណបក្សក្រៅរដ្ឋាភិបាលមួយនេះ បានដាក់ទៅសាលាសង្កាត់អូរតាវ៉ៅ រួចហើយលិខិតនេះត្រូវគេបញ្ជូនបន្តទៅ រដ្ឋបាលក្រុង មុននឹងបញ្ជូនបន្តទៅសាលាខេត្ត។
បើតាមលិខិតគណបក្សភ្លើងទៀន ដែលស្នើសុំកិច្ចអន្តរាគមន៍ពីលោកស្រី បាន ស្រីមុំ ឱ្យដឹងទៀតថា រាប់ចាប់តាំងពីថ្នាក់សង្កាត់ សាលាកក្រុង និងរដ្ឋបាលខេត្ត ព្យាយាមគេចវេះ និងមិនទទួលខុសត្រូវ ចំពោះមូលហេតុដែលនាំឱ្យលិខិតនេះត្រូវបាត់បង់ ហើយព្យាយាមរុញដាក់គ្នាទៅវិញទៅមក។
ដោយឡែក អ្នកនាំពាក្យគណបក្សភ្លើងទៀត លោក គីមសួរ ភីរិទ្ធ និយាយថា ការរុញច្រានដាក់គ្នានេះ ជាការមិនទទួលខុសត្រូវរបស់មន្រ្តីរាជការស្របតាមច្បាប់ដែលបានកំណត់។លោកបន្តថា ករណីនេះអាចមានកត្តានយោបាយរារាំងពីក្រោយ ដើម្បីបង្កើតជាឧបសគ្គនានាលើគណបក្សភ្លើងទៀន ក្នុងគោលបំណងកេងចំណេញលើការបោះឆ្នោតអសកលខាងមុខ។
លោកបន្តថា៖«នេះបង្ហាញពីការខ្វះការទទួលខុសត្រូវរបស់មន្រ្តីសាធារណៈដែលទទួលកិច្ចការរបស់រដ្ឋស្របតាមច្បាប់ដែលមានចែង»។
គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការឆ្លើយតបបាននៅឡើយទេ ពីអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ដោយទូរសព្ទចូលជាច្រើនដង ប៉ុន្តែពុំមានអ្នកទទួល។
យ៉ាងនេះក្តី អភិបាលក្រុងប៉ៃលិន លោក លី សុងហ៊ី បដិសេធក្នុងការឆ្លើយតប ចំពោះការទទួលត្រូវលើលិខិតសុំផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាសង្កាត់នេះ ដោយអះអាងថា មន្រ្តីមូលដ្ឋានអាចដឹងច្បាប់ជាងរឿងនេះ។
លោកបន្តថា៖ «ខ្ញុំអត់ច្បាស់ដែរ ឱ្យគាត់ទៅសួរគេមើល នៅសង្កាត់[អូរតាវ៉ៅ]។ (តើរដ្ឋបាលក្រុងប៉ៃលិនមានបានឃើញគេ បញ្ជូនឯកសារមកអត់?) សួរគេពីក្រោមមក បងអត់ច្បាស់ដែររឿងហ្នឹង» ។
គេហទំព័រ Newsroom Cambodia មិនអាចសុំប្រតិកម្មពីចៅសង្កាត់អូរតាវ៉ៅ លោក អោម សារិន កូតាមកពីគណបក្សប្រជាជនកម្ពុជាបានភ្លាមៗនៅថ្ងៃនេះ។
យ៉ាងនេះក្តី លិខិតគណបក្សភ្លើងទៀន ដែលផ្ញើទៅអភិបាលខេត្តប៉ៃលិន សរសេរថា រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានបញ្ជូនលិខិតសុំផ្លាស់ប្ដូរសមាជិក្រុមប្រឹក្សារបស់ខ្លួននេះ ទៅកាន់រដ្ឋបាលក្រុងប៉ៃលិនរួចហើយ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ទាក់ទិនករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត ចាត់ទុកករណីនេះថាជាការអនុវត្តការងារដោយគ្មានភាពស្មើគ្នារបស់អាជ្ញាធរក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។លោកបន្តថាក្រុមមន្រ្តីទាំងនោះអាចនឹងរងការរិះគន់ពីសំណាក់មជ្ឈដ្ឋានខាងក្រៅ ចំពោះការរើសអើងខាងនយោបាយនេះ។
លោកបន្តថា៖«ពាក់ព័ន្ធនឹងសេវាសាធារណៈនេះ គេមិនប្រកាន់និន្នាការនយោបាយគណបក្សណាមួយនោះទេ ព្រោះអាជ្ញាធរជាអាជ្ញាធរសាធារណៈ» ។
រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥។