គណបក្សកម្លាំងជាតិប្រកាសថានឹងតែងតាំង លោក រ៉ុង ឈុន ដែលជាអតីតអនុប្រធានគណបក្សភ្លើងទៀនក្នុងជួរក្បាលម៉ាស៊ីនដឹកនាំគណបក្សថ្មីថ្មោងមួយនេះ អំឡុងពេលសមាជជាលើកដំបូងរបស់ខ្លួននាថ្ងៃអាទិត្យនៅក្នុងសប្តាហ៍នេះ ស្របពេលដែលក្រសួងយុត្តិធម៌បានព្រមានជាថ្មីថា អតីតមន្រ្តីជាន់ខ្ពស់កូតាមកពីបក្សភ្លើងទៀនរូបនេះ មិនអាចឈរឈ្មោះឱ្យបោះឆ្នោតបានទេ។
ស្ថាបនិកគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី មានប្រសាសន៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ថាលោកស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ លោក រ៉ុង ឈុន ដែលប្តេជ្ញារួមគ្នាដៃគ្នា ជាមួយគណបក្សដែលទើបមានកំណើតក្មេងខ្ចីមួយនេះ ដើម្បីប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិក្នុងពេលខាងមុខ។
លោកបន្តថា៖ «បង្កើតក្បាលម៉ាស៊ីនដឹកនាំបក្ស […] មានទាំងលោកគ្រូ រ៉ុង ឈុន នៅក្នុងជារចនាសម្ព័ន្ធដឹកនាំរបស់គណបក្សកម្លាំងជាតិដែរ ប៉ុន្តែមិនដឹងថាតួនាទីណាមួយ អាស្រ័យលើអង្គសមាជ»។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានប្រកាសលាលែងពីគណបក្សប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ហើយនិយាយថា លោកកំពុងចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលទើបនឹងបង្កើតថ្មីៗនេះ។
សម្រាប់ស្ថាបនិកគណបក្សកម្លាំងជាតិ អះអាងថាគណបក្សរបស់ខ្លួននឹងរៀបចំសមាជនៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា នៅក្នុងសប្តាហ៍នេះ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធគណបក្ស។ក្នុងពេលជាមួយគ្នានេះដែរ សមាសភាពលោក រ៉ុង ឈុន នឹងត្រូវស្នើនៅក្នុងអង្គសមាជ ដើម្បីជ្រើសរើសក្នុងតួនាទីជាក្បាលម៉ាស៊ីនដឹកនាំ នៅក្នុងគណបក្សមួយនេះដែរ។
យ៉ាងនេះក្តី ក្រសួងយុត្តិធម៌ បានព្រមានលោក រ៉ុង ឈុន ដោយប្រយោលតាមរយៈស្ថាប័នជាតិរៀបចំការបោះឆ្នោតភ្លាមៗ ថា អតីតមេសហជីពរូបនេះ នៅមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ដែលអាចមានសិទ្ធិឈរឱ្យគេបោះឆ្នោតឱ្យនៅឡើយទេ ដ៏រាបណាបម្រាមតាមផ្លូវតុលាការ មិនទាន់ចប់ជាស្ថាពរនៅឡើយនោះ។
សម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោយបាយ ចាត់ទុកថា ការព្រមានដែលធ្វើឡើងភ្លាមៗបែបនេះ របស់ក្រសួងយុត្តិធម៌ មិនបានប៉ុន្មានថ្ងៃផង ក្រោយពីលោក រ៉ុង ឈុន ស្វែងរកទ្រនំថ្មីដើម្បីបន្តជីវិតនយោបាយទៀតនេះ បង្ហាញឱ្យឃើញពីការព្រួយបារម្ភ វត្តមានរបស់លោក រ៉ុង ឈុន នៅក្នុងឆាកនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា គណបក្សកាន់អំណាចស្វាគមន៍រាល់គណបក្សនយោបាយដែលទទួលបានការអនុញ្ញាតពីគ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងពេលខាងមុខ។ទោះជាបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ចាត់ទុកការចាកចេញពីគណបក្សភ្លើងទៀនរបស់លោក រ៉ុង ឈុន ជាសញ្ញាថា គណបក្សប្រឆាំងនេះកំពុងបែកបាក់ដោយដើរតាមគន្លងចាស់របស់មេដឹកនាំពួកគេ។
លោកបន្តថា៖«ភ្លើងទៀនកំពុងដើរតាមលំអានបុព្វការរីជនរបស់គាត់ បង្កើតហើយដើម្បីតែបែកបាក់គ្នា បង្កើតហើយដើម្បីតែរលំរលាយតែប៉ុណ្ណោះទេ»។
លោក ស៊ុន ចន្ធី បញ្ជាក់ថា សមាជដែលគណបក្សនឹងប្រារព្វឡើងនៅថ្ងៃអាទិត្យនេះផ្ដោតលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាងតំណាងរាស្រ្តនៅឆ្នាំ២០២៨។តាមផែនការសមាជនេះនឹងមានវត្តមានអ្នកគាំទ្រដែលជាសមាជិកគណបក្សប្រមាណ ៥០០នាក់ ទៅ ៦០០នាក់ មកពីទូទាំងប្រទេសកម្ពុជា។ក្រៅពីនេះ សមាជគណបក្សភ្លើងទៀន ត្រូវគេរាយការណ៍មកថាក៏បានប្រកាសចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សថ្មីថ្មោងរបស់លោកដែររាប់ចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិ បានប្រកាសស្វាគមន៍សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនចំនួន៣រូប ដែលសម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សនេះ។ ក្នុងនោះមាន លោក ពៅ និក ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ, លោក ម៉ម ខេមរិន្ទ្រ អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប និងលោក សុខ ណារៀន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តព្រះវិហារ។
បើតាមលោក ស៊ុន ចន្ធី សម្រាប់សមាជគណបក្សក្នុងពេលឆាប់ៗនេះ គណបក្សនយោបាយមួយចំនួនរួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ក៏នឹងមានវត្តមាននៅថ្ងៃរៀបចំពិធីនេះដែរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា គណបក្សកម្លាំងជាតិអាចនឹងត្រូវការពេលវេលាច្រើនឆ្នាំបន្ថែមទៀតក្នុងការកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីមហាជន។លោកបន្តការបង្កើតគណបក្សនយោបាយថ្មីរបស់ក្រុមអ្នកប្រជាធិបតេយ្យក៏ជាផ្នែកមួយនៃការចង់បានរបស់គណបក្សកាន់អំណាចដើម្បីបំបែកសំឡេងប្រឆាំងដែរ។
លោកបន្តថា៖ «[គណបក្សកម្លាំងជាតិ] មិនជាខ្លាំងក្លាឱ្យគណបក្សកាន់អំណាចបារម្ភទេ ហើយក៏ជាការចង់ឱ្យគណបក្ស [អ្នកប្រជាធិបតេយ្យ] អស់ហ្នឹងកើតឡើងឱ្យច្រើនដើម្បីជួយបន្ថយសំឡេងកុំឱ្យវាប្រមូលផ្ដុំ»។
ចំណែក លោក រ៉ុង ឈុន បានប្រាប់ថា ការចូលរួមនយោបាយជាមួយគណបក្សកម្លាំងជាតិនេះ គឺដើម្បីបន្តសកម្មភាពក្នុងការជំរុញឱ្យកម្ពុជាមានប្រជាធិបតេយ្យ។លើសពីនេះទៀតលោកយល់ឃើញថា គណបក្សថ្មីថ្មោងមួយនេះទើបជាបក្សដែលអាចដើរតាមលំអានគណបក្សភ្លើងទៀនដោយពិតប្រាកដ។
ក្រសួងមហាផ្ទៃបានទទួលចុះបញ្ជីគណបក្សកម្លាំងជាតិនេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ការទទួលស្គាល់គណបក្សនេះជាផ្លូវការ នៅក្នុងបញ្ជីគណបក្សនយោបាយ ស្របពេលគណបក្សដែលគេចាត់ទុកថា ក្រុមអ្នកប្រជាធិបតេយ្យបានរួមកម្លាំងគ្នាបង្កើតជាសម្ព័ន្ធគណបក្ស ក្នុងទិសដៅរកសំឡេងរួមគ្នាមួយ ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងពេលខាងមុខនេះ៕