អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទើបត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដោះស្រាយវិវាទពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ខណៈដែលពលរដ្ឋមួយចំនួនចង់ឱ្យមានការផ្សព្វផ្សាយអំពីអាជ្ញាធរនេះដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលយល់។
ក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចេញនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា អាជ្ញាធរជាតិនេះមានគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតការដោះស្រាយវិវាទឱ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ធានានូវភាពសុខដុមរមនា និងយុត្តិធម៌សង្គម។
ព្រះរាជក្រឹត្យដដែលបន្ថែមថា វិវាទរបស់ពលរដ្ឋដែលអាចត្រូវបានយកទៅដោះស្រាយដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានដូចជា វិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សាដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុនៃការសម្រុះសម្រួលផ្សះផ្សាតាមកំណត់របស់ច្បាប់។
ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ ឡុង ណារិន អាយុ២៨ឆ្នាំ លើកឡើងថា លោកចង់ឱ្យរដ្ឋាភិបាលរៀបបចំសន្និសីទសារព័ត៌មានបកស្រាយ ពន្យល់អំពីព្រះរាជក្រឹត្យស្តីពីការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដើម្បីបង្ហាញអំពីតម្លាភាព សុចរិតភាពនៃការបង្កើត។
លោក ឡុង ណារិន សំណូមពរដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិនិត្យនូវចំណុចមួយចំនួនដូចជា កម្រិតនៃប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះជំនឿទុកចិត្តរបស់ពលរដ្ឋ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្ត និងអាជ្ញាធរមានមូលដ្ឋានក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកា ការកំណត់អំពីរឿងដែលពលរដ្ឋអាចលើកយកមកដោះស្រាយ ហើយអាចប្តឹងទៅតុលាការបាន ឬមិនបាន ស្ថាប័នសាមីសិក្សាឱ្យបានស៊ីជម្រៅ កុំឱ្យមានភាពខ្ទាស់រវាងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងប្រព័ន្ធតុលាការជាដើម។
ចំណែកពលរដ្ឋម្នាក់ទៀត លោក កែវ សុវណ្ណរតនា អាយុ៣៥ លើកឡើងដែរថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺជារឿងល្អ ប៉ុន្តែលោកមិនរំពឹងថាអាចនឹងមានប្រសិទ្ធភាពនោះទេ។
លោកបន្ថែមថា៖ «រដ្ឋាភិបាលធ្លាប់ដាក់គោលនយោបាយផ្ទះយុត្តិធម៌ នៅតាមបណ្តាឃុំនីមួយៗ នេះក៏ជាយន្តការដោះស្រាយវិវាទក្រៅផ្លូវតុលាការដែរ តែដាក់ឱ្យអនុវត្តអត់ជោគជ័យ។ មូលហេតុដោយសារ ភាគីអត់ព្រមព្រៀង ភាគីអត់មានចំណេះដឹងផ្នែកច្បាប់ ពាក់ព័ន្ធផលប្រយោជន៍ បក្សពួក និន្នាការនយោបាយ អ្នកសម្រុះសម្រួលមានភាពមិនប្រកតី មិនតម្លាភាព និងមិនគណនេយ្យភាព»។
លោក កែវ សុវណ្ណរតនា លើកឡើងថា ជាការចាំបាច់ណាស់ ដែលក្រសួងយុត្តិធម៌ ក៏ដូចជារដ្ឋាភិបាលត្រូវធ្វើការផ្សព្វផ្សាយគ្រប់រូបភាពអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទាក់ទងនីតិវិធីដែលត្រូវប្តឹង នីតិវិធីសម្រុះសម្រួល អ្នកមានតួនាទីសម្រុះសម្រួល ហើយមានសិទ្ធិ និងដែនសមត្ថកិច្ចយ៉ាងណា។
លោកបន្តថា៖ «ការផ្សព្វផ្សាយ មិនមែនត្រឹមតែផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកទេ ព្រោះពលរដ្ឋខ្លះអត់ដឹងទេ។ អ៊ឺចឹងត្រូវផ្សព្វផ្សាយនៅឃុំ សង្កាត់ បិទសេចក្តីជូនដំណឹងនៅឃុំ សង្កាត់ ធ្វើការបំពងសំឡេងដូច ធ្វើការផ្សព្វផ្សាយឃោសនាបោះឆ្នោត និងដូចបម្រាមសុខាភិបាលស្តីពីជំងឺកូវីដ ដែលនាំឱ្យមានប្រសិទ្ធភាព។
បើតាមការផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាជម្រើសបន្ថែមជូនពលរដ្ឋ ហើយរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យមានប្រថាប់ត្រាបន្ថែមនៃការដោះស្រាយនេះឱ្យមានទម្ងន់ផ្លូវច្បាប់ ចៀសវាងភាគីអត់គោរពតាមការព្រមព្រៀង។
លោកនាយករដ្ឋមន្ត្រីបានជំរុញឱ្យពិនិត្យនូវយន្តការដោះស្រាយវិវាទនៅកម្ពុជាដែលមានពីមុននឹងយន្តការថ្មីនេះថា៖ «ក្រសួងយុត្តិធម៌ត្រូវជំរុញការធ្វើសន្ទនាកម្មជាមួយយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ដទៃទៀត ដូចជាយន្តការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ជាដើម ដើម្បីធានាថាយន្តការទាំងនេះមានសង្គតិភាព និងមានភាពបំពេញឱ្យគ្នាទៅវិញទៅមក»។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្ខេបអំពីសេចក្តីព្រាងព្រះរាជក្រឹត្យនោះថា ក្រសួងយុត្តិធម៌បានរៀបចំកិច្ចប្រជុំវិបស្សនាចំនួន ៦ លើក និងមានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ចំនួន ១លើក ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំសាលាជម្រះក្តី សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីប្រមូលធាតុចូលសំខាន់ៗ សំដៅធ្វើឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចធានាបានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។
លោក កើត រិទ្ធ ក៏បានស្នើសុំការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ដើម្បីចាប់ផ្តើមធ្វើយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសហការជាមួយអាជ្ញារមូលដ្ឋាន ដើម្បីសម្រេចឱ្យបានការការពង្រឹង ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ នៅពេលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានបង្កើត។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ពីអានុភាពដូចគ្នារវាងសេចក្តីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងស្ថាប័នតុលាការថា៖ «កំណត់ហេតុព្រមព្រៀង កិច្ចព្រមព្រៀងបញ្ចប់វិវាទ ដែលធ្វើឡើងដោយមន្ត្រីសម្រុះសម្រួល ឬក្នុងក្របខណ្ឌអាជ្ញាធរជាតិ កំណត់ហេតុ និងកិច្ចព្រមព្រៀងនោះ នឹងមានអានុភាពអនុវត្តដូចសាលក្រមស្ថាពរ ដែលធ្វើឱ្យរឿងក្តីនោះមិនឡប់ទៅវិញទេ»។ នេះបើយោងតាម ការផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ Newsroom Cambodia ថា ព្រះរាជក្រឹត្យបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខារួច ចូលជាធរមាន នឹងត្រូវផ្សព្វផ្សាយជូនពលរដ្ឋ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបន្ថែមថា៖ «ក្រសួងយុត្តិធម៌កំពុងរៀបចំបែបទ នីតិវិធី ដើម្បីអនុវត្តព្រះរាជក្រឹត្យឱ្យមានប្រសិទ្ធភាព»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងក្រសួងយុត្តិធម៌ មិនបានឆ្លើយតបសំណួរពី Newsroom Cambodia អំពីដំណើរការរៀបចំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ យុទ្ធនាការផ្សព្វផ្សាយជូនពលរដ្ឋ និងយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
កាលពីឆ្នាំ២០២០ ក្រសួងយុត្តិធម៌បានបង្កើតក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានលោក ជិន ម៉ាលីន ជាប្រធាន និងមានសមាសភាពសរុប ១៥ រូប។ ក្រុមការងារនេះ មានតួនាទីដូចជា សម្របសម្រួល ផ្តល់ប្រឹក្សា មន្ត្រីបង្គោល និងកិច្ចការផ្សេងៗពាក់ព័ន្ធគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ នេះបើយោងតាមសម្រេចលេខ ១៣ របស់ក្រសួងយុត្តិធម៌ ចេញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
ពាក្យថាតម្លាភាពក្នុងន័យអភិបាលកិច្ចល្អមានន័យថា រាល់ការសម្រេចចិត្ត និងការអនុវត្តសេចក្តីសម្រេចនោះ ត្រូវធ្វើឡើងដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋាននានា ព័ត៌មានពាក់ព័ន្ធនឹងការសម្រេចចិត្ត និងការអនុវត្តសេចក្តីសម្រេចចិត្ត ត្រូវផ្សព្វផ្សាយជាចំហរ តាមរយៈប្រព័ន្ធសមស្រប និងអាចស្វែងរកបាន ជាពិសេសចំពោះអ្នកដែលទទួលរងនូវផលប៉ះពាល់ពីការសម្រេចចិត្ត និងការអនុវត្តសេចក្តីសម្រេចចិត្តទាំងនោះ និងព័ត៌មានទាំងនោះត្រូវតែមានលក្ខណៈគ្រប់គ្រាន់ និងងាយយល់។ នេះបើយោងតាមសៀវភៅអភិបាលកិច្ចល្អ របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០១០ ទំព័រ១៣។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលើកឡើងថា ការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អាចជាយន្តការមួយសម្រាលបន្ទុកការងារប្រព័ន្ធតុលាការបាន។ លើកថា ដើម្បីឱ្យយន្តការនេះដំណើរការទៅមានប្រសិទ្ធភាព លុះត្រាតែមានការធ្វើកំណែទម្រង់វិស័យយុត្តិធម៌ ប្រព័ន្ធយុត្តិធម៌ឱ្យបានស៊ីជម្រៅ ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងសង្គមទាំងមូល ទើបធានាថាអាជ្ញាធរជាតិដោះស្រាយក្រៅប្រព័ន្ធតុលាការអាចបំពេញកាតព្វកិច្ច តួនាទីរបស់ខ្លួនបានត្រឹមត្រូវ។
លោក ប៉ា ច័ន្ទរឿន បញ្ជាក់ថា៖ «ប្រទេសកម្ពុជា រឿងបញ្ហាយុត្តិធម៌ ប្រព័ន្ធតុលាការគឺជាបញ្ហាធំមួយដែលមិនអាចមើលរំលងបាន»។
ព្រះរាជក្រឹត្យបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពុំមានកំណត់ជាក់លាក់ពីស្ថាប័នមានសមត្ថកិច្ច ក៏ដូចជាសមាសភាពអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនោះឡើយ។ យ៉ាងណាក្តី បើពិនិត្យទៅលើការរៀបចំបង្កើតអាជ្ញាធរជាតិជាតិនេះ ស្ថាប័នមានសមត្ថកិច្ចគឺជាក្រសួងយុត្តិធម៌ ដោយសារប្រភពធនធានផ្គត់ផ្គង់ដោយថវិការជាតិ ជាកញ្ចប់ថវិកាដោយឡែកនៅក្នុងក្របខ័ណ្ឌថវិការប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌៕