បណ្ដាញសង្គមកំពុងមានការនិយមប្រើប្រាស់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យ។ ហើយស្ទើជារៀងរាល់ថ្ងៃ គេកត់សម្គាល់ឃើញថា ចំនួនកុមារប្រើប្រាស់បណ្ដាញសង្គមមានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលបណ្ដាញសង្គមកំពុងតែជះផលអវិជ្ជមានយ៉ាងខ្លាំងដល់កុមារកម្ពុជានាពេលបច្ចុប្បន្ន។
ខាងក្រោមនេះគឺ ជាកិច្ចសម្ភាសន៍ផ្ទាល់រវាងលោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនង យូនីសេហ្វកម្ពុជា ជាមួយលោកថុង វណ្ណយ៉ារ៉ូ សិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ជម្រាបសួរលោក មាស ប៊ុនលី!
A: បាទ! ជម្រាបសួរប្អូន។
Q: តើអ្វីទៅជាបណ្ដាញសង្គម?
A: បណ្ដាញសង្គម គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឲ្យមនុស្សទូទៅក៏ដូចជា ប្រជាពលរដ្ឋមករួមរស់ជាមួយគ្នាក្នុងបរិបទមួយ អាចថា ជាប្រព័ន្ធអនឡាញជាមួយគ្នា ដែលអាចមានលទ្ធភាពក្នុងការចែករំលែកមាតិកា និងការបញ្ចេញយោបល់ផ្សេងៗទៅតាមប្រធានបទមួយៗ ដែលពួកគេមានចំណាប់អារម្មណ៍ អញ្ចឹងបណ្ដាញសង្គមមានតួនាទីឬក៏មុខងារ ទំនាញដែលអ្នកប្រើប្រាស់អាចប្រើប្រាស់ទៅតាមគោលបំណងរៀងៗខ្លួន ដូចជាការសិក្សា ការទំនាក់ទំនងធម្មតាជាលក្ខណៈគ្រួសារ និងមិត្តភក្កិ ការចែករំលែកអំពីបញ្ហាដែលពួកគាត់ចាប់អារម្មណ៍ ឬក៏អាចជាការចែករំលែកអំពីយុទ្ធនាការផ្សេងៗទៅតាមប្រធានបទដែលគាត់ចាប់អារម្មណ៍ ។
Q: តើកុមារប៉ុន្មានភាគរយ និងមានអាយុចន្លោះពីប៉ុន្មានដែលកំពុងប្រើបណ្ដាញសង្គម?
A: ប្រទេសកម្ពុជាយើងហ្នឹងស្ថិតនៅក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលមានចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនមានន័យថា មានការប្រើប្រាស់ជាលក្ខណៈសកម្ម។ ហើយនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងផងដែរ។ យុវវ័យភាគច្រើនប្រើប្រាស់បណ្ដាញសង្គមជារៀងរាល់ថ្ងៃតែម្ដង យើងមានការសិក្សាមួយដែលធ្វើឡើងដោយ ការការពាររវាងអង្គការ UNICEF និងក្រុមប្រឹក្សាជាតិកុមារបានរកឃើញថា យើងមានក្មេងអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំ ចំនួន៨០ភាគរយជាអ្នកប្រើប្រាស់អ៊ីនធឺណិត ប៉ុន្តែបើយោងតាមភាពជាក់ស្ដែងរបាយការណ៍នេះបានឲ្យឃើញថា មានកុមារ និងក្មេងជំទង់ច្រើនជាងនេះ ដែលកំពុងប្រើប្រាស់បណ្ដាញសង្គមផ្សេងៗនៅក្នុងប្រទេសកម្ពុជា ។
Q: តើបណ្ដាញសង្គមមានឥទ្ធិពលបែបណាខ្លះទៅលើកុមារកម្ពុជានាពេលបច្ចុប្បន្ន?
A: បើនិយាយអំពីកុមារមានវ័យជំទង់ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ បណ្ដាញសង្គមបានផ្ដល់ផលវិជ្ជមានអាចផ្ដល់ឱ្យពួកគាត់នៅការសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរចំណេះដឹង និងទទួលព័ត៌មាន ប៉ុន្តែបើនិយាយអំពីផលប៉ះពាល់អវិជ្ជមានវិញ ទីមួយគឺបាត់បង់នូវការផ្ដោត អារម្មណ៍និងស្មារតីរបស់គាត់ ធ្វើឱ្យគាត់លែងផ្ដោតលើបរិស្ថានដែលនៅជុំវិញខ្លួនគាត់ លែងផ្ដោតទៅលើគ្រួសារ ឬក៏ការងារសំខាន់ៗរបស់គាត់ជាពិសេសដូចជាការរៀនសូត្រជាដើម ហើយអ្វីដែលកាន់តែផ្ដល់ផលវិជ្ជមានជាងនេះទៀតនោះគឺគាត់អាចក្លាយជាជនរងគ្រោះនៃការរំលោភបំពាន ការលួងលោមនៅលើប្រព័ន្ធអនឡាញ។
មានការសិក្សាច្រើនដែលបានបង្ហាញអំពីបញ្ហានេះ យើងឃើញថាអ្នកប្រើប្រាស់មានប្រហែលជា១៦ភាគរយនៃយុវជនធ្លាប់បានទទួលរងគ្រោះពីរឿងទាក់ទងទៅនឹងផ្លូវភេទ អាចនិយាយបានថាចាប់ផ្ដើមពីពាក្យសម្ដីឡើងរហូតដល់រាងកាយជាដើម ដែលចាប់ផ្ដើមចេញពីបណ្ដាញសង្គម។ អញ្ចឹងយើងឃើញមានបញ្ហាច្រើនដែលពួកគាត់បានរងគ្រោះហើយមួយវិញទៀត យើងមើលឃើញថាពួកគាត់ក៏ជាជនរងគ្រោះនៃព័ត៌មានមិនពិតដែលអាចធ្វើឲ្យពួកគាត់ធ្លាក់ទៅក្នុងការរំលោភបំពាន ចាញ់បោកគេនឹងអាចធ្វើឲ្យគាត់ជួយផ្សព្វផ្សាយព័ត៌មានមិនពិត។ មួយវិញទៀតផលអវិជ្ជមានទាក់ទងទៅនឹងសុខភាពផ្លូវចិត្តកើតឡើងព្រោះតែការប្រើប្រាស់បណ្ដាញសង្គមដែលគ្មានគោលដៅច្បាស់លាស់ក្នុងរយៈពេលយូរធ្វើឱ្យសុខភាពផ្លូវចិត្តធ្លាក់ចុះខ្លាំងមែនទែន ដូចជាការឃើញនូវព័ត៌មានផ្សេងៗដែលធ្វើឲ្យផ្លូវចិត្តរបស់គាត់មាន ការស្រម៉ៃ ការប្រៀបធៀបដែលអាចធ្វើឲ្យសុខភាពផ្លូវចិត្តគាត់ធ្លាក់ចុះ បន្ថែមពីនេះទៀតគាត់អាចក្លាយជាជនគោលដៅដែលងាយស្រួលសម្រាប់ ជនប្រព្រឹត្តបទល្មើសរំលោភបំពានផ្លូវភេទ កេងប្រវ័ញ្ច និងការលួងលោមដែលក្នុងនោះផលប៉ះពាល់មានទាំងវិជ្ជមាន និងអវិជ្ជមាន។
Q: តើកុមារកម្ពុជាប្រឈមនឹងបញ្ហាអ្វីខ្លះ នៅពេលដែលពួកគេប្រើបណ្តាញសង្គម?
A: កុមារកម្ពុជាមានបញ្ហាច្រើន។ ប្រសិនបើផ្ដោតលើបញ្ហាអវិជ្ជមាន ទីមួយកុមារអាចក្លាយទៅជាជនគោលដៅមានន័យថា កាលណាកុមារផ្សារភ្ជាប់ទៅជាមួយបណ្ដាញសង្គមគេអាចធ្វើការទំនាក់ទំនងមកកាន់គាត់បាន ដែលបង្កជាភាពងាយស្រួលក្នុងការប្រើប្រាស់ និងបោកបញ្ឆោតឬក៏អាចឈានទៅដល់ការរំលោភបំពាន លួងលោម។ ហើយប្រសិនបើគ្មានបញ្ហានេះកើតឡើងនោះទេ ក៏ពួកគាត់អាចក្លាយជាជនរងគ្រោះនៃបញ្ហាផ្លូវចិត្ត ពីព្រោះការប្រើប្រាស់បណ្ដាញសង្គម ពីព្រោះពួកគាត់ទទួលបានព័ត៌មានច្រើនពីមួយថ្ងៃទៅមួយថ្ងៃហើយមិនមែនជាព័ត៌មានដែលបង្កឲ្យមានភាពសប្បាយរីករាយ និងការរីកចម្រើនទៅលើការគិតរបស់ពួកគាត់នោះទេដែលអាចធ្វើឲ្យពួកគាត់មានលក្ខណៈថប់អារម្មណ៍ និងបាក់ទឹកចិត្ត ដែលជាប្រភពមួយធ្វើឲ្យបាត់បង់នូវការលូតលាស់របស់កុមារ ដូចជាកុមារលែងលេងល្បែងពិតប្រាកដ ប៉ុន្តែបែរជាងាកទៅលេងល្បែងអនឡាញ ហើយលែងនិយាយជាមួយគ្រួសារ ហើយបែរជាងាកទៅនិយាយលេងជាមួយនឹងមិត្តភក្កិអនឡាញដែលធ្វើឲ្យបាត់នូវសមត្ថភាពនៃការទំនាក់ទំនងក្នុងការរស់នៅក្នុងសង្គមដែលអាចធ្វើឲ្យក្លាយជាប្រភពនៃបញ្ហាផ្លូវចិត្ត។
Q: ហេតុអ្វីបានជាបញ្ហាទាំងនោះបន្តកើតមានលើកុមារ?
A: ទាក់ទងនឹងបញ្ហានេះ វានៅតែបន្ត ពីព្រោះថាការប្រើប្រាស់ប្រព័ន្ធអនឡាញនៅតែបន្តដោយពុំមានចំណេះដឹងដែលទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធអនឡាញ ឬបណ្ដាញសង្គមមិនបានត្រឹមត្រូវ ហើយវាក៏ជាបញ្ហាលំបាកផងដែរ ព្រោះថា ការប្រើប្រាស់បណ្ដាញសង្គមនេះគឺជារឿងផ្ទាល់ខ្លួនដែលធ្វើដោយការស្ម័គ្រចិត្ត ដូច្នេះវាពិបាកក្នុងការគ្រប់គ្រង។ ហើយមួយវិញទៀតក្រុមហ៊ុនបណ្ដាញសង្គមដែលក្នុងនោះមានក្រុមហ៊ុនច្រើនដូចជា Tik Tok Facebook Instagram និងបណ្ដាញសង្គមផ្សេងៗទៀត ក្នុងនោះគោលដៅរបស់គេគឺចង់ឲ្យមានអ្នកប្រើប្រាស់ច្រើន អញ្ចឹងការរៀបចំ ក៏ដូចជាការរចនាគឺដើម្បីទាក់ទាញយុវជន ក៏ដូចជាកុមារក្នុងការប្រើប្រាស់។ អញ្ចឹងសរុបសេចក្តីមកវិញ បញ្ហានេះនៅតែបន្តកើតឡើង ដោយសារចំណេះដឹងរបស់យើងនៅមានកម្រិត ហើយយើងត្រូវតែបន្តផ្សព្វផ្សាយអប់រំគ្នាទៅវិញទៅមក។
ហើយទាក់ទងនឹងអាជ្ញាធរ និងរាជរដ្ឋាភិបាល ក៏ត្រូវបង្កើនគោលការណ៍ណែនាំទៅលើបញ្ហានេះផងដែរ ព្រោះបញ្ហានេះគឺជារឿងក្តៅគគុកដែលត្រូវដោះស្រាយដើម្បីធានាថា កុមារមានសុវត្ថិភាពនៅលើបណ្ដាញសង្គម។
Q: តើអ្នកពាក់ព័ន្ធគួរធ្វើបែបណាដើម្បីទប់ស្កាត់ និងការពារកុមារពីបញ្ហាទាំងនោះ?
A: សម្រាប់ UNICEF អ្វីដែលយើងចង់បានបំផុតគឺកុមារ ក្មេងជំទង់ យុវជន និងអ្នកប្រើប្រាស់ទូទៅមានសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញ។ ហើយយើងចង់ឃើញថាប្រព័ន្ធអនឡាញ និងបណ្ដាញសង្គមនឹងក្លាយជាឧបករណ៍មួយជាជំនួយផ្ដល់នូវផលវិជ្ជមានដល់ការសិក្សាការរស់នៅ ការស្រាវជ្រាវ ការទំនាក់ទំនង។ អញ្ចឹងយើងនឹងបន្តការផ្សព្វផ្សាយអប់រំទៅដល់កុមារ និងយុវជនឱ្យមានចំណេះដឹង មូលដ្ឋានសម្រាប់ពួកគាត់ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះឲ្យមានសុវត្ថិភាព។ ហើយយើងក៏បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលក្នុងការបង្កើតនូវប្រព័ន្ធរាយការណ៍ដែលមានលេខទូរស័ព្ទជាដើម សម្រាប់ឲ្យពួកគាត់ធ្វើការទាក់ទងនៅពេលដែលមានបញ្ហា ឬក៏មុនពេលដែលមានបញ្ហាហើយ UNICEF ក៏បានបង្កើតនូវយុទ្ធនាការទាក់ទងជាមួយនឹងបញ្ហាអនឡាញដែលពាក់ព័ន្ធទៅនឹងសុខភាពផ្លូវចិត្តដល់កុមារដើម្បីធ្វើយ៉ាងណាឲ្យកុមារមានសុវត្ថិភាព មួយវិញទៀត UNICEF កំពុងធ្វើការជាមួយរាជរដ្ឋាភិបាល និងក្រសួងដែលពាក់ព័ន្ធក្នុងការផ្ដល់នូវគោលការណ៍ណែនាំ ក៏ដូចជាក្របខណ្ឌច្បាប់ផងដែរ ដើម្បីជួយដល់កុមារឲ្យទទួលបានសុវត្ថិភាពនៅពេលដែលពួកគាត់ប្រើប្រាស់ប្រព័ន្ធអនឡាញ។
Q: បាទ! សូមអរគុណ មាស ប៊ុនលី!
A: បាទ! អរគុណ៕