ការហូរចូលនៃផលិតផលកសិកម្មក្រៅស្រុក កំពុងជាបញ្ហាចម្បងដែលធ្វើឲ្យប្រជាកសិករក្នុងស្រុកជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច និងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia ជាមួយកញ្ញា តេង នាតី ជាសិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ជម្រាបសួរ លោក!
A: បាទ! ជម្រាបសួរ!
Q: តើផលិតផលកសិកម្មដែលនាំចូលមកកាន់កម្ពុជាភាគច្រើនមកពីប្រទេសណា ហើយប្រភេទអ្វីខ្លះ?
A: ផលិតផលដែលនាំចូលមកប្រទេសកម្ពុជាគឺភាគច្រើនមានពីប្រទេសថៃ ប្រទេសវៀតណាម ហើយមានជាបន្លែ ផ្លែឈើ ត្រី សាច់ រួមជាមួយនឹងសម្ភារៈផ្សេងៗទៀតដែលជាម្ហូបអាហារ និងអាចនាំចូលគ្រាប់ពូជផងដែរពីប្រទេសទាំងពីរហ្នឹង ព្រោះកម្ពុជាយើងមិនទាន់បានផលិតគ្រាប់ពូជគ្រប់បន្លែ ឬក៏ផលិតផលកសិកម្មគ្រប់សព្វទេ អ៊ីចឹងភាគច្រើនយើងនាំចូលពីវៀតណាម អង្ករដូចជាថៃផងដែរ។
Q: តើបច្ចុប្បន្នការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងមានចំនួនប៉ុន្មានដែរក្នុងមួយឆ្នាំៗ? ហើយបច្ចុប្បន្នមានការកើនឡើង ឬថយចុះ?
A: សម្រាប់ចំនួន ខ្ញុំមិនទាន់បានដឹងជាក់លាក់ថាមានចំនួនប៉ុន្មានទេណាក្នុងមួយឆ្នាំៗ ប៉ុន្តែយើងមើលឃើញថាមិនមានការថយចុះក្នុងការនាំចូលហ្នឹង គឺកាន់តែកើនឡើងពីព្រោះតម្រូវការម្ហូបអាហារ និងសម្ភារៈស្បៀងសព្វថ្ងៃហ្នឹង គឺកាន់តែជាតម្រូវការចាំបាច់ដែលមនុស្សភាគច្រើនកំពុងតែត្រូវការ។
Q: កម្ពុជាជាប្រទេសកសិកម្ម ប៉ុន្តែហេតុអ្វីបានជាកម្ពុជានាំចូលបន្លែពីក្រៅប្រទេសយ៉ាងច្រើនបែបនេះ?
A: ការដាំដុះរបស់យើង ទោះបីជាយើងជាប្រទេសកសិកម្ម ប៉ុន្តែការកត់សម្គាល់របស់ខ្ញុំ ការដាំដុះ និងការនាំចេញរបស់យើងនៅមានកម្រិតនៅឡើយទេ អ៊ីចឹងហើយ វាទាមទារឱ្យមានការគិតគូរភាគីឱ្យមានការនាំចូលច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសដោយសារតែផលិតផលមួយចំនួនគឺយើងមិនអាចដាំដុះបាន ឬក៏មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងស្រុក។
Q: ជាទូទៅយើងតែងឃើញថាបន្លែដែលនាំចូលមានតម្លៃថោកជាងបន្លែក្នុងស្រុក តើមកពីមូលហេតុអ្វីដែរ?
A: បាទ! ជាទូទៅកាលណាគេដាំ ប្រើវត្ថុធាតុដើម ឬក៏ទុនតិច ហើយមានបច្ចេកវិទ្យាខ្ពស់ទទួលបានផលច្រើន ច្បាស់ណាស់ការលក់បន្លែ ផ្លែឈើ ឬក៏ផលិតផលហ្នឹងមកប្រទេសកម្ពុជាយើងមានតម្លៃទាបជាង អ៊ីចឹងហើយពីដីនៃការដាំ ដោយសារតែបច្ចេកទេស និងវិធីសាស្រ្តនៃការដាំដុះរបស់ប្រទេសជិតខាងហ្នឹងមានភាពជឿនលឿនជាង ឬក៏មានភាពល្អប្រសើរជាង។
Q: បើបន្លែពីក្រៅស្រុកមានជាតិគីមីច្រើន តើវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគបែបណាខ្លះ?
A: ជាទូទៅ នៅពេលដែលប្រជាពលរដ្ឋកម្ពុជាយើងបរិភោគបន្លែ ផ្លែឈើ ដែលនាំចូលមានសារធាតុគីមី វានឹងប៉ះពាល់សុខភាពរបស់ពួកគាត់ ដូចជាកើតជម្ងឺជាដើម ហើយនិងមានបញ្ហាផ្សេងៗទៀត។
Q: តើការនាំចូលបន្លែពីក្រៅប្រទេសបែបនេះ ធ្វើឱ្យប៉ះពាល់បែបណាខ្លះដល់កម្ពុជា ពិសេសកសិករ?
A: កាលណាបើយើងនៅតែបន្តឱ្យមានការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេសខ្លាំងច្រើនមកលក់ក្នុងទីផ្សារប្រទេសកម្ពុជាយើង បើប៉ះពាល់ធំគឺត្រង់ថាបន្លែយើងគឺនឹងលក់មិនចេញទេ អាហ្នឹងរឿងទីមួយ រឿងទីពីរការកែច្នៃរបស់យើងនៅមានកម្រិត អ៊ីចឹងវានឹងធ្វើឱ្យចាល់ ឬលក់មិនដាច់នូវផលិតផលក្នុងស្រុកមួយចំនួន អ៊ីចឹងយើងត្រូវការគិតគូរ និងជំនាញវិធីសាស្រ្តក្នុងការកែច្នៃរួមជាមួយនឹងលើកកម្ពស់នៃការប្រើប្រាស់នូវផលិតផលក្នុងស្រុកឱ្យបានច្រើន។
Q: បើការនាំចូលផលិតផលកសិកម្មក្រៅស្រុកនៅតែបន្ត តើសេដ្ឋកិច្ចរបស់ប្រជាជន និងសង្គមជាតិទៅជាយ៉ាងណាដែរ?
A: ខ្ញុំគិតថាបើសិននៅតែមានការនាំចូល ផលប៉ះពាល់ទាក់ទងនឹងសេដ្ឋកិច្ចគឺមានការធ្លាក់ចុះលើប្រាក់ចំណូល ហើយបំណុលនៃការកើនឡើងខ្លាំង ហើយការបាក់ទឹកចិត្តរួមជាមួយនឹងអត្រានៃការធ្វើកសិកម្មដើម្បីផ្គត់ផ្គង់ក្នុងស្រុកនឹងមានការថយចុះ។
Q: តើអ្នកពាក់ព័ន្ធគួរធ្វើបែបណាដើម្បីកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេសបាន?
A: យន្តការគឺក្រសួង រាជរដ្ឋាភិបាល ហើយនិងគ្រប់ភាគីពាក់ព័ទ្ធត្រូវតែធ្វើការរួមគ្នាដើម្បីឆ្លើយតបបញ្ហា និងដោះស្រាយបញ្ហាចំពោះមុខទៅលើផលប៉ះពាល់នៃការនាំចូល ក៏ដូចជាធ្វើម៉េចឱ្យមានកំណែទម្រង់ និងអភិបាលកិច្ចនៃវិស័យកសិកម្មក្នុងប្រទេសកម្ពុជាបាន។
Q: អរគុណលោកដែលបានផ្តល់កិច្ចសម្ភាសន៍!
A: បាទ អរគុណ!