ក្រសួងសុខាភិបាលក្រើនរំឮកពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺផ្តាសាយបក្សី H5N1 បន្ទាប់ពីស្ត្រីអាយុ ២១ឆ្នាំម្នាក់ រស់នៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បានឆ្លងវីរុសនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៣ បញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ត្រីអាយុ២១ឆ្នាំម្នាក់ រស់នៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បានចាប់ផ្តើមមានអាការ: រោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា នេះជាករណីវិជ្ជមានវីរុសផ្ដាសាយបក្សី H5N1 ហើយបច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ដោយមានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលបញ្ជាក់តាមន័យដើមថា៖ «ក្រសួងសុខាភិបាល សូមក្រើនរំឮកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូនប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលអោយបានទាន់ពេលវេលា»។
ចាបើ់ពីដើមខែតុលា ឆ្នាំ២០២៣មក មនុស្សពីរនាក់បានស្លាប់ដោយសារជំងឺផ្តាសាយបង្សីនេះ។ កាលពីថ្ងៃទី៩ ខែតុលា កុមារីអាយុ២ឆ្នាំម្នាក់រស់នៅភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានស្លាប់ដោយវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ហើយកាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បុរសអាយុ៥០ឆ្នាំម្នាក់រស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀងក៏បានស្លាប់ដោយសារវីរុសផ្តាសាយបក្សី H5N1 នេះផងដែរ។
នេះជាករណីផ្ដាសាយបក្សីទី៦០ ដែលកើតមានលើមនុស្ស និងបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤០នាក់ ចាប់តាំងពីឆ្នាំ២០០៥មក។
បើតាមក្រសួងសុខាភិបាល ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា៕