សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) រកឃើញថា រដ្ឋាភិបាលបានរឹតត្បិតសិទ្ធិ ឌីជីថល(Digital Rights) តាមរយៈការតាមដានអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋជុំវិញសេរីភាពបញ្ចេញមតិរបស់ពួកគេនៅលើប្រព័ន្ធអ៊ីនធឺណិត។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេមបូចា បានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា«ផលប៉ះពា ល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត »។តាមរយៈរបាយការណ៍របស់ខ្លួន ស្ថាប័នព័ត៌មាននេះអះអាងថា រដ្ឋាភិបាល និងក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត បានឃ្លាំមើលដោយសកម្មភាពទៅលើអ្នកសារព័ត៌មាន និងពលរដ្ឋក្នុងការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត។
ជាអ្នកសារព័ត៌មានសេរីមួយរូប កញ្ញា ហ៊ន ថូវ៉ាន យល់ស្របតាមរបាយការណ៍ ខេមបូចា ដោយលើកឡើងថា រដ្ឋាភិបាលតាមឃ្លាំមើលសកម្មភាពរបស់អ្នកសារព័ត៌មានដែលអាជ្ញាធរយល់ថា សកម្មភាពរបស់អ្នកសារព័ត៌មានអាចប៉ះពាល់ដល់អំណាចរដ្ឋ។
កញ្ញាបន្តទៀតថា នៅពេលរាយការណ៍ពីភាពចន្លោះប្រហោងរបស់មន្រ្តីរដ្ឋាភិបាល រូបគេប្រើប្រាស់មធ្យោបាយជជែកដោយផ្ទាល់ជាមួយក្រុមការងារដើម្បីគេចផុតពីការឃ្លាំមើលតាមបណ្ដាញអ៊ីនធឺណិតនេះ។
កញ្ញាបន្តថា៖«យើងអត់ទុកចិត្តទេដោយសារយើងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតគឺគ្រប់គ្រងដោយក្រសួងប្រៃសណីយ៍ដែលជាក្រសួងគ្រប់គ្រងដោយរដ្ឋាភិបាល។ ចឹងចង់ឬមិនចង់យើងតែងមានការព្រួយបារម្ភថា តើយើងនិយាយលើប្រព័ន្ធអស់ហ្នឹង វាមានសុវត្ថិភាពដែរទេ ហើយវាធានាឱ្យការធ្វើការរបស់យើងវាគ្មានការគំរាមកំហែង ឬការតាមដានឬការចាប់យកសារសំឡេង»។
អ្នកសារព័ត៌មានសេរីមួយរូបផ្សេងទៀតគឺ លោក សុខ ចន្ត្រាវុធ ជឿថា ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតមួយចំនួនមានទំនាក់ទំនងដោយជិតដិតជាមួយមន្រ្តីរដ្ឋាភិបាល។បន្ថែមពីលើនេះ លោកសង្កេតឃើញថា កាលពីពេលកន្លងទៅមានអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងក្រុមអ្នកការពារបរិស្ថានមួយចំនួនបានជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងការរិះគន់ និងការលើកឡើងពីចំណុចអវិជ្ជមានរបស់មន្រ្តីរដ្ឋាភិបាលតាមបណ្ដាញសង្គមនេះ។
របាយការណ៍ ខេមបូចា(CamboJa) បង្ហាញថា ការរឹតបន្តឹងលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត នឹងជះផលអវិជ្ជមានចំពោះការទទួលបានព័ត៌មានពិតប្រាកដ ដែលជារឿងសំខាន់ក្នុងការបង្ហាញទៅកាន់អ្នកធ្វើគោលនយោបាយដើម្បីសម្រេចចិត្ត។ការរកឃើញនេះ ក្រុមអ្នកស្រាវជ្រាវ បានសួរទៅកាន់អ្នកសារព័ត៌មានចំនួន៦៥នាក់ ក្នុងចំណោម២០០នាក់ ឬស្មើនឹង ៣២,៥% ដែលក្រុមការងារបានផ្ញើសំណួរទៅកាន់ពួកគេ ។
លើសពីនេះទៀត ការស្រាវជ្រាវនេះរកឃើញថា ៤៥,៦% បានយល់ស្របថា រដ្ឋាភិបាលតាមដាន សេរីភាពបញ្ចេញមតិ។ក្រៅពីនេះ ៤៧,៤% នៃអ្នកសារព័ត៌មានជឿថា រដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ក្នុងការរឹតត្បិតការងាររបស់ពួកគេនៅលើអនឡាញ។
របាយការណ៍ដដែលបន្តទៀតថា២៦,៣% បានលើកឡើងថា ពួកគេគ្មានសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត ហើយ ១៩,៣% អះអាងថា ពួកគេគ្មានសុវត្ថិភាពទាល់តែសោះ នៅពេលធ្វើការងាររសើប។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បញ្ជាក់ថា ការតាមដានឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតមិនមែនជាការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ។លោក អះអាងថា ប្រជាពលរដ្ឋជាអ្នកទាមទារឱ្យរដ្ឋាភិបាលមានច្បាប់ និងចាត់វិធានការលើឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត។
លោកបន្តថា៖ «រាជរដ្ឋាភិបាលគ្មានពេលតាមដានប្រជាពលរដ្ឋណា ឬអ្នកសារព័ត៌មានណានិយាយអ្វីទេ។ […] អ្នកលេងបណ្តាញសង្គមម្នាក់ៗត្រូវទទួលខុសត្រូវខ្លួនឯង បើនិយាយអ្វី ឬសរសេរអ្វីប៉ះពាល់អ្នកដទៃ ឬបំពានច្បាប់និងក្រមសីលធម៌ អ្នកទទួលការខូចខាតមានសិទ្ធិទាមទារយុត្តិធម៌តាមរយៈចំណាត់ការផ្លូវច្បាប់» ។
ចំណែក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថាសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅតែបន្តធ្លាក់ចុះ។
របាយការណ៍ដដែលនេះ បញ្ជាក់ទៀតថា តាមរយៈក្រសួងសាមីដែលជាសេនាធិការរបស់រដ្ឋាភិបាល បានបិទអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដូចជា វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) គេហទំព័រមានវិទ្យុអាស៊ីសេរី កាសែត ឌឺ ខេមបូឌា ដេលី(The Cambodia Daily) និងមូលដ្ឋានទិន្នន័យកំណត់ត្រា(Kamnotra)ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
បើតាម CCHR មានអ្នកកាសែត១៦នាក់ និងអ្នកការពារសិទ្ធិមនុស្ស១០០នាក់ប្រឈមមុខនឹងវិធានការច្បាប់ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ជាមួយគ្នានេះដែរ អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) បានចេញរបាយការណ៍របស់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១៥ ដែលដាក់ចំណងជើងថា «ដំណើរឃ្លាតចេញពីអ៊ីនធឺណេត? ការគំរាមកំហែងចំពោះសេរីភាពលើប្រព័ន្ធអ៊ីនធឺណេត ដែលទើបរកឃើញថ្មីនៅកម្ពុជា » បង្ហាញថា សេរីភាពតាមប្រព័ន្ធអ៊ីនធឺណេតដែលរកឃើញថ្មីៗនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគំរាមកំហែង។ប៉ុន្មានឆ្នាំកន្លងទៅនេះ គេហទំព័រមួយចំនួន ត្រូវបិទខ្ទប ចំណែកសកម្មជនវិញត្រូវរងការរំខានដោយសារសកម្មភាពផ្សព្វផ្សាយព័ត៌មានតាមគេហទំព័ររបស់ពួកគេ។ចំណែក អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតវិញ ត្រូវរងការប្តឹងដោយសារការបញ្ចេញទស្សនៈ តាមអ៊ីនធឺណេត។
លីកាដូ បញ្ជាក់ទៀតថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ថ្មី កំពុងស្នើឡើងដើម្បីគ្រប់គ្រងមិនត្រឹមតែលើអត្ថន័យខ្លឹមសារ ដែលពលរដ្ឋកម្ពុជាបានបង្ហោះ នៅលើប្រព័ន្ធអ៊ីនធឺណេតនោះទេ គឺថែមទាំងពង្រឹងការគ្រប់គ្រងទាំងស្រុង លើទម្រង់ស្ថាបត្យកម្មស្នូល នៃប្រព័ន្ធអ៊ីនធឺណេត។
យ៉ាងនេះក្តី នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa) លោក ណុប វី ថ្លែងថា សមាគមរបស់លោកនឹងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធានាថា ទាំងពលរដ្ឋ និងអ្នកសារព័ត៌មានមានសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតដោយគ្មានការបារម្ភពីការតាមដានសផ្សេងៗ។
លោកបញ្ជាក់ថា៖ «ចំណុចនេះដែរយើង គប្បីដាក់ចេញនូវសកម្មភាពជាក់លាក់ ក៏ដូចជាធ្វើការសហប្រ តិបត្តិការគ្នាច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ លោកមានអារម្មថាមានសុវត្ថិភាព អ្នកសារព័ត៌មានមានអារម្មថាមានសុត្ថិភាពមិនស្ថិតនៅក្រោមការតាមដានផ្សេងៗនៅក្នុងការដែលពួកគាត់ប្រើប្រាស់អ៊ីនធឺណិតហ្នឹង» ។