គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពិនិត្យលើពាក្យសុំចុះបញ្ជី និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សនយោបាយនៃសម្ព័ន្ធភាពឆ្ពោះទៅអនាគត កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាផ្លូវការ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ជាការឆ្លើយតប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី៥ ខែធ្នូ ថា គណៈកម្មាធិការនេះ បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យស្នើសុំចុះបញ្ជីរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលឈរឈ្មោះចំនួន ៨ភូមិភាគ ដែលមានបេក្ខជនសរុបចំនួន ១១៦រូប និងកំពុងពិនិត្យលើពាក្យសុំចុះបញ្ជីរបស់គណបក្សឆន្ទៈខ្មែរ នៅមណ្ឌលឈរឈ្មោះចំនួន ៨ភូមិភាគ ដែលមានបេក្ខជនសរុបចំនួន ១១៦រូប។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់ Newsroom Cambodia បន្ថែមលើសេចក្តីប្រកាសព័ត៌មានថា គណបក្សឆន្ទៈខ្មែរ មានលក្ខណៈសម្បត្តិ និងឯកសារគ្រប់គ្រាន់់ ដែលប្រកបទៅដោយភាពស្របច្បាប់ និងត្រឹមត្រូវនៅក្នុងការដាក់ពាក្យចុះបញ្ជីគណក្ស និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នាពេលខាងមុខនេះ។
លោកថា៖«គណបក្សឆន្ទៈខ្មែរ លោកមានឯកសារគ្រប់គ្រាន់នៅក្នុងការដាក់ចុះបញ្ជីគណបក្ស និងបេក្ខជនប្រកួតប្រជែង»។
មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក ផល ស៊ីថុន មានប្រសាសន៍ថា គណបក្សនេះ បានដាក់ពាក្យស្នើ ដោយភ្ជាប់ជាមួយនូវរាល់ឯកសារទាំងអស់ដែល គ.ជ.ប ត្រូវការ។ លោកបន្តថា គណបក្សនឹងរងចាំមើលការសម្រេចចុងក្រោយរបស់ គ.ជ.ប បន្ទាប់ពីការស្នើរសុំរយៈពេល៧ថ្ងៃ ទៅតាមច្បាប់ដែលបានកំណត់។
លោកថា៖«គេ[គ.ជ.ប]កំពុងតែពិនិត្យមើលបញ្ជីបេក្ខជន[ឈរឈ្មោះសម្រាប់ការបោះឆ្នោត]ព្រឹទ្ធសភារបស់គណបក្សឆន្ទៈខ្មែរ ហើយគាត់នឹងឆ្លើយតបនៅពេលខាងមុខ អានេះវាជាឆន្ទានុសិទ្ធិរបស់ គ.ជ.ប គាត់ឆ្លើយតបយ៉ាងណានោះ។ ប៉ុន្តែសម្រាប់គណបក្សឆន្ទៈខ្មែរយើង យើងបានដាក់គ្រប់ ៨ភូមិភាគ ហើយឯកសារដែលយើងដាក់ទៅហ្នឹងគឺគ្រប់ទម្រង់ ដោយមិនមានខ្វះឯកសារណាមួយទេ»។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គណបក្សនយោបាយចំនួន៤ ក្នុងនោះមាន គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានរួមគ្នាបង្កើតចំណងនយោបាយថ្មីមួយដោយឱ្យឈ្មោះថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ក្នុងគោលដៅប្រកួតប្រជែងក្នុងការបោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជា និងលើកស្ទួយការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ។
ការបង្កើតសម្ព័ន្ធភាពនេះ កើតឡើងក្រោយពីគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏ធំមួយ មិនទាន់មានភាពប្រាកដប្រជាថាអាចចូលរួមការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខ ដោយសារមិនមានឯកសារដើមនៃការចុះបញ្ជីគណបក្ស ដែលបណ្តាលឱ្យគណបក្សនេះមិនអាចចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
សាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា គណបក្សឆន្ទៈខ្មែរ មានទម្រង់ពេញលេញនៅក្នុងការដាក់ជាបេក្ខភាពឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភាបាន។
លោកបន្តថា៖«នេះជាវិធីសាស្ត្រកាត់បន្ថយការប្រើប្រាស់កម្លាំង ដែលគណបក្សនយោបាយយកមកប្រើប្រាស់។ គណបក្សភ្លើងទៀន គឺយកគណបក្សឆន្ទៈខ្មែរជាគោល ជាតំណាងទៅមុខ គណបក្សភ្លើងទៀនគេស្គាល់ពេញប្រទេសហើយ»។
គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ មានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣៕