ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនអ្នកគាំទ្រសិទ្ធិមនុស្ស ទទូចឱ្យមានការដោះលែងអ្នកជាប់ឃុំមនសិការ ក្នុងឱកាសប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដែលជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រុមសកម្មជនមាតាធម្មជាតិ បាននាំគ្នាហែរក្បួនចេញពីតំបន់បឹងកក់ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីរំលឹកអំពីទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ “ដោះលែងអ្នកទោសមនសិការដើម្បីបង្រួបបង្រួមជាតិ”។
តំណាងយុវជនមាតាធម្មជាតិ លោក ថុន រដ្ឋា មានប្រសាសន៍ថា ក្នុងទិវាសិទ្ធិមនុស្សនេះ ពួកគេស្នើយ៉ាងទទូចទៅកាន់រដ្ឋាភិបាលអាណត្តិថ្មី ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារ និងស្នើឱ្យតុលាការមានភាពយុត្តិធម៌ ស្របទៅតាមនីតិវិធីច្បាប់ជាងមុន។ តែយ៉ាងណា លោកហាក់មានក្តីសង្ឃឹមតិចតួច ដែលថាតុលាការនឹងទម្លាក់ចោលបទចោទប្រកាន់ទៅលើសកម្មជនរបស់ចលនាមាតាធម្មជាតិ។
លោកថា៖ «យើងនៅតែជឿថា ការបង្រួបបង្រួមជាតិ ការទម្លាក់បទចោទប្រកាន់ មិនថាសកម្មជននយោបាយ បរិស្ថាន សកម្មជនដីធ្លីគឺសំខាន់ ដើម្បីធ្វើយ៉ាងណាស្តារមុខមាត់ប្រទេសកម្ពុជាឱ្យមានភាពល្អប្រសើរ ជាពិសេសហ្នឹងគឺធ្វើយ៉ាងណាឱ្យមានការគោរពសិទ្ធិមនុស្សពេញលេញ និងពិតប្រាកដ មិនមែនមានតែការគោរពសិទ្ធិមនុស្សតែនៅលើក្រដាសនោះទេ»។
ក្រៅពីការដើរហែក្បួនរបស់ក្រុមយុវជនក្នុងទិវាសិទ្ធិមនុស្សនេះ ក៏មានការដើរហែក្បួន និងធម្មយាត្រាមួយទៀត ចេញពីខេត្តសៀមរាប មកកាន់ទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញដែរ ដោយធម្មយាត្រានេះ រៀបចំឡើងដោយក្រុមយុវជនព្រះសង្ឃ តំណាងសហជីព និងសង្គមស៊ីវិល ដែលសរុបជារួម មានអ្នកចូលរួមប្រមាណ ៣០ ០០០នាក់ ក្នុងនោះមានទាំងតំណាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ក្រុមយុវជន និងបុគ្គលិកស្ថានទូតមួយចំនួនផងដែរ។
សកម្មជនយុវជនចលនាមាតាធម្មជាតិ បានបើកកកាយពីបទពិសោធន៍ដែលពួកគេបានជួបប្រទះ ជាមួយប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ដោយពួកគេថា ក្នុងរយៈពេល ១០ឆ្នាំមកនេះ សកម្មជនចំនួន ១១រូបរបស់ចលនាមាតាធម្មជាតិ ត្រូវបានចាប់ដាក់ពន្ធនាគារ។ ដោយឡែកក្នុងរយៈពេលចុងក្រោយនេះ សកម្មជននៃចលនាមាតាធម្មជាតិចំនួន ៦នាក់ផ្សេងទៀត ត្រូវជាប់ចោទពីបទ «រួមគំនិតក្បត់» ដែលត្រូវប្រឈមមុខទៅនឹងការជាប់ពន្ធនាគារ នេះបើតាមការលើកឡើងរបស់តំណាងក្រុមចលនាមាតាធម្មជាតិ នៅឯទីលានប្រជាធិបតេយ្យ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មានប្រសាសន៍ថា លោកមិនដឹងថាក្រុមចលនាមាតាធម្មជាតិ ស្នើសុំឱ្យដោះលែងអ្នកណានោះទេ ដោយសារតែនៅកម្ពុជាមិនមានអ្នកទោសមនសិការ គឺមានតែអ្នកទោសដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
លោកថា៖ «ខ្ញុំអត់ដឹងថា គាត់ស្នើឱ្យដោះលែងអ្នកណាទេ ព្រោះអីស្រុកខ្មែរអត់មានអ្នកទោសមនសិការទេ មានតែអ្នកទោសដែលជាប់ហើយសុទ្ធតែអ្នកទោសប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទាំងអស់ សុំពួកគាត់ឱ្យនិយមន័យអ្នកទោសមនសិការហ្នឹងឱ្យច្បាស់បន្តិច ព្រោះអីពាក់ព័ន្ធនឹងមនសិការអត់មានទោសទេ តែបើទាក់ទងនឹងបទល្មើសដែលគេចែងក្នុងព្រហ្មទណ្ឌទើបមានទោស»។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង សង្កេតឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាថា មកដល់បច្ចុប្បន្នគឺនៅតែមានការរឹតត្បិត និងពលរដ្ឋនៅមិនទាន់មានសិទ្ធិពេញលេញនៅឡើយ។
លោកថា៖ «សិទ្ធិសេរីភាពរបស់ពួកគេ គឺមិនទាន់មានការអនុវត្តពេញលេញ ទទួលបានការគាបសង្កត់ពីអាជ្ញាធរចំពោះសិទ្ធិនៃការជួបជុំ ហើយសិទ្ធិនៃការទទួលបានព័ត៌មានក៏មានការរឹតត្បឹត ដោយសារសារព័ត៌មានឯករាជ្យមួយចំនួនត្រូវបានបិទ»។
លោកបានបន្ថែមថា យុវជនសហគមន៍មូលដ្ឋានដែលចូលរួមជំរុញការអនុវត្តសិទ្ធិ បែរជាត្រូវបានគេធ្វើទុក្ខបុកម្នេញពួកគាត់តាមគ្រប់រូបភាព ទាំងតាមផ្លូវតុលាការ ការរឹតត្បិត ការគំរាមកំហែង និងការទិញទឹកចិត្តជាដើម ដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សមិនទាន់មានភាពល្អប្រសើរ។
លោក ហេង គឹមហុង បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល ពិនិត្យពីលទ្ធភាពនៃការស្តារឡើងវិញនៃលំហរសិទ្ធិពលរដ្ខ សិទ្ធិនយោបាយរបស់ពួកគាត់ តាមរយៈការលើកទឹកចិត្តឱ្យពួកគាត់ចូលរួមអនុវត្តសិទ្ធិទាំងអស់នោះ ឱ្យបានពេញលេញក្នុងនាមជាពលរដ្ឋនៃប្រទេសប្រជាធិបតេយ្យ។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា លំហរសេរីភាពសិទ្ធិមនុស្សនៅកម្ពុជានៅតែមានការរឹតត្បិត ហើយនៅតែមានការតាមដានពីអាជ្ញាធរនៅមូលដ្ឋាន និងហាក់បីដូចជានៅតែមិនមានជាគោលការណ៍ច្បាស់លាស់ ក្នុងការផ្តល់ជាសិទ្ធិសេរីភាពជាមូលដ្ឋានទៅកាន់ប្រជាពលរដ្ឋនៅឡើយ។
លោកថា៖ «សេរីភាពក្នុងការជួបជុំ ការបញ្ចេញមតិយើងឃើញថា នៅមានទៅតាមនៃតំបន់ហ្នឹង វាហាក់បីដូចជាធ្វើឡើងដោយមិនមានប្រព័ន្ធច្បាស់លាស់នៅក្នុងការផ្តល់សិទ្ធិសេរីភាពហ្នឹង»។
គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ គឺជាការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ ហើយបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សនៅថ្ងៃទី១០ ធ្នូ ឆ្នាំ១៩៤៨មក។ សេចក្តីប្រកាសនេះមាន ៣០មាត្រា ដោយបានទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្ស ដោយមិនប្រកាន់សញ្ជាតិ ភេទ ជាតិសាសន៍ ពណ៌សម្បុរ សាសនា ភាសា ឬឋានៈអ្វីឡើយ៕