សមាសភាពក្បាលម៉ាស៊ីននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបចូលកាន់តំណែងថ្មី ប្តេជ្ញាអនុវត្តតាមច្បាប់ជាធរមាន ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ក្នុងអាណត្តិថ្មីចំនួន ០៩រូប មកពី ៣ភាគី ក្នុងនោះមាន ៤រូប មកពីគណបក្សប្រជាជនកម្ពុជា, ៤រូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច និងមួយរូបទៀត តំណាងឱ្យតួអង្គឯករាជ្យ បានស្បថ និងចូលកាន់តំណែងជាផ្លូវការ។ ការជ្រើសរើសសមាសភាពថ្នាក់ដឹកនាំស្ថាប័នរៀបចំ គ.ជ.ប សាជាថ្មី ក្រោយពីគណបក្សហ៊្វុនស៊ិនប៉ិចឈ្នះបាន ៥អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន ១២៥ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា ឆ្នាំ២០២៣។
យោងតាមព្រះរាជក្រឹត្យ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូនេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង លោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក ជឺ ចំណាន ជាអនុប្រធាន លោក មាស សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជាសមាជិក ក្នុងថ្នាក់នាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិទី៩ថ្មី។
ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្លែងថា យោងតាមស្មារតីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យមួយត្រូវបានបង្កើតឡើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនានានៅកម្ពុជា ហើយបើគិតមកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិនេះ បានរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងសកល ទាំងអសកល បានចំនួន ១៧លើករួចមកហើយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន។
លោកថ្លែងថា៖«ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្តេជ្ញាយ៉ាងមោះមុតប្រកបដោយការទទួលខុសត្រូវខ្ពស់ថា រូបខ្ញុំ រួមជាមួយនឹងឯកឧត្តមអនុប្រធាន និងឯកឧត្តមសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែប្រសើរឡើងស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គ.ជ.ប ជាស្ថាប័នចាត់តាំងមួយដោយឯករាជ្យ និងអព្យាក្រឹត ក្នុងការរៀបចំដំណើការបោះឆ្នោត តាមតួនាទី កាតព្វកិច្ច ភារកិច្ច ផ្អែកទៅលើច្បាប់ជាធរមាន។ លោកបន្តថា ទោះបីមានគណបក្សប្រឆាំងមួយចំនួន ចោទថា គ.ជ.ប មិនឯករាជ្យយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេល គ.ជ.ប អនុវត្តតាមភារកិច្ច និងកាតព្វកិច្ច ដែលច្បាប់បានចែង នោះហើយជាអព្យាក្រឹតរបស់ គ.ជ.ប។
លោកបន្ថែមថា៖«ខ្ញុំយល់ថា បើគេ[គ.ជ.ប]អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់គេ ហើយអនុវត្តត្រឹមត្រូវតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោត ចឹងអាហ្នឹងវាបញ្ជាក់ពីឯករាជ្យភាព និងអព្យាក្រឹតភាពរបស់គ.ជ.បហើយ»។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ប្រាប់Newsroom Cambodiaថា គណបក្សនឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះសមាសភាពទាំង៤រូប នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកពីកូតាខាងគណបក្សហ៊្វុនស៊ិនប៉ិច ដោយធ្វើយ៉ាងណាធានាឱ្យស្ថាប័នមួយនេះ អាចបម្រើឱ្យគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋគ្រប់រូបអាចជឿទុកចិត្តបាន។
លោកអះអាងថា៖«ខិតខំយ៉ាងណា ឱ្យស្ថាប័ន[គ.ជ.ប]មួយនេះ កាន់តែទទួលបាននូវការទុកចិត្តពីប្រជារាស្ត្រខ្មែរ ក៏ដូចជាគ្រប់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ»។
តាមមាត្រា៣ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចែងថា គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ សមាជិកទាំងឡាយនៃ គ.ជ.ប គ្រប់លំដាប់ថ្នាក់ ត្រូវមានជំហរអព្យាក្រឹតឥតលម្អៀងក្នុងការអនុវត្តការងារបោះឆ្នោត។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និចហ្វិក លោក សំ គន្ធាមី រំពឹងថា សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ថ្មី នឹងដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតនេះបានល្អប្រសើរក្នុងអាណត្តិនេះ ព្រោះថា សមាជិកទាំងនោះមកពីគណបក្សចម្រុះក្នុងរដ្ឋសភា និងមានតំណាងតួអង្គឯករាជ្យ។ លោកបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវតែអនុវត្តច្បាប់ និងធានាថា ស្ថាប័ននេះមានភាពឯករាជ្យ។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា សមាជិក គ.ជ.ប ដែលចេញគណបក្សទាំងពីរនៃរដ្ឋសភាហ្នឹង អនុវត្តទៅតាមគោលការណ៍ច្បាប់ ច្បាប់ស្ដីពីការបោះឆ្នោត គោរព និងឆន្ទៈសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដើម្បីឱ្យពលរដ្ឋមានជំនឿទៅលើសមាជិក គ.ជ.ប ដែលជាគណៈកម្មាធិការឯករាជ្យរៀបចំការបោះឆ្នោត»។
សូមរំលឹកថា សមាសភាពក្បាលម៉ាស៊ីនដឹកនាំស្ថាប័ន គ.ជ.ប ទាំង ៩រូប មានអាណត្តិបំពេញការងាររយៈពេល ៥ឆ្នាំ ប៉ុន្តែក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺសមាសភាពមានស្រាប់ ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតស្របតាមច្បាប់ជាធរមាន។ នេះបើយោងតាមច្បាប់ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» ឆ្នាំ២០១៥៕