យុវជនដែលស្រលាញ់សិល្បៈគំនូរ និងការថតរូបបានដាក់បង្ហាញស្នាដៃរបស់ខ្លួន ក្រោមប្រធានបទ «អំពើពុករលួយ និងផលប៉ះពាល់» ក្នុងគោលបំណងចង់ឱ្យមានការកាត់បន្ថយអំពើពុករលួយ ។
ការដាក់តាំងរូបភាពនេះធ្វើឡើងក្នុងទិវាប្រឆាំងអំពើពុករលួយ ដែលបានរៀបចំឡើងដោយ អង្គការតម្លាភាពកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបនៃ ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ និងផ្សព្វផ្សាយឲ្យប្រជាជនបានដឹងពីអំពើពុករលួយក្នុងប្រទេសកម្ពុជា តាមរយៈការស្តាប់កិច្ចពិភាក្សានិងពិព័រណ៍រូបភាព។
លោក ភួង ខេមរា និស្សិតផ្នែកសារព័ត៌មានមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាយុវជនមួយរូបដែលបានដាក់តាំងរូបថតដែលមានរូបដៃកាន់លុយ និងកាន់ខ្សែ លើកឡើងថា រូបថតរបស់លោកគឺចង់បង្ហាញពីជំងឺសង្គមមួយ ដែលតែងប្រើប្រាស់លុយសូកប៉ាន់ដើម្បីទទួលបានតំណែង ឬផលប្រយោជន៍ណាមួយ។
លោកបន្ថែមថា៖ «មនុស្សមួយចំនួនក្នុងសង្គមតែងតែគិតថា មានលុយគឺមានអំណាចដែលជាខ្សែសណ្តោងពួកគេដើម្បីបានតួនាទី និងប្រយោជន៍។ ប៉ុន្តែអំពើមួយនេះបានបំបាក់ទឹកចិត្តអ្នកដែលមានសមត្ថភាពពិតប្រាកដ និងធ្វើឲ្យមានភាពអយុត្តិធម៌ក្នុងសង្គម»។
លោក ភួង ខេមរា
លោក ខេមរា សង្ឃឹមថា ក្រោយពីរូបភាពរបស់លោកត្រូវបានផ្សព្វផ្សាយឲ្យប្រជាជនបានឃើញនូវអត្ថន័យ និងគោលបំណងនៃរូបភាពមួយនេះ ប្រជាជនមួយចំនួនអាចនឹងឈប់ប្រព្រឹត្តអំពើពុករលួយ ប្រសិនបើគាត់ចង់ឲ្យមានការកែប្រែក្នុងសង្គម។
កញ្ញា វ៉េង ជីវៃ និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបានដាក់បង្ហាញស្នាដៃគំនូររបស់ខ្លួនក្នុងទិវាប្រឆាំងអំពើពុករលួយដែរនោះនិយាយថា រូបគំនូររបស់នាងបង្ហាញពីដើមឈើដែលត្រូវបានដួលរលំព្រោះតែត្រូវដង្កូវស៊ីខាងក្នុង ដែលប្រៀបដូចជាសង្គមដែលអាចដួលរលំព្រោះអំពើពុករលួយ។
កញ្ញាថ្លែងថា៖ «នៅក្នុងតំបន់មួយប្រជាជន ឬនរណាម្នាក់ដែលគាត់គិតតែពីប្រយោជន៍របស់ខ្លួន ថ្ងៃណាមួយសង្គមនឹងវាគង់តែដួលរលំ […] ប្រៀបដូចជាដង្កូវហ្នឹងចឹង ដង្កូវវាតូចៗតែអាចបំផ្លាញដើមឈើធំបាន»។
ចំណែកលោក ចន សុវណ្ណឌី អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបានដាក់តាំងរូបគំនូរបង្ហាញពីរូបភាពមនុស្សដែលត្រូវបានទឹកប្រាក់បិទមាត់ និយាយថា រូបគំនូររបស់លោកចង់បង្ហាញថា មនុស្សម្នាក់អាចក្លាយជាធនធានមិនល្អបានព្រោះតែភាពលោភលន់។
លោក ចន សុវណ្ណឌី
លោក សុវណ្ណឌី បានថ្លែងថា៖ «គាត់មានចំណេះដឹងតែគាត់ប្រើចំណេះដឹងរបស់គាត់ទៅលើរឿងមិនល្អគឺជាការជះផលមិនល្អ បានន័យថាគាត់មានចំណេះដឹងហើយប៉ុន្តែគាត់ប្រើប្រាស់ចំណេះដឹងគាត់ដោយការលោភលន់បន្តិចបន្តួច អញ្ចឹងហើយធ្វើឲ្យធនធានគាត់ដែលខំកសាងត្រូវបានបាត់បង់ដោយសារតែរឿងប៉ុណ្ណឹង»។
កញ្ញា ឆាយ ពេជជេស៊ីកា សិស្សមកពីសាលាវ៉េស្ទឡាញន៍ ដែលបានដាក់បង្ហាញរូបគំនូរជញ្ជីងថ្លឹងបេះដូង និងទឹកប្រាក់និយាយថា រូបគំនូររបស់កញ្ញាបង្ហាញពីបេះដូងតំណាងឲ្យភាពស្មោះត្រង់ ឬបុគ្គលដែលប្រើប្រាស់ជំនាញ និងទេពកោសល្យដើម្បីប្រកបរបរផ្សេងៗ ហើយទឹកប្រាក់ដែលតំណាងឲ្យជនខិលខូចដែលធ្វើអំពើពុករលួយ។ កញ្ញាថា ក្នុងរូបភាពបង្ហាញថា ទឹកប្រាក់មានទម្ងន់ធ្ងន់ជាងបេះដូង។
កញ្ញា ឆាយ ពេជជេស៊ីកា
កញ្ញា ជេស៊ីកា បាននិយាយថា៖ «បើយើងដើរទៅសួរនរណាម្នាក់រវាងទឹកលុយនិងសេចក្តីស្មោះត្រង់ តើអ្នកនឹងយកមួយណា គឺគាត់ប្រាកដជាយកទឹកលុយហើយ […] ដោយសារទឹកលុយវាមានតម្លៃច្រើនជាង ធ្វើឲ្យគ្មានយុត្តិធម៍ទាល់តែសោះចំពោះអ្នកដែលគ្មានទឹកលុយ»។
ស្នាដៃគំនូរ និងរូបថតដែលត្រូវបានដាក់តាំងបង្ហាញក្នុងទិវាប្រឆាំងអំពើពុករលួយនោះមានចំនួន១៦ផ្ទាំង។ ក្នុងចំណោមរូបគំនូរ និងរូបថតទាំង១៦នោះ មានរូបភាពចំនួន៦ ដែលត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសជារូបល្អជាងគេ។
គួរបញ្ជាក់ថា ថ្ងៃទី៩ ខែធ្នូ មហាសន្និបាតនៃអង្គការសហប្រជាជាតិអនុម័តជា «ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ» ដោយសេចក្តីសម្រេចនេះត្រូវបានកំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៣ ក្នុងគោលបំណងប្រឆាំងនិងទប់ស្កាត់អំពើពុករលួយ៕