ក្រសួងសុខាភិបាលបានប្រកាសកាលពីពេលថ្មីៗនេះថា មន្រ្តីជំនាញនាយកដ្ឋានឱសថបានរកឃើញឱសថ ក្លែងក្លាយចំនួន៦មុខ ដែលកំពុងចរាចរនៅលើទីផ្សារអនឡាញ( Online) ស្ថិតនៅក្នុងកំពង់ចាម។
តាមសេចក្ដីជូនព័ត៌មានខាងលើបានឱ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល សហការពីមន្ត្រីនានានៃរដ្ឋបាលខេត្តកំពង់ចាម ដោយបានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្រ្កាបទីតាំងលក់ឱសថតាមអនឡាញ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
បច្ចុប្បន្នអជ្ញាធរបានបញ្ចូនជនសង្ស័យ ដែលវេចខ្ចប់ និងលក់ឱសថក្លែងក្លាយ ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធីច្បាប់។
ក្រសួងសុខាភិបាលបានបន្ថែមថា៖ «នៅទីតាំងខាងលើសមត្ថកិច្ចចម្រុះបានរកឃើញមានឧបករណ៍សម្រាប់ការវេចខ្ចប់ និងឱសថក្លែងក្លាយចំនួន ៦មុខមានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ មានដូចជា ១. NUTRIENT CALCIUM Tablet ២. NUTRIENT CALIUM Capsule ៣. NUTRIENT ANTACID Tablets ៤. SYMPTOMS ៥. CONSTIPAION និង៦.ថ្នាំបន្តក់ភ្នែក EYE PLUS»។
តាមសេចក្ដីជូនព័ត៌មានដដែលបន្តថា យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលពិសោធន៍សុខាភិបាលបាលបានបញ្ជាក់ថាឱសថ NUTRIENT CALCIUM Tablet មានផ្ទុកសារធាតុសកម្មឱសថ Diclofenac Sodium និង NUTRIENT CALIUM Capsule មានផ្ទុកសារធាតុ Betamethasone ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ក្នុងករណីប្រើប្រាស់រយៈពេលយូរ។
ក្រសួងសុខាភិបាលបានបន្ថែមទៀតថា៖ «អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលជម្រាបជូនពីវិធានការ និងការណែនាំដូចទៅ សូមសាធារណជនបញ្ឈប់ការទិញឱសថខាងលើ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពគ្រប់ប្រភេទ តាមបណ្ដាញសង្គម ដូចជា Facebook, Tiktok, Telegram និង Youtube ព្រោះឱសថ និងផលិតផលទាំងនោះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ»។
ក្រសួងសុខាភិបាលបានបន្តទៀតថា ដើម្បីជៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់សុខភាពទៀតនោះ សូមសាធារណជនទិញឱសថ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលមានលេខទិដ្ឋាការ និងបញ្ជិកាពីក្រសួងសុខាភិបាលពីឱសថស្ថាន ឬឱសថរងស្ថានដែលស្របច្បាប់៕