គណបក្សកម្លាំងជាតិស្នើរដ្ឋាភិបាលជួយពិនិត្យ និងដោះស្រាយវិបត្តិបំណុលរបស់ពលរដ្ឋដែលបានខ្ចីពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនក្នុងស្រុកដែលគ្មានលទ្ធភាពសងបំណុលត្រលប់ទៅវិញ ។
យោងតាមលិខិតរបស់គណបក្សកម្លាំងជាតិ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាបច្ចុប្បន្ន បានជះផលអវិជ្ជមានយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងប្រឈមមុខវិបត្តិបំណុលវ័ណ្ឌក ដោយសារគ្មានលទ្ធភាពសងបំណុលត្រលប់ទៅគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគាឯកជន។
លិខិតបន្តថា៖ «ការណ៍នេះ គ្រួសារដែលកំពុងជំពាក់បំណុលវ័ណ្ឌក ប្រឈមនឹងការបង្ខំរឹបអូសទ្រព្យសកម្មរបស់ពួកគាត់ ដើម្បីទូរទាត់បំណុល ពីព្រោះគ្រប់ប្រភេទនៃគ្រមោងប្រាក់កម្ចី គឺសុទ្ធតែដាក់តម្កល់នូវប្លង់រឹងបញ្ជាក់ពីកម្មសិទ្ធិទ្រព្យសម្បត្តិសកម្មនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន ដូចជា ប្លង់ផ្ទះ និងប្លង់ដីស្រែចំការជាដើម»។
ក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកនេះ គណបក្សកម្លាំងជាតិ យល់ថា រាជរដ្ឋាភិបាល គួរប្រើប្រាស់បំណុលសាធារណៈរបស់រដ្ឋ (Public Debts) ដើម្បីយកទៅដោះស្រាយវិបត្តិបំណុលវ័ណ្ឌករបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារកសិករ។
ជាមួយគ្នានេះដែរ គណបក្សនេះថា រាជរដ្ឋាភិបាល គួរបង្កើតគោលនយោបាយស្តីពីការអនុគ្រោះបញ្ចុះអត្រាការប្រាក់ រួមទាំងពន្យារពេលសងបំណុលត្រលប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនវិញ យ៉ាងតិចណាស់ចំនួន២(ពីរ)ឆ្នាំ ចំពោះប្រជាពលរដ្ឋដែលជំពាក់បំណុលវ័ណ្ឌក និងគួរជំរុញឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាសហគ្រាសសាធារណៈរបស់រដ្ឋ រៀបចំគម្រោងផ្តល់ហិរញ្ញប្បទានបៃតងផ្នែកកសិកម្មសម្រាប់ផ្តល់ជូនគ្រួសារកសិករដែលកំពុងជំពាក់បំណុលវ័ណ្ឌក ដើម្បីបានខ្ចីប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបបំផុត បើធៀបនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន ដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីធានាឱ្យកសិកររាប់លានគ្រួសារ មានជីវភាពរស់នៅធូរធារ និងថ្លៃថ្នូរ។
ករណីនេះ គណបក្សកម្លាំងជាតិបានស្នើប្រមុខរដ្ឋាភិបាលថា៖ «សូមសម្តេចមហាបវរធិបតី [ហ៊ុន ម៉ាណែត]នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា មេត្តាពិនិត្យលទ្ធភាព ដោះស្រាយវិបត្តិបំណុលវ័ណ្ឌក ក្នុងចំណោមប្រជាពលរដ្ឋដែលបានខ្ចីប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជនក្នុងស្រុក»។
បើតាមលិខិតរបស់គណបក្សកម្លាំងជាតិ គិតមកដល់ឆ្នាំ២០២៣នេះ មានពលរដ្ឋខ្មែរប្រមាណ៣លានគ្រួសារ ឬស្មើនឹង៧៣ភាគរយនៃគ្រួសារសរុបជាង ៤លានគ្រួសារ ជំពាក់បំណុលគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន ដែលមានទំហំបំណុលសរុបលើសពាក់កណ្ដាលនៃផលិតផលសរុបក្នុងស្រុក(GDP)។
ស្ថាបនិកគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី មានប្រសាសន៍នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះថា ការដែលគណបក្សស្នើទៅរដ្ឋាភិបាល ជួយដោះស្រាយបញ្ហានេះ ដោយសារតែមានការសិក្សាស្រាវជ្រាវមួយ រកឃើញថា ពលរដ្ឋដែលជំពាក់បំណុលគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធានាគារឯកជនទាំងនោះ មិនមានលិទ្ធភាពសងត្រលប់ទៅវិញ។ តែយ៉ាងណាលោកថានៅមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលនោះទេមកដល់ថ្ងៃនេះ ។
លោកលើកឡើងថា៖ «ដោយសារយើងបានសិក្សាស្រាវជ្រាវ យើងទទួលបានការស្នើសុំពីប្រជាពលរដ្ឋដែលជំពាក់បំណុលគេជាច្រើនទើបយើងស្នើរដ្ឋាភិបាលពិនិត្យលទ្ធភាព និងដោះស្រាយជូនពលរដ្ឋ» ។
Newsroom Cambodia មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅពេលមានការស្នើសុំណាមួយពីប្រជាពលរដ្ឋអង្គការ សមាគម ឬគ្រប់ភាគីទាំងអស់ រដ្ឋាភិបាលត្រូវតែពិនិត្យ និងឆ្លើយតប ហើយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គួរតែពិនិត្យស្វែងរកការពិតថាតើពលរដ្ឋរាល់ថ្ងៃកំពុងជួបផលលំបាកអ្វីខ្លះជាមួយបំណុល។
លោកបន្តថា ការជំពាក់បំណុលវ័ន្តកធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់ជីវភាពគ្រួសារ ដែលធ្វើឱ្យគ្រួសារខ្លះត្រូវចំណាកស្រុក ហើយករណីខ្លះបានធ្វើឱ្យប៉ះទៅដល់កុមារ ដែលនាំឱ្យពួកគេត្រូវឈប់រៀន និងទៅជួយធ្វើការឪពុកម្តាយ ដើម្បីរកប្រាក់មកជួយដោះស្រាយបំណុលគ្រួសារ ខណៈគ្រួសារខ្លះទៀតត្រូវកាត់បន្ថយរបបអាហារ ដើម្បីសន្សំលុយទុកសងត្រលប់ទៅធនាគារវិញ។
លោកលើកឡើងថា៖ «យើងឃើញថា ថ្មីៗនេះធនាគារជាតិមានការចេញការណែនាំមួយនៅខេត្ដសៀមរាប សុំឱ្យធនាគារឬមីក្រូហិរញ្ញវត្ថុហ្នឹងរៀបកម្ចីឡើងវិញ សម្រាប់វិស័យទេសចរណ៍ ចឹងយើងក៏ចង់ឃើញប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេសដែលជួបការលំបាកជាមួយបញ្ហាបំណុល មានការសម្រួលសម្រាប់ពួកគាត់ ធ្វើម៉េចឱ្យមានលទ្ធភាពក្នុងការសងត្រលប់ ឬក៏សម្រួលណាមួយសម្រាប់ពួកគាត់ដើម្បីលទ្ធភាពក្នុងការសងត្រលប់» ។
របាយការណ៍ស្ទង់មតិជាមួយប្រជាពលរដ្ឋជាង ៧០០គ្រួសារនៅខេត្តកំពង់ស្ពឺ របស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២៣ បានរកឃើញថា ការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន ដូចជា ភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំដើម្បីយកប្រាក់សងត្រលប់ទៅគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកជន៕