អង្គការយូនីសេហ្វ(Unicef) សហការជាមួយ ក្រសួងសង្គមកិច្ច ធ្វើយុទ្ធនាការ «គ្រួសាររឹងមាំ» ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារ ដោយមិនចាំបាច់នៅកម្ពុជា។
យុទ្ធនាការ «គ្រួសាររឹងមាំ» ចាប់ផ្តើម កាលពីសប្តាហ៍មុន ក្រោយពីអង្គការយូនីសេហ្វ និងក្រសួងសង្គមកិច្ច រកឃើញថា កុមារក្រោមអាយុ១៨ នៅតែប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ ហើយការបំបែកកុមារចេញពីគ្រួសារ ក៍ជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។
ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ (Cristian Munduate)បានមានប្រសាសន៍ថា តាមការសិក្សាស្រាវជ្រាវ របស់យូនីសេហ្វ បានបង្ហាញថា បញ្ហាហិង្សាលើកុមារក្នុងគ្រួសារ នៅតែជាបញ្ហាប្រឈម ហើយត្រូវរកដំណោះស្រាយដើម្បីបញ្ចប់។
លោកស្រីក៏បានលើកឡើងផងដែរថា គ្រួសារមួយចំនួន នៅតែបញ្ជូនកូនៗរបស់ពួកគេ ទៅរស់នៅក្នុងមណ្ឌលថែទាំ។ កុមារដែលរស់នៅក្នុងមណ្ឌលថែទំា ប្រឈមនឹងហានិភ័យនៃអំពើហិង្សា ការកេងប្រវ័ញ្ច និងការមិនអើពើ ដែលអាចបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍកុមារ។
លោកស្រី គ្រីស្ទៀន ម៉ុនឌ័រតេ មានប្រសាសន៍ថា៖ «អំពើហិង្សាប៉ះពាល់យើងគ្រប់គ្នា។ យុទ្ធនាការនេះជាឱកាស ដើម្បីកៀរគរប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យនិយាយថាទេ ចំពោះអំពើហិង្សា និងថែរក្សាបរិស្ថានឲ្យមានសុវត្ថិភាព និងសុខភាពល្អសម្រាប់កូនៗ និងក្រុមគ្រួសាររបស់ពួកគេ»។
យោងតាមសេចក្តីប្រកាសរួមរបស់ អង្គការយូនីសេហ្វ និងក្រសួងសង្គមកិច្ច បានឲ្យដឹងថា បច្ចុប្បន្នចំនួនកុមារក្នុងមណ្ឌលថែទាំ ត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់។ ជាលទ្ធផលដោយ ក្រសួង សហការជាមួយ អង្គការយូនីសេហ្វ បានធ្វើសមាហរណកម្មកុមារចំនួន ៣០ភាគរយ ពីមណ្ឌលថែទាំកុមារ។ ទោះបីយ៉ាងណាក៏ដោយ នៅមានកុមារប្រមាណជា ១៧០០០នាក់ កំពុងរស់នៅតាមមណ្ឌលថែទាំនៅឡើយនៅក្នុងឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត្រ បានមានប្រាសាសន៍ថា រដ្ឋាភិបាល បាននឹងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ លោកថា អំពើហិង្សាធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគត។
លោក វង សូត្រ មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតច្បាប់ស្តីពីកិច្ចការពារកុមារ សំដៅធានានូវកិច្ចការពារពិសេសសម្រាប់កុមារឱ្យបានកាន់តែល្អប្រសើរឡើង ព្រមទាំងមានកិច្ចការពារច្បាស់លាស់ក្នុងកិច្ចការពារកុមារ»។
យោងតាមសេចក្តីថ្លែងការណ៍រួមដដែលបានបង្ហាញថា កុមារស្នាក់នៅមណ្ឌលថែទាំចាប់ពី៧៥%ទៅ៨០% ជាកុមារមានឪពុកម្ដាយ។