ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីសំណើគម្រោងវិនិយោគចំនួន ១៥ ដែលមានទុនសរុបជាង ២៤៧ លានដុល្លារសហរដ្ឋអាមេរិក ដោយអាចបង្កើតការងារជាង១៦,០០០កន្លែង។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ចេញនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា គម្រោងវិនិយោគចំនួន ១៥ ក្នុងនោះមានគម្រោងវិនិយោគតាមវិស័យឧស្សាហកម្មចំនួន ១៤ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗចំនួន១។
សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា គម្រោងវិនិយោគដែលទទួលបានការអនុម័តរួមមាន គម្រោងវិនិយោគស្ថានីយន៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតសម្ភារៈវេចខ្ចប់កេសកាតុង និងថង់ប្លាស្ទិក រោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងកាបូប រោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម រោងចក្រផលិតសម្ភារៈតុបតែងគេហដ្ឋាន ស៊ុមរូបថត អំពូលភ្លើង អំពូលភ្លើងលំអ និងសម្ភារៈតុបតែងដើមណូអែល សម្ភារៈបន្ទប់ទឹកនិងគ្រឿងបង្គុំវាំងនន គ្រឿងអេឡិចត្រូនិក និងតុក្កតាសម្រាប់តាំងលំអរសួនច្បារ ៕