គណបក្សកម្លាំងជាតិ ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិនិត្យលទ្ធភាពដោះលែងអ្នកទោស ពាក់ព័ន្ធនឹងរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីពទាំងអស់ដែលកំពុងជាប់ឃុំ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ចេញកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០១៧មក សហគមន៍អន្តរជាតិបានផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុប (EBA) ២០% ខណៈសហរដ្ឋអាមេរិកមិនបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនាំចូល (GSP) ចាប់តាំងពីដំណាច់ឆ្នាំ ២០២០ មក ដោយសារអ្នកនយោបាយសំឡេងជំទាស់ មន្រ្តីសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល សកម្មជនសហជីព សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រងការបង្រ្កាបជាបន្តបន្ទាប់។
គណបក្សកម្លាំងជាតិបានបន្តទៀតថា៖ «ប្រមុខដឹកនាំរដ្ឋាភិបាលគួរពិនិត្យលទ្ធភាព ដោះលែងអ្នកកំពុងជាប់ឃុំរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីព ដែលរួមមាន លោក កឹម សុខា លោក ថាច់ សេដ្ឋា លោក កាក់ កុម្ភារ លោក សៀម ភ្លុក លោក តូច បឹង លោក ខឿន វីរ៉ាត់ លោកស្រី នូ សុទ្ធារី លោកចៅ វាសនា កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរជាដើម»។
គណបក្សកម្លាំងជាតិបន្ថែមក្នុងលិខិតនោះថា ការដោះលែងអ្នកជាប់ឃុំទាំងនោះ គឺដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុង ឆ្ពោះទៅសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដឡើងវិញ ដែលជាមូលដ្ឋានក្នុងការស្តារប្រព័ន្ធអនុគ្រោះពន្ធដែលបាត់បង់។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ Newsroom Cambodia ថា នៅកម្ពុជា អំណាចត្រូវបានបែងចែកដាច់ពីគ្នារវាង អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ លោកថា សម្រេចផ្តន្ទាទោស ឬដោះលែងអ្នកណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោកបានបន្តថា៖ «នៅកម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តិល្មើសច្បាប់ហើយត្រូវបានតុលាការផ្តន្ទាទោស ដូច្នេះទុកឱ្យតុលាការដំណើរការរឿងក្តីតាមនីតិវិធីចុះ បើគណបក្សនោះចង់ជួយអ្នកណាម្នាក់តាមផ្លូវតុលាការ សូមជួយរកមេធាវីពូកែៗមកការពារក្តី និងរកភស្តុតាងដោះបន្ទុកទើបត្រូវតាមនីតិវិធីច្បាប់ និងស្របតាមដំណើរការនីតិរដ្ឋ។ សូមកុំប្រើនីតិមាត់»។
បើតាមលិខិតរបស់គណបក្សកម្លាំងជាតិ អ្នកកំពុងជាប់ឃុំរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីព ដែលកំពុងជាប់ឃុំរួមមាន លោក កឹម សុខា លោក ថាច់ សេដ្ឋា លោក កាក់ កុម្ភារ លោក សៀម ភ្លុក លោក តូច បឹង លោក ខឿន វីរ៉ាត់ លោកស្រី នូ សុទ្ធារី លោកចៅ វាសនា កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ ជាដើម៕