ប្រជាពលរដ្ឋ និងក្រុមសហជីពជាង៥០ នាក់បានជួបជុំគ្នានៅខាងមុខមណ្ឌលអប់រំកែប្រែទី២ (ម២) ទាមទារឱ្យមានការដោះលែងកញ្ញា ឈឹម ស៊ីថរ ដែលជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។
បើតាមសាររបស់ទំព័រហ្វេសប៊ុកអង្គការលីកាដូនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញថា ការជួបជុំគ្នាមានអ្នកចូលរួមមកពីសហព័ន្ធសហជីពកម្ពុជា (CATU) សហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) អង្គការបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសេវាការងារ និងចំណីអាហារកម្ពុជា (CFSWF) បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ប្រសិនបើប្រទេសដែលមាននីតិរដ្ឋពិតប្រាកដ នោះកញ្ញា ឈឹម ស៊ីថរ នឹងមិនជាប់ពន្ធនាគារនោះទេ។ លោកស្រីថា កញ្ញា ឈឹម ស៊ីថរ និង បុគ្គលិកណាហ្គាវើលដ៍ប្រើប្រាស់សិទ្ធិខ្លួនឯងក្នុងការអនុវត្តសិទ្ធិសេរីភាពសហជីព មិនមែនជាទម្រង់នៃការញុះញង់ បង្កភាពវឹកវរក្នុងសង្គមនោះឡើយ។
លោកស្រីបន្តថា៖ «ខ្ញុំចង់ឱ្យតុលាការធ្វើការដោយឯករាជ្យទៅ ឈរលើមូលដ្ឋានសិទ្ធិជាគោលរបស់កម្មករនិយោជិត សិទ្ធិសេរីភាពសហជីព ដែលប្រទេសយើងបានផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ៨៧ ៩៨ និយាយអំពីការប្រើប្រាស់សិទ្ធលើការចងក្រងសហជីព ការចងក្រងសមាគមរួមទាំងសិទ្ធិចចារជាសមូហភាព»។
លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ទាក់ទងរឿងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលជាមួយសហជីព ក៏ដូចជាបុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៍ កើតចេញពីវិវាទការងារសុទ្ធសាធ មិនគួរមានចាប់ខ្លួន ឬចោទប្រកាន់ ឬឃុំខ្លួនទៅលើមេដឹកនាំសហជីពទេ។ លោកថា អ្វីដែលសំខាន់គឺការដោះស្រាយដើម្បីបញ្ចប់វិវាទការងារហ្នឹងវាជារឿងចាំបាច់ដែលត្រូវធ្វើ។
លោកបញ្ជាក់ថា៖ «រឿងកញ្ញាឈឹម ស៊ីថរ ឥឡូវដល់តុលាការកំពូលហើយ អញ្ចឹងយើងសង្ឃឹមថាតុលាការកំពូលនឹងបើកសវនាការក្នុងពេលឆាប់ៗ ធ្វើការទម្លាក់បទចោទប្រកាន់លើកញ្ញា ឈឹម ស៊ីថរ ហើយដោះលែងគេឱ្យមានសេរីភាពពេញលេញឡើងវិញ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញបានទេ។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំពីបទញុះញង់បង្កភាពវឹកវរក្នុងសង្គមតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការធ្វើកូដកម្មតវ់ាឱ្យក្រុមហ៊ុនណាហ្គាវើសដ៍គោរពសិទ្ធិការងារ និងទទួលយកបុគ្គលិករាប់រយនាក់ចូលធ្វើការងារវិញ។ កញ្ញាគឺជាបុគ្គលទីមួយនៅកម្ពុជា ដែលបានទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សពីក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន៕