ក្រសួងការងារជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជាអំពីករណីឆបោកនៃការជ្រើសរើសពលករខុសច្បាប់ទៅធ្វើការងារនៅប្រទេសអ៊ីស្រាអែល ដោយបញ្ជាក់ថា កម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងជាផ្លូវការជាមួយអ៊ីស្រាអែលទាក់ទងនឹងការផ្ទេរកម្លាំងពលករនៅឡើយ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារចេញនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បញ្ជាក់ថា ក្រសួងការងារ កំពុងចរចាជាមួយតំណាងអ៊ីស្រាអែលដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករឲ្យបានត្រឹមត្រូវផងដែរ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា ការជ្រើសរើស និងការបញ្ជូនពលករទៅធ្វើការនៅបរទេសដោយខុសច្បាប់ គឺជាបទល្មើសជួញដូរមនុស្ស។
ក្រសួងការងារបញ្ជាក់បន្ថែមតាមន័យដើមថា៖ «ក្នុងករណីបានឃើញ ឬមានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារននីប្រទេសអ៊ីស្រាអែលក្នុងរូបភាពណាក៏ដោយ សូមមេត្តាជូនដំណឹង ឬរាយការណ៍មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ Hotline: ១២៩៨ ជាបន្ទាន់ ដើម្បីអាចឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់»។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ បានផ្សព្វផ្សាយសារក្នុងបណ្តាញសង្គមតេឡេក្រាមរបស់លោកនៅថ្ងៃជាមួយគ្នានោះថា លោកទទួលបានព័ត៌មានថាមាន បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមឆានែលមួយឈ្មោះ ISRAEL WORK 2024 ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រាអែលដោយខុសច្បាប់។
លោកបញ្ជាក់ថា៖ «សូមសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមឆានែល ISRAEL WORK 2024 ឱ្យសោះ។ ហើយក្រសួងនឹងកំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដើម្បីចាត់វិធានការដល់បុគ្គលពាក់ព័ន្ធ»។
លោកបន្ថែមថា ក្រសួងការងារនឹងជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រាអែលជាផ្លូវការក្នុងពេលអនាគត នៅពេលដែលមានកិច្ចព្រមព្រៀងច្បាស់លាស់ និងវិធីសាស្ត្រគ្រប់គ្រងជាក់លាក់ក្នុងការការពារ និងគាំពារសិទ្ធិពលករកម្ពុជានៅប្រទេសអ៊ីស្រាអែល៕