ម្ចាស់ដីដែលបានជួលដីចំការទៅឱ្យគ្រួសារវៀតណាម ខកខានទទួលប្រាក់ថ្លៃជួលដីជាងមួយឆ្នាំមកហើយ បន្ទាប់ពីអាជ្ញាធរខេត្ដកំពង់ឆ្នាំងបានធ្វើការបំលាស់ទីពួកគេពីទឹកឡើងមកលើគោកកាលពីឆ្នាំ២០១៨កន្លង។
អ្នកស្រី កាំង ចាន់ស៊ីវ អាយុ ៦០ឆ្នាំ ជាម្ចាស់ដីម្នាក់ក្នុងចំណោមម្ចាស់ដីផ្សេងទៀត បានលើកឡើងថា អ្នកស្រីមានដីទំហំ១ហិកតាកន្លះ និងបានជួលដីនេះទៅឱ្យជនជាតិវៀតណាម ចំនួន៤០គ្រួសារ សម្រាប់សង់ផ្ទះស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែ ពួកគេខកខានក្នុងការបង់ថ្លៃជួលជាងមួយឆ្នាំមកហើយ។
អ្នកស្រី ចាន់ស៊ីវ បានលើកឡើងថា អ្នកស្រីបានជួលឱ្យនោះ ក្នុង១ឆ្នាំតម្លៃ៤០ម៉ឺនរៀលក្នុងមួយគ្រួសារ។ ប៉ុន្ដែ កាលពីឆ្នាំអ្នកមុន អ្នកស្រីទទួលបានចន្លោះពី៥ម៉ឺនរៀល ទៅ១០ម៉ឺរៀលប៉ុណ្ណោះក្នុងមួយគ្រួសារ។ ដំបូង មាន៤០គ្រួសារបានជួលដីអ្នកស្រី ហើយក្រោយមកមានតែ ៣៨គ្រួសារប៉ុណ្ណោះ។
អ្នកស្រីបានខកខានទទួលប្រាក់ថ្លៃជួលដីជាងមួយឆ្នាំមកហើយ។ ពេលខ្លះ អ្នកស្រីរងការគំរាមពីអ្នកជួលទៀតផង នៅពេលដែលអ្នកស្រីទៅប្រមូលថ្លៃជួលម្តងៗ។
អ្នកស្រី កាំង ចាន់ស៊ីវ និយាយថា៖ «អាដែរនែ៎ ពេលខ្ញុំចុះទៅយកលុយហ្នឹង គឺថាពិបាកណាស់។ មានអាខ្លះហ្នឹងវាមិនឱ្យយើងទេ ហើយថែមទាំងឈ្លោះចង់វ៉ៃខ្ញុំទៀតផង។ ហើយដំណាំស្អីៗរបស់ខ្ញុំហ្នឹងក៏មិនសល់ទេ ពួកវាបេះ និងឆក់ខ្ទេចខ្ទីអស់ហើយ»។
លោក យ៉ យ៉ាំងដុង អាយុ ៦៣ឆ្នាំ ជាជនជាតិវៀតណាមម្នាក់ក្នុងចំណោមគ្រួសារវៀតណាម៣៨ផ្សេងទៀត ដែលបានជួលដីអ្នកស្រី កាំង ចាន់ស៊ីវ បានលើកឡើងថា លោកមានការលំបាកច្រើន បន្ទាប់ពីអាជ្ញាធរបានធ្វើការបំលាស់ទីឡើងមកលើគោកនេះ។ ការប្រកបរបរនេសាទ បានតិចតួចជាងមុន ដែលជាហេតុនាំឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់លោក។
ទោះជាយ៉ាងណា លោកអះអាងថា ពុំដែលគេចវេសក្នុងការបង់ថ្លៃជួលដីនោះទេ។ លោករងចាំម្ចាស់ដីមកយកថ្លៃជួល ប៉ុន្តែពុំទាន់ឃើញមកយកនោះទេ។
លោកបន្ដថា«ខ្ញុំពិបាកណាស់អាឡូវ! រកអីមិនបានទេ បើអាឡូវទន្លេក៏មិនវាសូវមានត្រីដូចមុនដែរ។ អាចឹង ខ្ញុំមិនដឹងធ្វើអីកើតទេ»។
អភិបាលរងខេត្ដកំពង់ឆ្នាំង និងជាអ្នកនាំពាក្យ លោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា លោកមិនទាន់បានទទួលព័ត៌មានពីករណីខាងលើនេះនៅឡើយទេ។ លោកបន្ដថា ប្រសិនបើករណីនេះមានពិតមែន លោកស្នើសុំឱ្យម្ចាស់ដីទាំងនោះទាក់ទងមកលោកដោយផ្ទាល់។ លោកនឹងដោះស្រាយជូនម្ចាស់ដី។
លោក ស៊ុន សុវណ្ណារិទ្ធិ បាននិយាយថា៖ «វា! ដូចអត់ទាន់លឺព័ត៌មានហ្នឹង។ ប្រសិនបើមានព័ត៌មានហ្នឹង មានមែន ឱ្យគាត់ដាក់ពាក្យមក ដើម្បីយើងសម្របសម្រួលជាមូយសមាគមអីឱ្យ»។
យោងតាមការជូនដំណឹងរបស់អ្នកនាំពាក្យរដ្ឋបាលខេត្ដកំពង់ឆ្នាំងបានឱ្យដឹងថា ការបម្លាល់ទីផ្ទះបណ្ដែតទឹករបស់ប្រជាពលរដ្ឋខ្មែរ, ខ្មែរឥស្លាម និងអន្ដោប្រវេសន៍វៀតណាមពីទឹកឡើងមកនៅលើគោកវិញ សរុបប្រមាណ ៤៥៦៣គ្រួសារនៅទូទាំងខេត្ដុ ដោយចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។ ការធ្វើបំលាស់ទីនេះ ក្នុងគោលបំណងការពារបរិស្ថានក្រុង ទន្លេ លើកស្ទួយជីវភាព និងរៀបចំការរស់នៅរបស់ប្រជាពលរដ្ឋឱ្យមាននិរន្ដរភាពជាដើម។
រដ្ឋបាលសាលាខេត្ដកំពង់ឆ្នាំង កំពុងរៀបចំដី៤០ហិកតា សម្រាប់ជួលឱ្យ៤៥៦៣គ្រួសារ ដែលបំលាស់ទីពីទឹក។