សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញថា អ្នកសារព័ត៌មានចំនួន ៤៤ នាក់ និងស្ថាប័នសារព័ត៌មានឯករាជ្យប្រឈមមុខនឹងការយាយីគ្រប់ទម្រង់ ក្នុងឆ្នាំ ២០២៣ ជាពិសេសអំឡុងពេលប៉ុន្មានខែនៅមុនការបោះឆ្នោតសកលត្រូវចាបើផ្តើម។
របាយការណ៍ឃ្លាំមើលប្រចាំឆ្នាំ២០២៣របស់អង្គភាពសារព័ត៌មាន ខេមបូចា ដែលចេញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានសង្ខេបបញ្ហាផ្សេងៗ និងធ្វើបច្ចុប្បន្នភាពទាក់ទងនឹងសេរីភាពសារពត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកសារពត៌មាននៅកម្ពុជា ពិសេសស្ថានភាពសារព័ត៌មានក្នុងអំឡុងការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។
របាយការណ៍រកឃើញថា មានការយាយីប្រឆាំងអ្នកសារព័ត៌មាន ៣៣ករណី ដោយ២០ករណី ជាការគំរាម ៦ករណី ជាការយាយីតាមប្រព័ន្ធឌីជីថល។ ដោយឡែកចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាន មាន១៣ករណី ក្នុងនោះអ្នកសារព័ត៌មាន៦នាក់ ត្រូវបានឃុំខ្លួន។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអនឡាយចំនួន ៦ករណី ត្រូវរដ្ឋាភិបាលបិទ និងដកហូតអាជ្ញាប័ណ្ណ នៅក្នុងឆ្នាំ២០២៣។
របាយការណ៍បន្តបញ្ជាក់ថា ក្នុងចំណោមបញ្ហាប្រឈមជាច្រើនដែលអ្នកសារព័ត៌មានកម្ពុជាប្រឈមមុខ និងការភ័យខ្លាចបញ្ហាផ្លូវច្បាប់ នៅតែបន្តជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់ពួកគេ។ ប្រភពដដែលបន្តថា អ្នកសារព័ត៌មានតែងតែមានអារម្មណ៍ថា មានការបំភិតបំភ័យ ឬការគំរាមកំហែងពីសកម្មភាពរបស់រដ្ឋាភិបាល អាចជាសកម្មភាពប៉ូលិស ឬសន្តិសុខ ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានដោយគ្រាន់តែបំពេញការងាររបស់ខ្លួន។
កំណត់ត្រាមួយផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ ខេមបូចា បញ្ជាក់ក្នុងន័យដើមថា៖ «អ្នកសារព័ត៌មានយ៉ាងហោចណាស់ ៦ នាក់ ត្រូវបានឃុំខ្លួន និងដាក់ពន្ធនាគារ រីឯឆ្នាំ ២០២២មាន ៧ នាក់។ ការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងផ្សាយព័ត៌មានក្លែងក្លាយ ត្រូវបានប្រើប្រាស់ជាទូទៅប្រឆាំងនឹងអ្នកសារព័ត៌មានអនឡាញដោយប្រើក្រមព្រហ្មទណ្ឌ»។
លោក ណុប វី នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានលើកឡើងថា កត្តាមួយចំនួនដែលត្រូវបានកត់ត្រា និងវាយតម្លៃនៅក្នុងរបាយការណ៍ គឺកត្តាទី១ ទាក់ទងនឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដោយអ្នកសារព័ត៌មានមួយចំនួនអនុវត្តមិនសូវបានពេញលេញ។ជាងនេះទៀតការប្រើប្រាស់ផ្លូវច្បាប់ ក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ជាច្រើនទៅដល់អ្នកសារព័ត៌មាន ហើយមានករណីចោទប្រកាន់មួយចំនួនត្រូវបានប្រើប្រាស់ច្បាប់ក្រមព្រហ្មទណ្ឌ ចំណែកឯច្បាប់ស្តីរបបសារព័ត៌មាន ដែលមានតាំងពីឆ្នាំ១៩៩៥មក មិនត្រូវបានប្រើប្រាស់។
បើតាមលោក ណុប វី ទិដ្ឋភាពនយោបាយក្នុងសង្គម ក៏ជាផ្នែកមួយគំរាមកំហែងទៅដល់អ្នកសារព័ត៌មានដែរ ជាពិសេស ទាក់ទងគំរាមកំហែងប្រព័ន្ធផ្សាព្វផ្សាយ ដែលស្ថាប័នមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារជាដើម។
លោកបញ្ជាក់ថា៖«បើកាលណាមានការគំរាមកំហែង មានការយាយីទៅដល់អ្នកសារព័ត៌មាន និយាយរួមវាមានផលប៉ះពាល់ហ្នឹងហើយ។ ដោយសារយើងដឹងថាតួនាទីសំខាន់របស់សារព័ត៌មាន គឺជាអំណាចទី៤ ដែលជួយពិនិត្យតាមដាន និងជួយផ្តល់ព័ត៌មានទៅដល់សាធារណៈជន ក្នុងន័យការពារផលប្រយោជន៍សាធារណៈ។ មួយទៀតតួនាទីតាមដាន ឃ្លាំមើលចំពោះការអនុវត្តតួនាទី ភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច»។
ក្នុងនាមជាអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក ណុប វី យល់ឃើញថាកាលណាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យចុះខ្សោយ ឬរឹតត្បិត នោះនឹងធ្វើឱ្យការតាមដាននៃការអភិវឌ្ឍសង្គមចុះខ្សោយ ហើយបណ្តាលឱ្យគ្មានតម្លាភាព និងគណនេយ្យភាពក្នុងសង្គម ហើយកត្តានេះក៏ជះផលប៉ះពាល់ដល់ដំណើរការទូទៅនៃលទ្ធិប្រជាធិបតេយ្យថែមទៀតផង។តែយ៉ាងណាក៏ដោយ លោក ណុប វី យល់ថានៅតែមានដំណោះស្រាយ ដែលទាមទារឱ្យមានការចូលរួមជាទូទៅ តាមរយការអប់រំ ពង្រឹងសមត្ថភាព និងក្រមសីលធម៌វជ្ជាជីវៈរបស់អ្នកសារព័ត៌មានផ្ទាល់ ដោយឡែកអាជ្ញាធរមានសមត្ថកិច្ចត្រូវយកច្បាប់របបសារព័ត៌មាន មកអនុវត្តឱ្យមានប្រសិទ្ធភាពផងដែរ។ ជាមួយគ្នានេះ អង្គភាពសារព័ត៌មានក៏ត្រូវមានគោលការណ៍ ឬវិន័យផ្ទះខ្លួនដើម្បីការពារ និងគាំទ្រទៅដល់អ្នកសារព័ត៌មានរបស់ខ្លួនឯងជាដើម។
លោកបន្តថា៖ «ច្បាប់មួយចំនួនដែលគំរាមកំហែងដល់ការងារសារព័ត៌មាន ដូចជាច្បាប់ស្តីពីទូរគមនាគមន៍ អនុក្រឹត្យស្តីច្រកទ្វារអ៊ីនធើណេតជាតិ និងសេចក្តីព្រាងទាក់ទងជាមួយសន្តិសុខព័ត៌វិទ្យា (Cyber security) គឺគួរតែមានការបើកទូលាយក្នុងការពិភាក្សា ពិគ្រោះយោបល់ឱ្យបានទូលំទូលាយ ដើម្បីធានាថាច្បាប់ហ្នឹង គឺផ្តល់ផលប្រយោជន៍ និងការពារដល់ការអនុវត្តសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន» ។
និស្សិតមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍ នៃសាកលវិទ្យាល័យកម្ពុជា លោក អ៊ឹង ស៊ា លើកឡើងថា ជាទូទៅពេលអ្នកកាសែតចុះទៅយកព័ត៌មានផ្ទាល់ អាជ្ញាធរហាក់មិនមានការសហការដោយល្អជាមួយអ្នកកាសែតទេ តែងបង្កផលលំបាកជានិច្ច រាល់ពេលចុះបំពេញការងារនៅមូលដ្ឋាន។ តែផ្ទុយទៅវិញ អាជ្ញាធរតែងតែសួរនាំ គំរាមកំហែង ជីកឬសជីកគល់ដល់អ្នកកាសែត ថែមទាំងមានការប្រើប្រាស់អំពើហិង្សាមកលើពួកគេ ដែលនាំឲ្យមានរបួសស្នាមជាដើម ដែលវាផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មានទៅទៀត។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា សន្ទស្សនៃការគម្រាមកំហែងទៅលើអ្នកកាសែត ជាពិសេសអ្នកកាសែតឯករាជ្យដែលមានវិជ្ជាជីវៈក្នុងការផលិតព័ត៌មានក្នុងឆន្ទះបម្រើប្រជាពលរដ្ឋ កំពុងតែមានការកើនឡើងដោយមិនមានសញ្ញាណាដែលថមថយនៅឡើយ » ។
លើសពីនេះទៅទៀត លោក អ៊ឹង ស៊ា សង្កេតឃើញថា កាលណាសារព័ត៌មានឯករាជ្យបាត់បង់ នោះមាន័យថាលំហូរនៃព័ត៌មានពិត សុក្រឹត និងយុត្តធម៌ មានការថយចុះជាលំដាប់។មិនតែប៉ុណ្ណោះ នៅពេលសេរីភាពព័ត៌មានបាត់បង់ ប្រជាពលរដ្ឋក៏បាត់បង់ប្រភពព័ត៌មានដែលឯករាជ្យ និងជឿទុកចិត្ត ហើយបញ្ហារបស់ប្រជាពលរដ្ឋដែលត្រូវការព័ត៌មានបែបនេះ ដើម្បីផ្ញើសារឱ្យអាជ្ញាធរបានដឹង វាលែងដំណើរការកើត។ក្នុងន័យនេះវាជាសញ្ញាមួយ គួរឲ្យព្រួយបារម្មណ៍ ដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ និងគិតគូរឡើងវិញ។
លោកបន្តថា៖«ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានឯករាជ្យ ខ្ញុំសូមសំណូមពរឲ្យអាជ្ញាធរ ពាក់ព័ន្ធចូលរួមយ៉ាងសកម្មជាមួយអ្នកកាសែតឯករាជ្យ ក្នុងការយកព័ត៌មានដើម្បីបម្រើប្រជាពលរដ្ឋទូទៅ ជាជាងបំបាក់ស្មារតីពួកគាត់។ ខ្ញុំគិតថាការដែលអាជ្ញាធរ បិទសារព័ត៌មានឯករាជ្យ ដូចក្នុង ករណីVODជាដើម វាជាការគម្រាមកំហែងសេរីភាពសារព័ត៌មានឯករាជ្យយ៉ាងធ្ងន់ធ្ងរ»។
ហាក់មិនខុសគ្នាទេ អ្នកសារព័ត៌មានសេរី កញ្ញា ហ៊ន ថូវ៉ាន ក៏ឯកភាពដែរចំពោះរបាយការណ៍ដែលរកឃើញនេះ តែទិដ្ឋភាពនៅក្នុងរដ្ឋាភិបាលចាស់ ដូចជាការគំរាមកំហែង មានការបិទស្ថាប័នព័ត៌មាន និងការប្រើប្រាស់អំពើហិង្សាទៅលើអ្នកកាសែតជាដើម ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះករណីទាំងអស់នោះមានដែរ តែនៅក្នុងស្ថានភាពកំពុងវាយតម្លៃ និងតាមដានបន្តទៀត ថាតើវានឹងអាចមានផលអាក្រក់ដូចក្នុងរដ្ឋាភិបាលចាស់ក៏យ៉ាងណា? ។
ប្រភពបន្តថា តាមបទពិសោធន៍ក្នុងរយៈពេលប៉ុន្មានខែមកនេះ សម្រាប់អាណត្តិរដ្ឋាភិបាលថ្មី ហាក់ដូចជាល្អប្រសើរជាងមុន ដោយសារពេលរូបគេចុះទៅយកព័ត៌មាននៅតាមក្រសួងស្ថាប័នមួយចំនួន ដូចជាក្រសួងការងារ និងទីលានប្រជាធិបតេយ្យជាដើម អាជ្ញាធរហាក់មិនបានរឹតត្បិតសិទ្ធិសេរីភាពដូចពីមុនទេ។
កញ្ញាបន្តថា៖«សម្រាប់ខ្ញុំក្នុងរយៈពេលអាចថាជាង១០០ថ្ងៃដំបូងនៃការតំណែងរបស់នាយករដ្ឋមន្ត្រីថ្មី ឃើញថាស្ថានភាពវាអាចមានភាពធូរស្រាលជាងមុន ទៅលើខាងផ្នែកអាជ្ញាធរ គាត់លែងប្រើប្រាស់កម្លាំងគំរាមកំហែង ប៉ុន្តែក៏យើងមិនអាចសន្និដ្ឋានបានថាស្ថានភាពទាំងអស់ហ្នឹង វានឹងបន្តនៅល្អជាងមុខ ឬក៏អាក្រក់ជាងមុនទេ អាចថាវាស្ថិននៅក្នុងតំណាក់កាលកំពុងតែសង្កេតមើល»។
ដោយឡែក អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ លើកឡើងថា សិទ្ធិសេរីភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា មានច្បាប់ព័ត៌មានការពារពេញលេញក្នុងការអនុវត្តការងាររបស់ខ្លួន ស្របតាមវិជ្ជាជីវៈ និងសិទ្ធិរបស់ពួកគេ ដោយគ្មានការរំខានណាមួយឡើយ។
លោកបញ្ជាក់ថា៖ «ហើយសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបាននូវព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណតិ្តមួយទៅអាណតិ្តមួយជារហូតមក ជាពិសេសនៅក្នុងអាណត្តិទី ៧ នេះតែម្តង ក្រសួងព័ត៌មានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ការគាំពារ សិទិ្ធសេរីភាព និងការការពារសិទ្ធិដល់អ្នកសារព័ត៌មាន»។
បើទោះជាបែបណា កាលពីខែកុម្ភៈ ដើមឆ្នាំ២០២៣ ក្រសួងព័ត៌មានបានលុបអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយសំឡេងប្រជាធិបតេយ្យ វីអូឌី(VOD) តាមបញ្ជារបស់អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការផ្សាយអត្ថបទថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការផ្តល់ជំនួយ ១០០.០០០ ដុល្លារដល់ប្រទេសតួកគី សម្រាប់គ្រោះរញ្ជួយដី។ការបិទទ្វារនៅពេលនេះ ក្រោមហេតុផលថា វីអូឌី«រំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន »។
នៅមុនការបោះឆ្នោតជាតិ កាលពីខែកក្កដា រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតក្នុងប្រទេសកម្ពុជារាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ក្នុងនោះមានសារព័ត៌មានវិទ្យុ អាស៊ីសេរី ស្ថាប័នព័ត៌មាន ឌឺខេមបូ ដេលី (The Cambodia Daily) និងគេហទំព័រកំណត់ត្រា ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ស្ថិតក្នុងស្ថានភាព ដែលរដ្ឋាភិបាលរងការរិះគន់នេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) បានចាត់ថ្នាក់កម្ពុជានៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោម ១៨០ ប្រទេស នៅឆ្នាំ ២០២៣ ដែលមានន័យថា បន្តសិ្ថតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕