ចលនាមាតាធម្មជាតិ ចាត់ទុកការនាំខ្លួនសកម្មជនរបស់ខ្លួន ១៣នាក់ ទៅសួរនាំពីសំណាក់អាជ្ញាធរខណ្ឌដូនពេញ ពេលកំពុងផ្សព្វផ្សាយអំពីតំបន់ធម្មជាតិកោះកុងក្រៅនោះ ថាជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ។
កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សមាជិកចលនាមាតាធម្មជាតិ បាននាំគ្នាជួបជុំនៅសួនច្បារមាត់ទន្លេ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយធ្វើសកម្មភាពហាត់ប្រាណ និងផ្សព្វផ្សាយតំបន់កោះកុងក្រៅទៅកាន់សាធារណជន ដែលជាសកម្មភាពមួយ ក្នុងគោលបំណងស្នើទៅរដ្ឋាភិបាលពន្លឿនការដាក់តំបន់កោះកុងក្រៅទៅក្នុងឧទ្យានជាតិសមុទ្រក្រោមកិច្ចការពារអភិរក្ស។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី បានឱ្យដឹងថា ការជួបជុំគ្នាកាលពីថ្ងៃម្សិលមិញនោះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសារសំខាន់នៃតំបន់កោះកុងក្រៅ ទៅកាន់ប្រជាពលរដ្ឋ និងចង់ឱ្យរដ្ឋាភិបាលដឹងឮ និងដាក់តំបន់នោះទៅតំបន់អភិរក្សធនធានធម្មជាតិ ព្រមទាំងស្នើឱ្យមានការដកអាជ្ញាប័ណ្ណពីក្រុមហ៊ុន SEZ ដែលចង់ទៅអភិវឌ្ឍន៍នៅតំបន់នោះជាដើម។
កញ្ញាបន្តថា មាតាធម្មជាតិក៏បានរៀបចំយុទ្ធនាការ “ថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ” ដែលធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យ ពេញមួយឆ្នាំ ដោយមានជាសកម្មភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយពីកោះកុងក្រៅផងដែរ។
តែយ៉ាងណា កញ្ញាថា កំឡុងពេលពួកគេជួបប្រជុំហាត់ប្រាណ និងផ្សព្វផ្សាយនោះ អាជ្ញាធរប្រមាណ ១០០នាក់ បានទៅសួរនាំ និងនាំខ្លួនពួកគេទៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីសួរនាំជាច្រើនម៉ោង មុននឹងអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
កញ្ញា ភួន កែវរស្មី អះអាងថា៖«ការឃាត់ខ្លួនពីអាជ្ញាធរ ពួកគាត់អះអាងថាយើងមិនបានសុំច្បាប់ ហើយពួកយើងសួរថាតើការហាត់ប្រាណហ្នឹង ក៏ចាំបាច់យើងត្រូវសុំច្បាប់ដែរ? គាត់(អាជ្ញាធរ)ថាដោយសារយើងមានបដា យើងពាក់អាវដូចគ្នាអីជាដើមហ្នឹង ដែលជាហេតុគាត់[អាជ្ញាធរ]ឃាត់ខ្លួនយើង»។
សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត លោក ថុន រដ្ឋា បានបញ្ជាក់ប្រាប់ថា ការឃាត់ខ្លួនយុវជនទាំង១៣នាក់ ទៅសួរនាំ ពីអាជ្ញាធរខណ្ឌដូនពេញ ជាមេរៀនមួយដែលបង្ហាញកាន់តែច្បាស់ថា កោះកុងក្រៅ ពិតជាមិនអាចខ្វះការមើលថែ ពីប្រជាពលរដ្ឋខ្មែរបាននោះទេ។ លោកក៏បានចាត់ទុកសកម្មភាពរបស់អាជ្ញាធរដែលបានឃាត់ខ្លួនពួកគេសួរនាំអស់ជាច្រើនម៉ោង ថាជាការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
លោកបន្ថែមថា៖ «នេះជាសកម្មភាពដែលពួកយើងមិនចង់ឃើញ ហើយនេះជាការរឹតត្បិតសិទ្ធិសេរីភាពមួយផែ្នករបស់យុវជនក្នុងសកម្មភាពការពារបរិស្ថាន ឬធនធានធម្មជាតិរបស់ប្រទេសជាតិទាំងអស់គ្នា»។
បើតាមក្រុមយុវជនមាតាធម្មជាតិ អំឡុងពេលអាជ្ញាធរខណ្ឌដូនពេញសួរនាំពួកគេនោះ មន្ត្រីអន្តោប្រវេសន៍ ក៏បានពិនិត្យលើលិខិតឆ្លងដែន ទិដ្ឋការ(វីសា) និងអត្តសញ្ញាណប័ណ្ណរបស់ជនជាតិអាល្លឺម៉ងម្នាក់ ដែលជាមិត្តភក្តិរបស់កញ្ញា ភួន កែវរស្មី ផងដែរ ដោយការសួរនាំនោះធ្វើឡើងនៅបន្ទប់ដាច់ដោយឡែកមួយទៀត។
ពាក់ព័ន្ធនឹងករណីនេះ Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញបានទេ។
ចំណែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ការជួបជុំរបស់មនុស្សមួយក្រុមដែលអះអាងថាជាសកម្មជនមាតាធម្មជាតិនោះ ជាសកម្មភាពខុសច្បាប់ បង្កប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា៖ «ការធ្វើសកម្មភាពនេះ មិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ស្របតាមនីតិវិធីច្បាប់ឡើយ។ ដោយឃើញសកម្មភាពអាណាធិបតេយ្យបែបនេះ សមត្ថកិច្ចបានអញ្ជើញពួកគាត់មកធ្វើការសាកសួរហើយក្នុងចំណោមពួកគេក៏មានជនបរទេសម្នាក់ចូលរួមជាមួយ»។
ប្រភពដដែលបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនបរទេសម្នាក់នោះ បានប្រាប់ថារូបគេពុំបានដឹងពីគោលបំណងនៃការជួបជុំនោះទេ ដោយគ្រាន់តែគេប្រាប់ថាជាសកម្មភាពហាត់ប្រាណ។ តែយ៉ាងណា ស្នងការដ្ឋានបញ្ជាក់ថា ក្រោយពីមន្រ្តីនគរបាលអន្តោប្រវេសន៍បានសាកសួរតាមនីតិវីធីអន្តោប្រវេសន្តរួចហើយ ជនបរទេសរូបនោះ បានធ្វើលិខិតសុំទោសទទួលស្គាល់កំហុស កែប្រែបញ្ចប់ការទំនាក់ទំនងជាមួយក្រុមនេះទៀត និងបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសដើមខ្លួនវិញនៅថ្ងៃខាងមុខដោយខ្លួនឯង។
អ្នកសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា ករណីឃាត់ខ្លួនសកម្មជនបរិស្ថានដែលធ្វើកិច្ចការការពារធនធានធម្មជាតិនេះ មិនមែនជារឿងថ្មីនោះទេ ដោយវាបានកើតឡើងតាំងពីរដ្ឋាភិបាលអាណត្តិមុនមកម្លេះ។ លោកចាត់ទុកករណីនេះថាជាការរំលោភបំពាន និងរឹតត្បិតសិទ្ធិសេរីភាពនៃការចូលរួមរបស់យុវជន ហើយក៏ជាការបំបាក់ស្មារតីទៅដល់យុវជនផ្សេងទៀត នាំឱ្យពួកគេភ័យខ្លាចក្នុងការចូលរួមកិច្ចការការពារធនធានធម្មជាតិ។
លោកថា៖«ខ្ញុំយល់ឃើញថា នេះវាគឺជាទម្រង់នៃការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ របស់យុវជនក្នុងការចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសក្នុងការចូលរួមចំណែកជំរុញឱ្យមានការគ្រប់គ្រង ការការពារ ការចាត់ចែង ការបែងចែកទ្រព្យសម្បត្តិរបស់ជាតិហ្នឹង ឱ្យបានល្អប្រសើរ ហើយការឃាត់ខ្លួនទៅលើក្រុមសកម្មជននេះ វាមិនបានផ្តល់ផលចំណេញសម្រាប់រដ្ឋាភិបាលនោះទេ»។
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មជនចលនាមាតាធម្មជាតិ ត្រូវបានអង្គការអន្តរជាតិ Right Livelihood ផ្តល់ពានរង្វាន់សកល (Right Livelihood Award) ដែលមានតម្លៃប្រហាក់ប្រហែលនឹងពានរង្វាន់ណូបែលសន្តិភាពដែរ (Nobel Peace Prize) ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការការពារធនធានធម្មជាតិកម្ពុជាអស់រយៈពេលប្រមាណជា ១ទសវត្សកន្លងមកនេះ។ ក្រៅពីនោះ ពួកគេក៏ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សជួរមុខប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Frontline Defender for Asia Pacific) ពីអង្គការ Frontline Defender Defenders ចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាននៅកម្ពុជា កាលពីឆ្នាំ២០២១៕