លោកនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នាខែមេសា ឆ្នាំ២០២៤ខាងមុខ ដើម្បីជួយដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះក្រោយពីត្រូវបានបិទបញ្ចប់កម្មវិធីប្រយុទ្ធកូវីដ១៩។
ថ្លែងក្នុងពិធីប្រកាសឱ្យអនុវត្តកម្មវិធីគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើងថា គោលការណ៍ណែនាំ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គមនឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសការអនុវត្តកម្មវិធី និងប្រព័ន្ធគាំពារសង្គម ។
លោកបញ្ជាក់ថា៖ «តាំងពីសម័យបញ្ចប់សង្រ្គាមមក ជីវភាពរបស់ប្រជាជនហាក់ដូចជាមានការរីកចម្រើនឡើង ក្នុងនោះអត្រាភាពក្រីក្រក៏បានកាត់បន្ថយផងដែរ ។ ជាក់ស្ដែង ក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ អត្រាភាពក្រីក្របានកាត់បន្ថយតាំងពីឆ្នាំ២០០៧ ជាង ៤៧% ទៅដល់ឆ្នាំ ២០១៧ ក្រោម១០% តែដោយសារបញ្ហាកូវីដ ១៩ ក៏បានកើនឡើងទៅដល់ជាង ១៧%»។
លោកបន្ថែមដោយបញ្ជាឱ្យត្រៀមលក្ខណៈជួយប្រជាពលរដ្ឋក្នុងការជួបវិបត្ដិសង្គមជាយថាហេតុណាមួយកើតឡើងនាពេលខាងមុខ ហើយអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាឆ្អឹងខ្នងនៃការអន្តរាគមន៍គាំពារសង្គមនានាផងដែរ។
កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះនឹងចាប់ផ្ដើមអនុវត្តនៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះដើម្បីជួយទ្រទ្រង់គ្រួសារក្រីក្រ និងជនងាយរងគ្រោះបន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ត្រូវបានបិទបញ្ចប់។
កម្មវិធីចំនួន៤នឹងត្រូវធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសាររួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) ។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា ការអនុវត្តកម្មវិធីជាតិជំនួយគាំពារសង្គមទាំងនេះ ដើម្បីឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាកា្លយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ដោយផ្អែកលើមនុស្សជាចម្បងក្នុងការបន្តជំរុញប្រព័ន្ធគាំពារដោយលក្ខណៈប្រមូលផ្ដុំ សុគតភាព ប្រសិទ្ធភាព និងចីរភាព៕