មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ចេញប្រតិកម្មនៅថ្ងៃនេះ ប្រឆាំងគេហទំព័រមួយដែលមានឈ្មោះថា«ព្យាបាលមេរោគអេដស៍»ដែលអះអាងថាមានថ្នាំព្យាបាលប្រភេទជំងឺដែលបង្កឡើងដោយមេរោគប្រភេទ វីរុស នេះជាសះស្បើយបាន។
គេហទំព័រ Newsroom Cambodia ទទួលបានសេចក្តីប្រកាសព័ត៌មានដែលចេញដោយ គេហទំព័រហ្វេសប៊ុក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (National Center for HIV/ AIDS, Dermatology and STD, Cambodia) នៅថ្ងៃទី៩ខែ មករា ឆ្នាំ២០២៤ នេះដោយចាត់ទុកថាការផ្សព្វផ្សាយថ្នាំព្យាបាលជំងឺអេដស៍បែបនេះ វាគឺជារឿងក្លែងក្លាយខុសច្បាប់ដែលមិនទាន់មានការបញ្ជាក់ត្រឹមត្រូវជាមួយនឹងក្រសួងសុខាភិបាលនៅឡើយទេ មកដល់ពេលនេះ។
ប្រតិកម្មនេះ ក្រោយពេលរកឃើញថា គេហទំព័រហ្វេសប៊ុកឈ្មោះថា «ព្យាបាលរោគអេដស៍ » បានផ្សព្វផ្សាយថាខ្លួនពិតជាមានឱសថតប្រភេទ ហើយព្យាបាលជំងឺពិតប្រាកដមែន។
បន្ថែមពីលើនេះ មន្រ្តីដែលគ្រប់គ្រង គេហទំព័រហ្វេសប៊ុក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានអះអាងនៅថ្ងៃនេះថាបច្ចុប្បន្ននេះ មានជនឆ្លៀតឱបោកប្រាស លក់ថ្នាំក្លែងក្លាយ និងបន្តផ្សព្វផ្សាយខុសពីការពិត ដូចករណីគេហទំព័រហ្វេសប៊ុកឈ្មោះ «ព្យាបាលរោគអេដស៍» នេះជាដើម នាំឲ្យពលរដ្ឋមានការយល់ច្រឡំថាពិតជាមានថ្នាំព្យាបាលជំងឺអេដស៍ជាប្រាកដមែន។
ប្រភពបន្តថា រាល់ឱសថទាំងអស់ជាពិសេសឱសថព្យាបាលមេរោគអេដស៍ មួយនេះគឺមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពថាមានថ្នាំប្រភេទនេះព្យាបាលអ្នកជំងឺជាសះស្បើយទាំងស្រុងនៅឡើយទេ។
មិនតែប៉ុណ្ណោះ មេរោគអេដស៍/ជំងឺអេដស៍ រហូតដល់ពេលនេះ មិនទាន់មានប្រទេសណា រកឃើញឱសថព្យាបាលជាសះស្បើយ នៅឡើយទេ។
លោកបន្តថា៖«[ជំងឺអេដស៍]ជាបញ្ហាសុខភាពជាសកល ប្រសិនបើមានការផ្សព្វផ្សាយ និងទទួលការព្យាបាលមិនបានត្រឹមត្រូវ នាំឱ្យប្រជាពលរដ្ឋដែលផ្ទុកមេរោគប្រឈមមុខដល់អាយុជីវិតគ្រប់ពេល »។
មេរោគអេដស៍(HIV) ដែលមានពាក្យពេញថា “Hunam Immunodeficiency Virus’’ ជាវីរុសមួយដែលចូលទៅបំផ្លាញប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយមនុស្សដែលឆ្លងមេរោគនេះ គឺមិនអាចព្យាបាលឱ្យជាសះស្បើយបានឡើយ។ មេរោគនេះ ឆ្លងតាមរយៈវត្ថុរាវ ដូចជា ឈាម ទឹកកាម ទឹកដោះម្តាយ ទឹករំអិលទ្វារមាស និងភ្នាសរន្ធគូថ ប៉ុន្តែវាមិនឆ្លងតាមរយៈទឹកមាត់ ក្អួត លាមក ទឹកភ្នែក ញើស និងទឹកនោមនោះទេ។នេះបើតាមការបញ្ជាក់នៅលើគេហទំព័ររបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)។
ប្រភពដដែលបន្តថា មានមនុស្សដែលផ្ទុកមេរោគអេដស៍ជាច្រើន មិនបានដឹងពីរោគសញ្ញាណាមួយពីមេរោគនេះ រហូតដល់ដំណាក់កាលចុងក្រោយទើបដឹង។ មេរោគអេដស៍អាចរស់នៅក្នុងខ្លួនរបស់មនុស្សរហូតដល់១០ឆ្នាំ ឬយូរជាងនេះ ដោយមិនមានបង្ហាញនូវរោគសញ្ញាជាក់ស្តែងណាមួយឱ្យឃើញឡើយ។
បន្ថែមពីលើនេះ រោគសញ្ញានៃការឆ្លងមានដូចជា អាការៈអស់កម្លាំង រាគរូស ចង្អោរ ក្អួត គ្រុនក្តៅ និងរោគសញ្ញាកោសិកាផ្សេងៗអាចជារោគសញ្ញាដែលកើតមាននៅដំណាក់កាលចុងក្រោយ ហើយរោគសញ្ញាទាំងនេះកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ហើយគ្មានសមត្ថភាពដើម្បីទប់ទល់នឹងមេរោគបាន។
ប្រភពដដេលបន្តថាមនុស្សមួយចំនួន អាចមានរោគសញ្ញាផ្តាសាយធ្ងន់ធ្ងរ នៅរយៈពេល២សប្តាហ៍ដំបូង រហូតដល់ ៣០ថ្ងៃ បន្ទាប់ពីឆ្លងមេរោគនេះ ខណៈមនុស្សដែលឆ្លងមេរោគនេះផ្សេងៗទៀត អាចនឹងមានរោគសញ្ញាខុសពីការរៀបរាប់ខាងលើនេះ។
ឆ្លើយតបនឹងប្រតិកម្មរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ អ្នកកាន់គេហទំព័រដែលអះអាងថា អាចមានឱសថព្យាបាលប្រភេទ វីរុស នេះបាន បញ្ជាក់ដោយខ្លីនៅថ្ងៃនេះថា តាមពិតទៅអ្វីដែលខ្លួនលក់នៅលើគេហទំព័រកន្លងទៅនេះ វាមិនមែនជាប្រភេទឱសថទេ។
លោកបានឆ្លើយតបថា ៖«បាទគ្រាន់តែជាអាហារបំប៉នទេបង »។
យ៉ាងនេះក្តី ព័ត៌មានមួយចំនួនដែលធ្លាប់បានផ្សព្វផ្សាយ នៅលើគេហទំព័រ«ព្យាបាលរោគអេដស៍ » នៅថ្ងៃនេះគេសង្កេតឃើញទិន្នន័យនានា ត្រូវលុបចេញពីគេហទំព័រមួយនេះអស់ហើយ ទាក់ទិនព័ត៌មានលក់ថ្នាំព្យាបាលជំងឺអេដស៍នេះ ក្រោយពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ចេញប្រតិកម្ម មិនបានប៉ុន្មានម៉ោងផង ។
ដោយឡែក ច្បាប់ស្តីពីការគ្រប់គ្រង ឱសថ បញ្ញត្តិមាត្រាទី២ បានចែងថា ឱសថក្លែងក្លាយសំដៅដល់ប្រភេទឱសថដែលគ្មានសារជាតិសកម្មត្រឹមត្រូវ តាមរូបមន្តដែលកំណត់លើផ្លាកសញ្ញា ឬវេចខ្ចប់ដោយគ្មានអាជ្ងាប័ណ្ណពីក្រសួងសុខាភិបាល។បញ្ញត្តិមាត្រា១០ នៃច្បាប់ដដែលនេះ ក៏បានកំណត់ថា ការលក់ឱសថដែលគ្មានទិដ្ឋាការ ឬបញ្ជីការ ឬឱសថដែលក្រសួងសុខាភិបាលបានហាមឃាត់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លាន ដល់១០លានរៀល និងផ្អាកសកម្មភាពលក់ដូរចាប់ពី១ខែ ដល់៣ខែ។នៅត្រង់កឋាខណ្ឌចុងក្រោយ នៃបញ្ញត្តិមាត្រាដដែលនេះ បញ្ជាក់ថា ក្រសួងសុខាភិបាលមានសិទ្ធិផ្អាកជាបណ្តោះអាសន្នភ្លាមនូវ ការផ្សព្វផ្សាយឱសថត និងការលក់ដូរឱសថដែលរកឃើញថាល្មើស រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
សម្រាប់ លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមន៍គ្រូពេទ្យគុណធម៍កម្ពុជា ឯណេះវិញបានលើកឡើងថា ប្រសិនវាមិនមែនជាថ្នាំទេជាប្រភេទអាហាបំប៉នក៏មិនអាចយកជាការបានដែរ សម្រាប់អាហារបំប៉នមួយនេះ។ លោកបន្តប្រាប់ថា បើនិយាយជារួមប្រសិនបើអ្នកជំងឺមិនអាចបរិភោគអាហារហើយបរិភោគតែអាហាបំប៉នតែមួយមុខ វានឹងអាចមានហានិភ័យដល់អាយុជីវិត។
លើសពីនេះទៀតប្រសិនជាអ្នកជំងឺអត់ដេកគ្រប់គ្រាន់ទេអាចធ្វើឲ្យមានហានិភ័យខ្ពស់បាត់បង់ជីវិតដែលប្រពន្ធ័ការពារវាចុះខ្សោយទ្រុឌទ្រោម។
មួយទៀតលោកបានបញ្ជាក់ថាអាហារបំប៉ននេះវាប្រៀបបានទៅនឹងចំណីអាហារដូចសព្វថ្ងៃមានម្ហូបអាហារឆ្ញាញ់ៗ ពុំទាន់មានអាហារបំប៉នណាដែលអាចព្យាបាលជំងឺអេដស៍បាននោះទេ។បន្ថែមពីលើនេះទៀតវាជារឿងមួយដែលភូតភរពលរដ្ឋ ប្រសិនបើមិនមានការចុះបញ្ជីការដែលចេញដោយក្រសួងសុខាភិបាលវាជារឿងដែលល្មើសច្បាប់។
លោកបន្តថា៖«ថ្នាំព្យាបាលជំងឺអេដស៍ឲ្យជានោះមិនទាន់មានការបញ្ជាក់អំពីសុខភាពពិភពលោកនៅឡើយទេព្រោះប្រសិនជាគេរកឃើញដែលអាចព្យាបាលជា ១០០ភាគរយបានន័យថាថ្នាំអស់នឹងវាចុះបញ្ជីការនៅក្នុងអង្គការសហប្រជាពិភពលោក (WHO) នឹងបាអានឹងទើបយើងអាចយកជាការបានប្រសិនជាព័ត៍មានតាម Facebook តាមអឺអនឡាញតាមអីនេះយើងមិនអាចយកជាការបានទេពីព្រោះជំងឹអេដស៍ HIV(Human immunodeficiency virus)នឹងអានឹងគឺថាឆ្លងកាត់ពីក្រសួងសុខាភិបាលយើងមួយនៅក្នុងស្រុកនឹង វាជាថ្នាំពិតប្រាកដវានឹងអាចចូលឡាបូ ដែលអាចព្យាបាលពិតប្រាកដ អាចនឹងក្រសួងសុខាភិបាលយកនឹងពិនិត្យដើម្បី បញ្ជាក់ថាថ្នាំនឹងវាមានកម្រិតស្អីខ្លះមានរូបមន្តសារធាតុស្អីខ្លះ អានឹងវាអាចយកជាការផ្សព្វផ្សាយបាន » ។
របាយការណ៍ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ដែលកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦.០០០នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤.០០០នាក់ ជាមនុស្សពេញវ័យដែលមានអាយុចាប់ ពី១៥ឆ្នាំឡើងទៅ និងប្រហែល ២.០០០នាក់ ជាកុមារ អាយុចន្លោះពី ០ ទៅ ១៤ឆ្នាំ។ របាយការណ៍ដដែល បន្តថា ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយមានមនុស្ស ១១.០០០នាក់ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ៕