មន្ទីរសុខាភិបាលភ្នំពេញ ស្នើម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Mekong News និងចំណេះដឹងទូទៅ លុបរូបភាពវីដេអូចេញពីគេហទំព័ររបស់ខ្លួនដែលចេញផ្សាយពុំមានប្រភព និងកាលបរិច្ឆេទមិនច្បាស់លាស់ព្រមទាំងសរសេរខ្លឹមសារមិនត្រឹមត្រូវ។
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ចេញកាលថ្ងៃទី១១ខែតុលា ឆ្នំា២០២៣បានឱ្យដឹងថា ផេកហ្វេកប៊ុកឈ្មោះ Mekong News និងចំណេះដឹងទូទៅបានធ្វើការចុះផ្សាយរូបភាពវីដេអូនៃការដឹកជញ្ជូនជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ដែលសរសេរខ្លឹមសារមិនត្រឹមត្រូវនៅលើគេហទំព័ររបស់ខ្លួន។
ក្នុងសេចក្តីជូនដំណឹងដដែលបន្ថែមថា៖ «ផេកហ្វេកប៊ុកឈ្មោះ Mekong News យកទៅសង្គ្រោះតែបើអត់មានលុយគឺទម្លាក់ចុះវិញហើយ និងផេកហ្វេសប៊ុកមួយទៀត ឈ្មោះ ចំណេះដឹងទូទៅ បានផុសរូបភាពវីដេអូដដែល និងសរសេរខ្លឹមសារថា(Caption) ឡានពេទ្យមួយនេះមកយកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ពេលដែលលើកដាក់ ហើយគ្មានលុយលើកចុះពីឡានមកវិញ»។
មន្ទីរសុខាភិបាលបញ្ជាក់ថា រូបភាពវីដេអូដែលបានចុះផ្សាយនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងតាំងពីដើមឆ្នាំ២០២៣មកម្លេះ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានចាត់វិធានការផ្លូវការស្របតាមច្បាប់ ជាពិសេសនឹងមិនមានករណីនេះកើតឡើងសារជាថ្មីម្តងទៀតឡើយ។
បើតាមសេចក្តីជូនដំណឹងបានបន្ថែមថា៖ «ស្នើដល់ម្ចាស់ផេកហ្វេកប៊ុកទាំងពីរលុបរូបភាពវីដេអូនេះចេញពីគេហទំព័ររបស់ខ្លួនជាបន្ទាន់ ជាពិសេសដើម្បីជៀសវាងធ្វើឪ្យសាធារណៈជនមានការភាន់ច្រឡំ និងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសុខាភិបាល»។
មន្ទីរសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងករណីជួបប្រទះគ្រោះចរាចរណ៍នៅមូលដ្ឋានរាធានីភ្នំពេញ សូមហៅទៅកាន់លេខរថយន្តគិលានសង្រ្គោះ១៩៩ ឬលេខទំនាក់ទំនងរបស់មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីជួយសង្រ្គោះ និងបញ្ជូនទៅមន្ទីរពេទ្យបានទាន់ពេលវេលា៕