សង្គមស៊ីវិល និងអ្នកវិភាគលើកឡើងថា ដើម្បីកាត់បន្ថយអំពើពុករលួយ រដ្ឋាភិបាលអាណត្តិថ្មីគួរពង្រឹងច្បាប់ និងប្រព័ន្ធតុលាការ ហើយ ពលរដ្ឋត្រូវសកម្មក្នុងការចូលរួម។
ការលើកឡើងនេះធ្វើឡើងខណៈពេលដែលអង្គការតម្លាភាពកម្ពុជា (TI) អង្គការបណ្តាញយុវជនកម្ពុជា (CYN) និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ក្រោមមូលបទ «ការដឹកនាំមានសុចរិតភាព នាំមកនូវយុត្តិធម៌ និងវិបុលភាព» នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
លោក អ៊ឹម នរិន្ទ នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា (TI) ប្រាប់អ្នកសារព័ត៌មានថា កត្តាសំខាន់ក្នុងការប្រឆាំងអំពើពុករលួយគឺការអនុវត្តគោលនយោបាយដែលបានដាក់ចេញ ដោយលោកថា ទាំងគោលនយោបាយចតុកោណរបស់រដ្ឋាភិបាលអាណត្តិចាស់ និងគោលនយោបាយបញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មីសុទ្ធតែមានអភិបាលកិច្ចល្អជាស្នូលដូចគ្នា។
លោកលើកឡើងថា៖ «អ្វីដែលយើងប្លែកឃើញជាសញ្ញាខ្លះជាសញ្ញាវិជ្ជមានឃើញនៅថ្ងៃប្រារព្ធទិវាប្រឆាំងអំពើពុករលួយហ្នឹង នាយករដ្ឋមន្ត្រីថ្មីហ្នឹងក៏គាត់មានជាសារមួយចំនួនដែលបានចេញជាសាធារណៈ ហើយបានបង្ហាញនូវឆន្ទៈ បង្ហាញនូវអភិក្រមរបស់ខ្លួនដែលផ្ដោតសំខាន់លើការវះកាត់ ឬក៏ការងូតទឹកដុះក្អែលអីផ្សេងៗ ហើយយើងសង្ឃឹមថាគាត់នឹងដឹកនាំប្រទេសហ្នឹងតែងតែប្រកាន់ខ្ជាប់នូវអភិក្រមរបស់គាត់ហ្នឹង ហើយអនុវត្តវាឱ្យបានល្អ»។
ចំណែកលោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា លើកឡើងថា រដ្ឋាភិបាលអាណត្តិថ្មីបានដាក់ចេញយន្ដការប្រឆាំងអំពើពុករលួយ ក៏ប៉ុន្តែលោកថា ការអនុវត្តមិនទាន់ពេញលេញនៅឡើយ។
លោកថា៖ «ខ្ញុំមើលគោលនយោបាយរបស់រដ្ឋាភិបាលគាត់មានយន្ដការល្អដែរដើម្បីកាត់បន្ថយអំពើពុករលួយ ប៉ុន្តែក្រសួងមន្ទីរមួយចំនួនដែលធ្វើបាននៅក្នុង២៧ក្រសួងមន្ទីរស្ថាប័ន យើងឃើញមានក្រសួងមន្ទីរពីរបីទេដែលគាត់ដាក់វិធានការច្រើន ដូចក្រសួងមហាផ្ទៃគាត់ចេញវិធានការមួយចំនួន។ ដោយឡែកក្រសួងមន្ទីរផ្សេងទៀតហាក់ដូចជាមិនទាន់សកម្មទេ។ ហើយការដាក់វិធានការដែលគាត់មានប្រសិទ្ធភាពវានៅតាមខេត្តតាមតំបន់មួយចំនួនទេ វាមិនទាន់ជ្រាបដល់រចនាសម្ព័ន្ធថ្នាក់ក្រោមជាតិនៅឡើយទេអត់ទាន់មានទេ ឧទាហរណ៍ថាសេវាជួរមុខដែលប្រជាពលរដ្ឋទទួលបានអត់ទាន់បានពេញលេញទេ គាត់នៅជួបឧបសគ្គនៅក្នុងការត្រូវការប្រើប្រាស់ថវិកាក្រោមតុជាដើម»។
លោកសាស្ត្រាចារ្យបានបន្ថែមថា ដើម្បីកាត់បន្ថយ ឬប្រឆាំងអំពើពុករលួយ ត្រូវទាមទារឱ្យមានគោលការណ៍ច្បាប់ និងប្រព័ន្ធតុលាការឯករាជ្យ ហើយពលរដ្ឋត្រូវមានភាពសកម្ម និងឱ្យតំណាងរាស្ត្រមានឯកត្កនាម ឬពលរដ្ឋជាអ្នករើសតំណាងរាស្ត្រ។
លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិយាយថា នៅកម្ពុជាមានការប្រឆាំងអំពើពុករលួយតាំងពីយូរមកហើយគឺតាំងពីរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន មកម៉្លេះ។
លោកថា៖ «រាជរដ្ឋាភិបាលមិនមែនទើបតែរដ្ឋាភិបាលថ្មីនេះទេ ការប្រឆាំងអំពើពុករលួយហ្នឹង យើងបានធ្វើយូរណាស់ហើយ តាំងពីរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ យើងមានអង្គភាពប្រឆាំងអំពើពុករលួយ យើងបានចាត់ទុកអភិបាលកិច្ចល្អជាស្នូលនៃការកែទម្រង់»។
លោកបានបន្តថា រដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តប្រឆាំងនឹងអំពើពុករលួយ ដោយបានចាត់ទុកតម្លាភាពជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។
«យើងបានធ្វើកិច្ចការងារច្រើនណាស់ដើម្បីលុបបំបាត់ ឬក៏កាត់បន្ថយអំពើពុករលួយ មានការបើកប្រាក់ខែតាមធនាគារ មានការបង់ពន្ធអចលនទ្រព្យ បង់ពន្ធផ្លូវឡានផ្លូវអីហ្នឹងដាក់នៅតាមធនាការ អ្វីៗបន្តិចទៀតមាន App [កម្មវិធី] មានអី បង់ថ្លៃនេះថ្លៃនោះ ទាំងអស់ហ្នឹងគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកាត់បន្ថយកុំឱ្យមានអំពើពុករលួយហ្នឹងឯង ហើយលទ្ធផលទទួលបានច្រើន ហើយរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះនៅតែបន្តកិច្ចប្រឹងប្រែង សម្ដេចធិបតីលោកថាតម្លាភាពហ្នឹងសំខាន់ណាស់ សំខាន់ជាស្នូលនៃយុត្តិសាស្ត្របញ្ចកោណ»។
បើតាមរបាយការណ៍ពីសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២២ របស់អង្គការតម្លាភាពអន្តរជាតិកម្ពុជា(Transparency International Cambodia) កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១៥០ ក្នុងចំណោម១៨០ប្រទេស ដែលមានន័យថា អំពើពុករលួយនៅកម្ពុជាស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ៕