សហគមន៍ជនជាតិដើមភាគតិចកួយស្នើអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ចំពោះការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ ដោយពួកគេបានរកឃើញឈើជាង៣០០ដើមត្រូវបានអារក្នុងឆ្នាំ២០២៣។
ក្នុងសារដែលបង្ហោះជាសេចក្ដីប្រកាសព័ត៌មានស្តីពីការបូកសរុបបទល្មើសធនធានធម្មជាតិក្នុងឆ្នាំ២០២៣លើទំព័រហ្វេសប៊ុករបស់សហគមន៍ជនជាតិដើមភាគតិចកួយ ចេញនៅថ្ងៃទី១០ ខែមករានេះបានឱ្យដឹងថា នៅតំបន់អូរស្ពង់ក្នុងដែនជម្រកសត្វព្រៃព្រះរកាមានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ។
សារដដែលបន្ថែមថា៖ «បច្ចុប្បន្នតំបន់ដែលកំពុងបន្តកាប់បំផ្លាញយ៉ាងសកម្មមានលេខនិយាមការ X៖ 515731 Y៖1546629 ដែលមានម៉ាស៊ីនអារឈើយ៉ាងសកម្មប្រហែល១០គ្រឿង នៅតំបន់ អូរស្ពង់ ដែលជាតំបន់សក្ដានុពលចម្ការច្បោះរបស់បងប្អូនជនជាតិដើមភាគតិចយើងអាស្រ័យផល»។
សារជាសេចក្ដីប្រកាសព័ត៌មានដដែលបន្ដថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ តាមរយៈការចុះល្បាត ៥ដងបានរកឃើញមានគល់ឈើដែលត្រូវបានកាប់ផ្តួល អារជ្រៀកមានចំនួន ៣៦៦គល់ ក្ដារបន្ទះចំនួន ៣៤២បន្ទះ ឈើតាប់ចំនួន៣.២ម៉ែត្រគូប និងឈើប្រភេទសសរចំនួន២៧ដើម។
លោក ស៊ុត សាវន សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយបានប្រាប់ Newsroom Cambodia ថា នៅថ្ងៃទី១០ និងទី១១ ខែមករានេះក៏មានករណីកាប់ឈើដែរ គឺក្រុមជនល្មើសមានគ្នាជាង២០នាក់បានអារឈើអស់៥ដើម ប្រដាប់ដោយរណារយន្ត៥គ្រឿង និងមានគោយន្ដ៤គ្រឿងនៅអូរតាមាក់។
សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុនៅដែនជម្រកសត្វព្រៃព្រះរកា បានស្នើសុំកិច្ចអន្តរាគមន៍ពីមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ ជុំវិញការកាប់បំផ្លាញព្រៃឈើនេះ។
«យើងជាសហគមន៍សូមស្នើរសុំបន្ថែមដល់អង្គភាពប្រឆាំងបទល្មើសធនធានធម្មជាតិ និងលោកអភិបាលខេត្តដែលស្រលាញ់ចូលចិត្ដកំសាន្ដព្រៃឈើធម្មជាតិ សូមជួយចុះធ្វើអន្តរាគមន៍ តំបន់កាប់បំផ្លាញទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃព្រះរកានេះផង»។
Newsroom Cambodia បានព្យាយាមទាក់ទងលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ប៉ុន្តែលោកបដិសេធមិនឆ្លើយតបតាមទូរស័ព្ទដោយថាបញ្ហានេះជារឿងដដែលៗ។
លោកបញ្ជាក់ថា៖ «អូ! អាហ្នឹងសួរដដែលៗពីរបីអង្គភាព [សារព័ត៌មាន] ហើយ។ អញ្ជើញមកមន្ទីរ[បរិស្ថាន] មកខ្ញុំជូនព័ត៌មានបង»។
លោក ហេង គឹមហុង នាយកប្រតិបត្តិសហគមបណ្តាញយុវជនកម្ពុជា(CYN) បានប្រាប់ថា រដ្ឋាភិបាល ឬមន្ត្រីពាក់ព័ន្ធគួរយកចិត្តទុកដាក់ និងដោះស្រាយករណីបទល្មើសព្រៃឈើនេះជាបន្ទាន់ ដើម្បីឲ្យដឹងថា បញ្ហានេះបន្តកើតឡើងដោយសារតែការអនុវត្តមិនបានត្រឹមត្រូវរបស់មន្ត្រី ឬក៏មកពីគោលនយោបាយនៅមានកម្រិត។
លោក ហេង គឹមហុង ថា៖ «រដ្ឋាភិបាលគួរតែគិតពិចារណាក្នុងការទប់ស្កាត់បទល្មើសធម្មជាតិ តទៅមុខទៀត គួរតែធ្វើការស៊ើបអង្កេតពីមន្ត្រីរបស់ខ្លួននៅមូលដ្ឋានថាហេតុអ្វីបានជារដ្ឋាភិបាល រដ្ឋមន្រ្តី ឬក៏នាយករដ្ឋមន្រ្តី បានដាក់ទិសដៅនៃការប្តេជ្ញាចិត្តម្តងហើយម្តងទៀតកាលពីអាណត្តិចាស់រហូតទៅដល់អាណត្តិថ្មី ប៉ុន្តែបទល្មើសនៅតែកើតមានឡើងអ៊ីចឹង»។
លោកបន្តថា៖ «បើសិនជារកឃើញថាគោលនយោបាយមានចំណុចខ្សោយត្រូវកែសម្រួលឡើងវិញជាបន្ទាន់តែបើគោលនយោបាយមានលក្ខណៈពេញលេញ ហើយការប្តេជ្ញារបស់រដ្ឋាភិបាលគ្រប់គ្រាន់ ប៉ុន្តែផ្ទុយទៅវិញមន្រ្តីមូលដ្ឋាននៅក្នុងដែននីមួយៗនឹងអត់មានការប្តេជ្ញាចិត្ត ចឹងប្រហែលជាត្រូវពិនិត្យ មើលក្នុងការធ្វើកំណែទម្រង់ទៅលើវិជ្ជាជីវៈហើយនឹងមន្រ្តីនឹងតែម្តងដើម្បីកុំឲ្យការប្តេជ្ញាចិត្តរបស់រដ្ឋចេះតែមាន តែផ្ទុយទៅវិញភាពនៃការអនុវត្តជាក់ស្តែងរបស់មន្រ្តីនឹងនៅតែបណ្តែតបណ្តោយធ្វេសប្រហែសបង្កឲ្យមានបទល្មើសជាច្រើនកើតមានឡើងបន្តទៅទៀត»។
រដ្ឋាភិបាលបានបង្កើតដែនជម្រកសត្វព្រៃព្រះរកាតាមរយៈអនុក្រឹត្យចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីទំហំ ៩០,៣៦១ហិកតា ស្ថិតស្រុកចំនួន៣ រួមមាន ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។ ការបង្កើតដែនជម្រកសត្វព្រៃនេះគឺធ្វើឡើងក្នុងគោលបំណងថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងដើម្បីលើកកម្ពស់ការចូលរួមពីសហគមន៍មូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិក្នុងតំបន់៕