សង្គមស៊ីវិល សាទរចំពោះក្រសួងយុត្តិធម៌ ដែលបង្ហាញការប្តេជ្ញាចិត្ត និងដាក់ចេញនូវយន្តការដោះស្រាយយ៉ាងម៉ឹងម៉ាត់ លើសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ប៉ុន្តែថាបើមានត្រឹមគោលនយោបាយ តែគ្មានផែនការសកម្មភាពច្បាស់លាស់នោះទេ នោះបញ្ហាទាំងនេះនៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ការលើកឡើងរបស់អង្គការស៊ីវិលនេះ ធ្វើឡើងបន្ទាប់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មានប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ លោកអាងអះថា សំណុំរឿងចំនួន៣ នឹងត្រូវកំណត់ជាអាទិភាព សម្រាប់យន្តការដោះស្រាយដោយម៉ឺងម៉ាត់បំផុត នោះគឺសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន។
លោកបញ្ជាក់ថា៖«ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដាច់ខាត និងគោលការណ៍ ដែលត្រូវប្រកាន់យកចាប់ពីពេលនេះតទៅ សម្រាប់សំណុំរឿងចំនួន៣ប្រភេទ ទី១.សំណុំរឿងក្តីគ្រឿងញៀន ទី២. សំណុំរឿងក្តីទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ និងទី៣. សំណុំរឿងក្តីពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន»។
លោកថា ការងារអាទិភាពទាំងនេះ បើមិនមានការដោះស្រាយដោយម៉ឹងម៉ាត់ទេ នោះនឹងបង្កផលប៉ះពាល់ផ្ទាល់ជាមួយប្រជាពលរដ្ឋ។ លោកបន្តថា បញ្ហាគ្រឿងញៀន មិនត្រឹមបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ សុខភាព និងសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញធនធានមនុស្សនៅកម្ពុជាថែមទៀត។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង កត់សម្គាល់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនមានការកើនឡើងច្រើន ខណៈការចុះបង្រ្កាបម្តងៗ ក៏មានការរឹបអូសបានសារធាតុញៀនជាច្រើនតោនផងដែរ។ ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ លោកថា ក៏ជាឃាតករលាក់មុខដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមដងផ្លូវជារៀងរាល់ថ្ងៃ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងប្រទេសជាតិ ក្នុងមួយឆ្នាំៗប្រមាណ ៤០០ ទៅ៥០០លានដុល្លារផងដែរ។
លោកចាត់ទុកបញ្ហាទាំងនេះ ថាជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវដាក់ចេញនូវយន្តការម៉ឺងម៉ាត់ក្នុងការដោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់។
លោកបញ្ជាក់ថា៖«ដោយសារយើងឃើញថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន បញ្ហាគ្រឿងញៀនក៏កើតឡើងច្រើន ចឹងក្រសួងបានសម្រេចចិត្តនៅក្នុងការបង្ហាញនៃការយកចិត្តទុកហ្នឹង គឺដើម្បីឱ្យប្រជាពលរដ្ឋហ្នឹង គេមានជំនឿជឿជាក់ដែរ»។
យ៉ាងណាមិញ លោកចាត់ទុកគ្រឿងស្រវឹង ជាឬសគល់ចម្បងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត។
លោក យង់ គិមអេង បន្ថែមថា៖«ខ្ញុំជឿថាគោលនយោបាយនេះ គឺបើសិនជាអត់មានការប្តេជ្ញាចិត្តខ្ពស់ អត់បានដាក់ចេញជាសកម្មភាព ផែនការសកម្មភាពជាក់លាក់ទេ អត់អាចធ្វើឱ្យសម្រេចទៅបានទេ ហើយម្យ៉ាងវិញទៀត បើអត់ហ៊ានធ្វើរឿងគ្រឿងស្រវឹងហ្នឹងទេ ទោះបីក្រសួងយុត្តិធម៌ លោកព្យាយាម ខំប្រឹងប្រែងដាក់ទោសទណ្ឌយ៉ាងមិចក៏ដោយ ក៏នៅតែអត់ថយដែរ។ ព្រោះបញ្ហាគ្រឿងស្រវឹងជាកត្តាសំខាន់ លុះត្រារដ្ឋាភិបាលហ៊ានចេញច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ទើបជាការចូលរួមចំណែកសំខាន់ក្នុងការទប់ស្កាត់បទល្មើសនេះផង ក៏ដូចជាកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនផង»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញស្រដៀងគ្នាដែរថា បញ្ហាគ្រឿងស្រវឹង គឺជារឿងធំចម្បងក្នុងការដោះស្រាយ មុននឹងទៅដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត។ ជាមួយនេះ លោកក៏ជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ប្រកបដោយតម្លាភាព សុក្រឹតភាព និងភាពយុត្តិធម៌ ដោយយកច្បាប់ជាធំ ទើបអាចធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់បាន។
លោកបន្តថា៖«ទោះចំណាត់ការនេះតូចក្តី ធំក្តី ប៉ុន្តែឱ្យតែមន្ត្រីរដ្ឋាភិបាលមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះដោយសុទ្ធចិត្ត ដោយគ្មានការរើសអើង ក្រោមគោលការណ៍ច្បាប់ មិនខ្លាចញញើតអ្នកមានអំណាច ឬសាច់ញាតិបក្ខពួកខ្លួនឯង នោះការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នឹងអាចឈានទៅដល់ការលុបបំបាត់ទាំងស្រុងជាមិនខាន ប៉ុន្តែប្រសិនបើអនុវត្តច្បាប់ដើម្បីធ្វើប្រជាភិថុតិ ឬគ្រាន់តែដើម្បីឱ្យល្អមើល ទោះវិធានការនោះធំកម្រិតណាក៏ដោយ ក៏មិនអាចលុបបំបាត់បញ្ហានេះបានដែរ»។
Newsroom Cambodia មិនទាន់អាចសុំធ្វើការអត្ថាធិប្បាយបន្ថែមពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននៅឡើយទេ។
ចំណែក អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ ធ្លាប់លើកឡើងកន្លងមកថា អ្នកប្រើប្រាស់គ្រឿងញៀននាពេលបច្ចុប្បន្នមានចំនួនជាង ២ម៉ឺននាក់ ដែលកំណត់បានដោយអាជ្ញាធរ ដែលភាគច្រើនអាយុចន្លោះពី ១៨ឆ្នាំទៅ ៣៥ឆ្នាំ។
របាយការណ៍របស់អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា ក្នុងឆ្នាំ២០១៧ អាជ្ញាធរចាប់បានគ្រឿងញៀនចំនួន ២៩៦គីឡូក្រាម, ឆ្នាំ២០១៨ ចាប់បានចំនួន ៤៧២,៥៣គីឡូក្រាម, ឆ្នាំ២០១៩ ចាប់បានចំនួន ៧៥០គីឡូក្រាម, ឆ្នាំ២០២០ ចាប់បានចំនួន ៣ ៨៧៦គីឡូក្រាម, ឆ្នាំ២០២១ ចាប់បាន ៤ ៦៨៩គីឡូក្រាម និងឆ្នាំ២០២២ ចាប់បានចំនួន ១៤ ៩១៩គីឡូក្រាម រួមនឹងវត្ថុតាមមួយចំនួនទៀត។
ដោយឡែក របាយការណ៍របស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៣ បានកើតឡើងជាង ៣ ០០០ករណីនេះ បានកើនឡើង ១១% បើធៀបនឹងឆ្នាំ២០២២ ដែលមានជាង ២ ៩០០ករណី។ ប្រភពដដែលបន្តថា ក្នុងឆ្នាំ២០២៣ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង ១ ៥០០នាក់ ដែលថយចុះ ៧% ខណៈអ្នករងរបួសធ្ងន់មានជាង ២ ៧០០នាក់ កើនឡើង ៧% និងអ្នករងរបួសស្រាលមានជាង ១៧០០ នាក់ កើនឡើង ២១%។
ចំណែក សំណុំរឿងទាក់ទងនឹងអត្រានុកូលដ្ឋានវិញ បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទនោះ គឺមកដល់ពេលនេះ ការប្តឹងសំណុំរឿងទាក់ទងនឹងអត្រានុកូលដ្ឋាន មានប្រមាណ ៦ ០០០សំណុំរឿង ស្មើនឹង ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីទាំងមូល។ លោកស្នើឱ្យសាលាដំបូងទូទាំងប្រទេស ធ្វើការងារដោះស្រាយបញ្ហានេះតែ ២គត់ គឺលឿន និងត្រឹមត្រូវ ខណៈបញ្ហានេះភាគច្រើន គឺខុសតែឈ្មោះ និងថ្ងៃខែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែតាមច្បាប់ គឺពលរដ្ឋត្រូវឡើងទៅកែនៅតុលាការ៕