រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាត់ទុកការយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរមួយចំនួនតូច នៅលើបណ្តាញសង្គម ដែលកើតឡើងតាំងពីមុនបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយនៅពេលនេះ ថាជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា។
យោងតាមសេចក្តីស្រាយបំភ្លឺព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្មីៗនេះមានទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានញុះញង់ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ «ភ្ញៀវទេសចរអន្តរជាតិរិះគន់យ៉ាងចាស់ដៃទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី)។
ករណីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា៖ «ការសរសេររិះគន់អំពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដោយលើកយកការបញ្ចេញមតិដែលមានកាលបរិច្ឆេទតាំងពីជាង២-៩ខែមុនមក ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ទើបតសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ (ដែលមានរយៈពេលមិនដល់២ខែផង)»។
ប្រភពដដែលបន្តថា ចំពោះការរិះគន់រឿងបុគ្គលិកអាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរនោះ ក៏ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ខណៈការរិះគន់ ឬបញ្ចេញមតិដោយការផ្តល់ពិន្ទុ និងវាយតម្លៃអាកាសយានដ្ឋានថ្មីនេះថាមានកម្រិតផ្កាយប៉ុន្មាននោះ ក៏មិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់របស់បុគ្គលទាំងនោះឡើយ។
ចំណែក ការរិះគន់រឿងក្រដាសដុល្លារ ដែលយកទៅចាយមិនដាច់(អាចជាក្រដាស់ប្រាក់ចាស់ ឬមានស្នាមប្រឡាក់ ឬរហែក) បន្ទាប់ពីទទួលលុយអាប់ក្រោយបង់ថ្លៃតាក់ស៊ីរួចនោះ ប្រភពដដែលបញ្ជាក់ថា ករណីនេះគ្មានពាក់ព័ន្ធដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានថ្មីនេះដែរ ហើយការរិះគន់អំពីមន្ត្រីអន្តោប្រវេសន៍អាកាសយានដ្ឋានពាក់ព័ន្ធនឹងអំពើពុករលួយនោះ ក៏ជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញសេចក្តីបំភ្លឺព័ត៌មានរួចហើយដែរ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា៖ «ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គម តាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជនរបស់អាកាសយានដ្ឋាននេះតែប៉ុណ្ណោះ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ស៊ិន ចាន់សេរីវុត្ថាថ្លែងប្រាប់Newsroom Cambodia ថា ការរិះគន់នេះ ជារឿងពីរដាច់ដោយឡែកពីគ្នា មិនមានពាក់ព័ន្ធនឹងអាកាសយានដ្ឋានថ្មីនោះទេ។
លោកថា៖ «[អាកាសយានដ្ឋានអន្តរជាតិ]សៀមរាបអង្គរនេះ តាំងពីបើកមកមិនទាន់បាន២ខែផង អ្នកដែលយកការផ្តល់មតិចាស់នេះមកវែកញែក គាត់មានចរឹតញុះញង់ បង្កបញ្ហា ដើម្បីបង្ខូចឈ្មោះរាជរដ្ឋាភិបាល […] គោលបំណងគាត់បើមើលឱ្យល្អិតមែនទែនទៅ មិនមែនវាយប្រហារត្រឹមតែកម្រិតបច្ចេកទេសទេ គាត់វាយប្រហារកម្រិតនយោបាយទៀត ថាអាកាសយានដ្ឋាននេះ បម្រើប្រយោជន៍ចិន»។
ទោះយ៉ាងណា លោកនៅតែបន្តក្រើនរំលឹកបន្ថែមដល់បុគ្គលិករបស់អាកាសយានដ្ឋានទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោរពគោលការរណ៍ស្តង់ដារប្រតិបត្តិ ឱ្យបានខ្ជាប់ខ្ជួន ក្នុងការផ្តល់សេវាដល់អតិថិជន ឱ្យកាន់តែល្អប្រសើរ ដូចប្រទេសជឿនលឿនផងដែរ។
លោកវុត្ថា ថ្លែងថា៖ «អាកាសចរស៊ីវិល ក៏ដូចជាអាកាសយានដ្ឋាន ទទួលយកនូវការរិះគន់ដែលមានមូលដ្ឋាន ដើម្បីជាការកែលំអរឱ្យបានកាន់តែប្រសើរឡើង[…] អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខំពង្រឹងកែលំអរច្រើនណាស់ ហើយកាលណាមានករណីអ្វីមួយមិនប្រក្រតី គេចាប់ផ្តើមស៊ើបអង្កេតភ្លាមៗតែម្តង»។
ការស្រាយបំភ្លឺរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើឡើងបន្ទាប់ពីមានការចែករំលែកនៅលើបណ្តាញសង្គម ជុំវិញមតិរិះគន់របស់ជនបរទេសមួយចំនួន ក្នុងនោះមានការបង្ហោះសាររបស់គណនីហ្វេសប៊ុកឈ្មោះ Ronald Wittenzellner កាលពីប៉ុន្មានសប្តាហ៍មុន ដោយមានជាសំណេរដើមថា៖ «អាកាសយានដ្ឋានថ្មីជាកម្មសិទ្ធិរបស់ចិន និងសាងសង់ដោយជនជាតិចិន! ជើងហោះហើរមានជាង ១០០ប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សរុបមកនេះ គឺជាអាកាសយានដ្ឋានដ៏អាក្រក់បំផុត។ ខ្ញុំនៅសៀមរាប ឆ្នាំ២០១៩ ហើយសំណាងបានទៅដល់ព្រលានចាស់ ដែលមាន ប្រពៃណី មន្តស្នេហ៍ និងភាពប៉ិនប្រសប់។ វាតូចជាងមែន ប៉ុន្តែសមស្របសម្រាប់អ្នកដំណើរ ហើយក៏ជិតទក្រុងផងដែរ[…]»។
ពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះដែរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ដំណោះស្រាយលើបណ្ហាតម្លៃសេវាការប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋាន និងតម្លៃចំណតយានយន្តផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា ក្រោយមានកង្វល់មួយចំនួនរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវចេញចូល និងតម្លៃចំណតយានយន្តក្នុងអាកាសយានដ្ឋាននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយ។
អ្នកនាំពាក្យបន្តថា ក្រោយការពិនិត្យ និងដោះស្រាយ ជាលទ្ធផល ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាននេះ បានសម្រេចមិនគិតកម្រៃថ្លៃចត សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី ក្រោមរយៈពេល ១៥នាទី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត និងយល់ព្រមបញ្ចុះតម្លៃបន្ថែម ក្នុងការប្រើប្រាស់ផ្លូវសម្រាប់យាន្តយន្តគ្រប់ប្រភេទ ដែលចូល-ចេញអាកាសយានដា្ឋន សម្រាប់រយៈពេល ២ឆ្នាំ (ឆ្នាំ២០២៤និង២០២៥)។
ប្រធានសហព័ន្ធ សហជីព វិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា បញ្ហាបែបនេះ មិនមែនជារឿងថ្មីដែលកើតឡើងនៅតាមអាកាសយានដ្ឋានទេ គ្រាន់តែមិនទាន់មានដំណោះស្រាយសមស្រប។
លោកថា៖ «វាជាបញ្ហាចាស់រ៉ាំរៃយូរឆ្នាំហើយ ពាក់ព័ន្ធនឹងការយកលុយភ្ញៀវ[…] តែហាក់ដូចជាមិនបានដោះស្រាយបញ្ចប់ដើម្បីឱ្យមានលក្ខណៈមួយច្បាស់លាស់ ថារឿងហ្នឹងបានចប់ហើយ»។
លោកបង្ហាញការព្រួយបារម្ភថា បើមានការរិះគន់បែបនេះនៅបន្តកើតមានឡើង ហើយមិនមានដំណោះស្រាយសមស្របនោះទេ នឹងមានការប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍នៅកម្ពុជា ខណៈកម្ពុជាហាក់មិនទាន់មានលទ្ធភាពប្រកួតប្រជែងផ្នែកទេសចរណ៍ជាមួយប្រទេសជិតខាងបាននៅឡើយ។
លោកថា៖ «ប៉ះពាល់ភ្ញៀវម្នាក់ មិនមែនមានន័យថាមានតែភ្ញៀវម្នាក់ហ្នឹងឈប់មកទេ គាត់អាចសរសេរនៅលើវេបសាយ ឬក៏បណ្តាញសង្គមរបស់គាត់ ចែករំលែកពីបទពិសោធន៍ទៅកាន់ភ្ញៀវដទៃទៀត […]បញ្ហាទាំងនេះ គឺពិបាកទទួលយក និងមានការប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់វិស័យទេសចរណ៍យើង បើគ្រាន់តែឈានជើងចូលដល់ព្រលាន មិនទាន់បានដើរលេងផង មានរឿងទាំងអស់ហ្នឹងកើតឡើងហើយ តើឱ្យទេសចរណ៍គេទុកចិត្តបានយ៉ាងម៉េច?»។ លោកក៏បានជំរុញទៅដល់ក្រសួងពាក់ព័ន្ធ ដើម្បីឱ្យមានវិធានការដល់ជនដែលទទួលលុយ ឬធ្វើខុសពីគោលការណ៍ការងារ និងបង្ហាញពីតម្លាភាពទៅកាន់សាធារណៈថា ពិតជាបានចាត់វិធានការ និងធានាឱ្យបានថាពិតជាមិនមានរឿងបែបនេះកើតឡើងតទៅទៀតពិតប្រាកដមែន៕