គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកែសម្រួលគោលការណ៍ពាក់ព័ន្ធការហែក្បួនឃោសនាបោះឆ្នោត និងការពារសន្តិសុខ ដើម្បីរក្សាសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចកែសម្រួល និងឯកភាពគោលការណ៍លើសេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានសម្រេចកែសម្រួលខ្លឹមសារឯកសារការពារសន្តិសុខបោះឆ្នោត ដូចជាការប្រើប្រាស់គំរូប្រឡង់ដៃសន្តិសុខ ខ្នាតខិត្តបណ្ណ និងប្រព័ន្ធការពារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ Newsroom Cambodia ថា ការកែសម្រួលការហែក្បួនឃោសនា និងការពារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺគ្រាន់តែយកឯកសារចាស់ទាំងនោះមកពិនិត្យ និងកំណត់ខ្លឹមសារថ្មីខ្លះៗតែប៉ុណ្ណោះឱ្យបានច្បាស់ជាងមុន និងងាយយល់។
លោក ហង្ស ពុទ្ធា បន្តថា ការហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រង់ការកំណត់ទំហំ និងទម្រង់នៃការហែក្បួនឱ្យមានលក្ខណៈត្រឹមត្រូវ ព្រោះច្បាប់តម្រូវឱ្យធ្វើបានតែ ២ ដង ហើយត្រូវមានការជូនដំណឹងពីច្បាស់លាស់ពីទម្រង់ ដើម្បីងាយក្នុងការការពារសណ្តាប់ធ្នាប់។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖ «បើខ្លួនបានជូនដំណឹងមានន័យថា ធ្វើសកម្មភាពនៅថ្ងៃនោះរាប់ថាម្តង ហើយទំហំនៃម្តងនោះ យើងនិយាយពីការរៀបចំជាក្បួន ការចងបដា ពាក្យស្លោក សារនយោបាយភ្ជាប់តាមរថយន្ត ម៉ូតូ ហើយមានឧបករណ៍បំពងសំឡេង និងមានអ្នកចូលរួមចាប់ពី២០នាក់ ឡើងទៅ»។
លោក ហង្ស ពុទ្ធា បន្ថែមថា ការកែទម្រង់នេះ គឺគ្រាន់តែចង់រឮកឡើងវិញ ជាពិសេសចង់ឱ្យមានការជូនដំណឹងសមរម្យមកវិញដើម្បីការពារសន្តិសុខ។ លោកថា សេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រៀបចំរួចអស់ហើយ នឹងមានផ្សាព្វផ្សាយឆាប់ៗ។
លោក ហង្ស ពុទ្ធា បន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់គំរូប្រឡង់ដៃសន្តិសុខ ខ្នាតខិត្តបណ្ណ និងប្រព័ន្ធការពារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថាជាទម្រង់ចាស់ដដែល គ្រាន់តែរំឭកណែនាំមន្ត្រីនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលចូលថ្មី មន្ត្រីចាស់ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធឱ្យបានដឹងពីព័ត៌មានទាំងនេះប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា បន្តថា៖ «កាលណាមានប្រឡង់ដៃតរូបភាពបែបហ្នឹង គឺជាសន្តិសុខបោះឆ្នោត អ្នកដែលអត់មានគឺអត់ពាក់ព័ន្ធលើបញ្ហាហ្នឹងទេ»។
បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចេញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រង់ជំពូកទី៦ ការឃោសនាបោះឆ្នោត ប្រការ ៦.១៨ កំណត់ថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវរក្សានូវសណ្តាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អ និងត្រឹមត្រូវតាមពេលវេលា ទីកន្លែងកំណត់ តាមដងផ្លូវ ទីប្រជុំជន និង ទីសាធារណៈ។
ជុំវិញការកែសម្រួលខ្លះៗពីការហែក្បួនឃោសនា និងការការពារសន្តិសុខ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ លោក គីមសួរ ភីរិទ្ធ សមាជិកគណបក្សឆន្ទៈខ្មែរ លើកឡើងថា លោកមិនទាន់បានទទួលសេចក្តីណែនាំស្តីពីការហែក្បួនឃោសនា និងការការពារសន្តិសុខពាក់ព័ន្ធការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
លោក គីមសួរ ភីរិទ្ធ បន្តថា៖ «ខ្ញុំអត់ទាន់បានឃើញសេចក្តីណែនាំថ្មីទេ ក៏ប៉ុន្តែខ្ញុំគិតថាអត់មានអីលំបាកទេ ព្រោះបោះឆ្នោតព្រឹទ្ធសភានេះអត់ចាំបាច់ហែអីច្រើនទេ អ្នកបោះឆ្នោតគឺតែក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតរបស់គេក្នុងបក្សនីមួយៗ អ៊ីចឹងគេប្រជុំជួបតែអង្គបោះឆ្នោតរបស់គេឃោសនាប៉ុណ្ណឹងបានហើយ»។
ចំណែកលោក អឿន សំអុល នាយកខុទ្ទកាល័យគណបក្សកម្លាំងជាតិ លើកឡើងដែរថា ពេលនេះលោកទើបតែទទួលបានលិខិតអញ្ជើញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីចូលរួមប្រជុំអំពីការហែក្បួនឃោសនា និងការការពារសន្តិសុខ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាព នីតិកាលទី៥។
លោក អឿន សំអុល បន្តថា៖ «គជប គេហៅទៅជួបថ្ងៃ១៥ តយើងទៅសិន គេណែនាំអីខ្លះ ព្រោះយើងទើបបានទទួលលិខិតព្រឹកមិញ»។
Newsroom Cambodia បានព្យាយាមទាក់ទងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកមិនឆ្លើយតប។
យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១៧ ត្រង់មាត្រា ១៦ បានចែងថា ការឃោសនាបោះឆ្នោតមានទិសដៅឲ្យបេក្ខជន និងគណបក្សនយោបាយដែលបានចុះបញ្ជី ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០ រសៀល។ ហើយបក្សដែលចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ៕