តុលាការនៃសាលាដំបូងខេត្តរតនៈគិរី បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លោក ថេង សាវឿន និងសហការី ២នាក់ទៀត ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់» ប៉ុន្តែតុលាការសម្រេចព្យូរទោសទាំងអស់ ដោយតម្រូវឱ្យពួកគេស្ថិតនៅក្រៅឃុំ។
កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ សាលាដំបូងខេត្តរតនគិរី បានបើកសវនាការជំនុំជម្រះលើសំណុំរឿង ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន, មន្ត្រីជាន់ខ្ពស់សមាគម លោក ញ៉ិល ភាព និងមន្ត្រីសម្របសម្រួលសហគមន៍ លោក ថាន់ ហាច ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងបទញុះញង់ ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលា បណ្ដុះបណ្ដាលមួយនៅខេត្តនេះ កាលពីខែឧសភា ឆ្នាំ២០២៣។
ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ថេង សាវឿន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤នេះ តុលាការខេត្តរតនៈគិរី បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសរូបលោក និងសហាការី ២នាក់ទៀត ដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ប៉ុន្តែទោសទាំងអស់របស់ពួកគាត់ត្រូវបានព្យូរនៅក្រៅឃុំ។
លោកបានចាត់ទុកការសម្រេចរបស់តុលាការនេះថាជារឿងអយុត្តិធម៌ និងមិនអាចទទួលបាន ព្រោះថាសកម្មភាពកន្លងមករបស់ក្រុមការងារលោក មិនមានគោលបំណង ឬចេតនារួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះទេ។
តែយ៉ាងណា លោកថា នឹងបន្តទាមទារយុត្តិធម៌តាមនីតិវិធីច្បាប់ដែលមានចែង ដោយមិនរត់ចោលកសិករឡើយ។ ជាមួយនេះ លោកនឹងដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីស្វែងរកភាពយុត្តិធម៌ចំពោះសំណុំរឿងនេះ។
លោក ថេង សាវឿន អះអាងថា៖«ក្នុងនាមជនរងគ្រោះម្នាក់ រូបខ្ញុំនឹងធ្វើការដាក់ពាក្យបណ្ដឹងទៅតាមនីតិវិធីទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ជំទាស់ទៅសាលក្រមសាលាដំបូងខេត្តរតនគិរី។ ការសម្រេចចិត្តនៃការដាក់ទោសនេះ គឺអយុត្តិធម៌សម្រាប់យើងខ្ញុំទាំងអស់គ្នា ដោយពួកខ្ញុំមិនមានគោលបំណង និងចេតនាណាមួយក្នុងការរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះឡើយ»។
ជាមួយគ្នានេះ លោកក៏មានការព្រួយបារម្ភ និងមិនទាន់ដឹងច្បាស់ផងដែរ ថាតើជំហានបន្ទាប់ក្រោយពីតុលាការប្រកាសសាលក្រមបែបនេះ រូបលោក និងក្រុមការងារពីរនាក់ទៀត នឹងត្រូវដាក់បំរាម ឬហាមឃាត់ចំពោះសកម្មភាពអ្វីខ្លះដោយតុលាការ ព្រោះលោកនៅមិនទាន់ទទួលបានសាលក្រមជាផ្លូវការទេ។ ប៉ុន្តែលោកថា តុលាការមិនបានហាមឃាត់ចំពោះការធ្វើដំណើរចេញក្រៅប្រទេសឡើយ។ ចំណែកការងារនៅសមាគមវិញ ក៏សកម្មជនផ្នែកកសិកម្មរូបនេះ នៅមិនទាន់ដឹងច្បាស់ដែរថាតើតុលាការតម្រូវឱ្យរំលាយចោល ឬបន្តទុកនោះទេ។
Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ដរតនគិរី លោក កែវ ភក្ដី បានទេ។
ប៉ុន្តែតាមរយៈវីដេអូឃ្លីបមួយដែលថ្លែងក្រោយបញ្ចប់សាវនាការ លោក កែវ ភក្តី បានថ្លែងថា តុលាការបានសម្រេចផ្តន្ទាទោសអ្នកទាំង៣រូប ឱ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ប៉ុន្ដែទោសនោះត្រូវបានព្យួរ និងមិនមានការពិន័យជាប្រាក់នោះទេ។ លោកបន្ដថា សម្រាប់លិខិតរបស់តុលាការនឹងចេញជូនសាមីខ្លួនតាមក្រោយ។
លោកបន្ដថា៖«ខ្ញុំអាចជម្រាបជូនថា ពួកគាត់[លោក ថេង សាវឿន និងសហការី] ត្រូវបានសាលាដំបូងប្រកាសដាក់ទោស៥ឆ្នាំ ប៉ុន្ដែទោសត្រូវបានព្យួរ[ក្នុងរយៈពេលឆ្នាំ៥ឆ្នាំ]ដោយមិនមានការពិន័យជាប្រាក់នោះទេលើបទល្មើសនេះ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា សាលក្រមសាលាដំបូងខេត្តរតនគិរី ដែលសម្រេចផ្តន្ទាទោសអ្នកទាំង៣រូបនេះ គឺជាសម្ពាធមួយបន្ថែមទៀតសម្រាប់អង្គការសង្គមស៊ីវិល ទោះបីទោសទាំងអស់នោះ ត្រូវបានព្យួរក៏ដោយ ប៉ុន្ដែអ្នកទាំង៣ នៅតែស្ថិតក្រោមការតាមដានតាមផ្លូវតុលាការដដែល។ លោកបន្ថែមថា រដ្ឋាភិបាលមិនគួរបន្ដប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការដាក់បន្ទុកទៅលើអង្គការសង្គមស៊ីវិល ដោយការប្រើប្រាស់រូបភាពបែបនេះនោះទេ ដែលនេះវាប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋស្ម័គ្រចិត្តធ្វើការងារក្នុងសង្គម។
លោកបញ្ជាក់ថា៖«វាជាការដាក់បន្ទុកមួយសម្រាប់មន្រ្ដីអង្គការសង្គមស៊ីវិល និងពលរដ្ឋធ្វើការងារសង្គម ហើយយើងមើលទៅពួកគាត់[លោក ថេង សាវឿន និងសហការី២នាក់] ធ្វើការដើម្បីការងារសង្គម ដើម្បីផលប្រយោជន៍កសិករ មិនគួរមានបទល្មើសក្នុងការចោទប្រកាន់នេះទេ។ វាក៏ជះឥទ្ធិពលទៅលើសកម្មភាពរបស់អង្គការសង្គមស៊ីវិលផ្សេងៗទៀតដែរ»។
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សាវឿន រួមទាំងក្រុមការងារសមាគមចំនួន១៦រូបទៀត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តក្រចេះឃាត់ខ្លួន តាមការស្នើឱ្យឃាត់ខ្លួនពីខាងស្នងការនគរបាលខេត្តរតនគីរី។ កាលឃាត់ខ្លួននេះ ត្រូវបានអាជ្ញាធរមូលដ្ឋាននៅទីនោះសង្ស័យថា សមាគមដែលមានលោក ថេង សាវឿន ជាប្រធាន បានលួចប្រជុំក្នុងសណ្ឋាគារមួយនៅក្រុងបានលុង ហើយមានផែនការធ្វើ«បដិវត្តន៍កសិករ»ដោយអំឡុងពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ១៦នាក់ ប៉ុន្តែក្រោយមកបានដោះលែងមនុស្ស ១៣រូបវិញ ខណៈ លោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ត្រូវបានតុលាការខេត្តរតនគិរីសម្រេចឃុំខ្លួនពួកគេបណ្តោះអាសន្ន។
ក្រោយមក នៅចុងខែឧសភា ឆ្នាំ ២០២៣ តុលាការខេត្តរតនគិរី បានសម្រេចដោះលែងពួកគេទាំង៣នាក់ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីពួកគេបានចេញលិខិត និងវីដេអូ ប្រកាសទទួលស្គាល់កំហុសក្នុងសំណុំរឿង៕