អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចជំនាញ បានបង្ក្រាបករណីគ្រឿងញៀន ដោយរឹបអូសបានវត្ថុតាងប្រមាណ ៤តោន និងបានចាប់ខ្លួនជនល្មើសបានប្រមាណ ២ម៉ឺននាក់។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធិ ប្រាប់គេហទំព័រសារព័ត៌មាន Newsroom Cambodia នៅថ្ងៃទី១៨ ខែមករានេះថា តាមរយៈរបាយការណ៍បូកសរុបការងារបង្គ្រាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿនញៀនទូទាំងប្រទេស បង្ហាញថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនដោយរឹបអូសវត្ថុតាងបានប្រមាណ ៤តោន។
លោកបញ្ជាក់បន្ថែមថា៖ «[ជនល្មើសដែលចាប់ឃាត់ខ្លួនបានមាន]ប្រហែលជា២ម៉ឺននាក់ សរុបទាំងអស់ ហើយភាគច្រើនជាជនជាតិខ្មែរ នៅស្រុកខ្មែរភាគច្រើនខ្មែរហើយ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ថា តាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ពីសំណាក់អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស បានខិតខំក្នុងការបង្ក្រាបបទល្មើសទ្វេដង ហើយការអនុវត្តនេះជាទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញ។
ជាមួយគ្នានេះដែរ លោកយល់ឃើញថា ដើម្បីបញ្ចប់ការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៅបាន លុះត្រាមានការចូលរួមសហការពីគ្រប់ផ្នែក ទាំងមន្ត្រីនគរបាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។
លោកបានអំពាវនាវថា៖«ខ្ញុំសូមអំពាវនាវឱ្យមន្រ្តីនគរបាល ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នា ការពារការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនគ្រប់ទម្រង់ទាំងអស់ ដើម្បីចូលរួមសម្អាតគ្រឿងញៀនក្នុងប្រទេស ឈានដ៏បញ្ចប់ជំងឺបញ្ហាគ្រឿងញៀននៅក្នុងសង្គមយើង»។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ គិតត្រឹមដើមខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ក៏បានបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦៨២នាក់បន្ថែមទៀត។
ជាក់ស្តែង លោកថា កាលពីថ្ងៃទី៨ ខែមករា សមត្ថកិច្ចចុះបង្ក្រាបករណីទ្រង់ទ្រាយធំមួយបន្ថែមទៀត នៅចំណុចច្រករបៀងអូរតាលឹម ព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ដោយរឹបអូសបានវត្ថុតាងជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ១៦០ កញ្ចប់ ដែលមានទម្ងន់ជិត ១៦០គីឡូក្រាម ខណៈជនល្មើសបានដឹងខ្លួនមុន ហើយរត់គេចខ្លួនបាត់។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលសម្រេចអនុវត្តបន្តនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល ១ឆ្នាំ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)។ តាមរយៈផែនការនេះ រាជរដ្ឋាភិបាលបន្តចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដោយខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបញ្ចៀសឱ្យបាន មិនឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យគ្រឿងញៀនបង្កឥទ្ធិពលញាំញី បំផ្លិចបំផ្លាញ សង្គមជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពេលប្រកាសដាក់អនុវត្តផែនការនោះថា ដោយពិនិត្យឃើញថា ហានិភ័យដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាល ទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងនៅកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ដើម្បីការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន។
ជាមួយយុទ្ធនាការនេះ លោកថា រាជរដ្ឋាភិបាលនឹងផ្តោតសំខាន់ទៅលើការណែនាំ និងអប់រំឱ្យផុសផុល និងលើកទឹកចិត្តឱ្យមានការចូលរួមច្រើនកុះករពីគ្រប់សមាសភាពនៃសង្គម និងបន្តជំរុញចលនាផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានសកម្ម សំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេសស្រទាប់យុវជន សិស្សានុសិស្ស កម្មករ ពលករ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក «៣ កុំ ១ រាយការណ៍»។
លោកហ៊ុន ម៉ាណែត លើកឡើងថា៖«ទោះបីជាប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ទទួលបានលទ្ធផលជាវិជ្ជមានក្តី តែការប្រើប្រាស់ល្បិចកល នាំចូលនូវសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម បន្លំយកមកកែច្នៃផលិតជាសារធាតុញៀន គួបផ្សំនឹងការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ នៅតែជាបញ្ហាប្រឈមរ៉ាំរ៉ៃដែលត្រូវយកចិត្តទុកដាក់ ចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព»។
ជុំវិញបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង កត់សម្គាល់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនមានការកើនឡើងច្រើន ខណៈការចុះបង្រ្កាបម្តងៗ ក៏មានការរឹបអូសបានសារធាតុញៀនជាច្រើនតោនផងដែរ។ លោកបន្តថា គ្រឿងញៀនក៏បានឆក់យកអាយុជីវិតយុវជនជាច្រើនផងដែរ ហើយកន្លងមកក៏បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិមួយឆ្នាំៗរាប់រយលានដុល្លា។
លោកចាត់ទុកបញ្ហាគ្រឿងញៀននេះ ថាបានជះឥទ្ធិពលធំធាយណាស់ទៅដល់ធនធានមនុស្ស និងយុវជនជំនាន់ក្រោយ ហើយក៏ជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យរដ្ឋាភិបាលអាណត្តិថ្មី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវដាក់ចេញនូវយន្តការម៉ឺងម៉ាត់ក្នុងការដោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ និងជាការបង្កាកុំឱ្យយុវជនជំនាន់ក្រោយទៅពាក់ព័ន្ធនឹងគ្រឿងញៀនផងដែរ។
លោកបន្ថែមថា៖«ខ្ញុំជឿថាគោលនយោបាយនេះ គឺបើសិនជាអត់មានការប្តេជ្ញាចិត្តខ្ពស់ អត់បានដាក់ចេញជាសកម្មភាព ផែនការសកម្មភាពជាក់លាក់ទេ អត់អាចធ្វើឱ្យសម្រេចទៅបានទេ។ ហើយកន្លងមកដោយសារយើងឃើញបញ្ហាគ្រឿងញៀនក៏កើតឡើងច្រើន ចឹងក្រសួងបានសម្រេចចិត្តនៅក្នុងការបង្ហាញនៃការយកចិត្តទុកហ្នឹង គឺដើម្បីឱ្យប្រជាពលរដ្ឋហ្នឹង គេមានជំនឿជឿជាក់ដែរ»។
ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទប្រចាំអង្គការតម្លាភាពកម្ពុជា លោកមេធាវី សុក សំអឿន បានបញ្ជាក់តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា បើគ្មានអ្នកផលិត អ្នកនាំចូល និងអ្នកចែកចាយទេ នោះក៏គ្មានអ្នកប្រើប្រាស់ដែរ។ លោកចាត់ទុកកត្តាទាំងអស់នេះ ថាជាឬសគល់ និងជាបណ្តាញនាំឱ្យមានបទល្មើសគ្រឿងញៀនច្រើន និងកាន់ផុសផុលជាងមុន។ លោកបន្ថែមថា អ្នកប្រើប្រាស់តាមពិតជាអ្នករងគ្រោះនោះទេ បើពួកគេក្លាយជាអ្នកប្រើប្រាស់ពេញលេញហើយ នោះពួកគេនឹងក្លាយជាអ្នកបង្កគ្រោះថ្នាក់ដល់គ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះ លោកជំរុញឱ្យរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធត្រូវឈ្វេងយល់ និងដោះស្រាយពីឬសគល់បញ្ហាជាមុនសិន និងត្រូវស្វែងរកមេខ្លោងធំនៃការផលិត ឬនាំចូលគ្រឿងញៀនមកកម្ពុជា ហើយតុលាការមិនអាចត្រឹមចោទប្រកាន់ ឬដាក់ទោសទណ្ឌចំពោះតែអ្នកចែកចាយគ្រឿងញៀននោះទេ ប៉ុន្តែត្រូវស៊ើបអង្កេតឱ្យបានទូលំទូលាយ និងម៉ឹងម៉ាត់ ដើម្បីអាចឈានទៅចាប់អ្នកបង្កបញ្ហាពិតប្រាកដ ទើបបញ្ហាគ្រឿងញៀនអាចកាត់បន្ថយបាន។
លោកបញ្ជាក់ថា៖«បើចាប់បានតែអ្នកប្រើ វាមិនងាយនឹងបាត់ទេ ព្រោះចាប់អ្នកផលិត និងនាំចូលមិនបានផង។ បើនគរបាលលក់ដែរនោះ វាមិនងាយនឹងបាត់ទេ»។
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី០៩ ខែមករា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចាត់ទុកសំណុំរឿងគ្រឿងញៀន ជារឿងអាទិភាព ក្នុងចំណោមរឿងពីរផ្សេងទៀត ក្នុងការដោះស្រាយដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបញ្ចៀសផលប៉ះពាល់ផ្ទាល់ជាមួយប្រជាពលរដ្ឋ។ លោកបន្តថា បញ្ហាគ្រឿងញៀន មិនត្រឹមបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ សុខភាព និងសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញធនធានមនុស្សនៅកម្ពុជាថែមទៀត៕