ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងជួបជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ នៅសប្តាហ៍ក្រោយ ដើម្បីដាក់ចេញនូវវិធានការ និងធ្វើយុទ្ធនាការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រោះអគ្គិភ័យនៅតាមរោងចក្រសហគ្រាស។
គម្រោងនៃការរៀបចំកិច្ចប្រជុំអន្តរក្រសួងនេះ បានធ្វើឡើងក្រោយពីមានហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងនៅរោងចក្រយីដា ហ្គាមេន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែមករា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានលើកឡើងថា គ្រោះអគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមីសម្រាប់បោកគក់នៃរោងចក្រ យីដា ហ្គាមេន បានបណ្តាលឱ្យកម្មករនិយោជិតរងគ្រោះចំនួន ២១នាក់ ក្នុងនោះរងរបួសស្រាលចំនួន ២០នាក់ និងស្លាប់ម្នាក់ បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រសួងបន្តថា តាមរយៈបេឡាជាតិសន្តិសុខសង្គម សាខាខេត្តកណ្តាល បានរៀបចំវិភាជន៍បូជាសព ផ្នែកហានិភ័យការងារចំនួន ១០លានរៀល ប្រគល់ជូនគ្រួសារសព និងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករនិយោជិតជាជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងក្រុមគ្រួសារស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ក្រោយហេតុការណ៍នេះ ក្រសួងការងារបញ្ជាក់ថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការ និងយុទ្ធនាការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រោះអគ្គិភ័យដែលអាចកើតមាននៅតាមសហគ្រាស គ្រឹះស្ថានជាយថាហេតុ»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ លោក កត្តា អ៊ន មានប្រសាសន៍បន្ថែមលើសេចក្តីប្រកាសព័ត៌មានថា ក្រសួងនឹងដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី២៥ ខែមករា សប្តាហ៍ក្រោយនេះ។
លោកបានថ្លែងថា៖«ក្រសួងនឹងដឹកនាំកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី២៥ ខែមករា ២០២៤ នេះ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងទេសចរណ៍ រួមទាំងអគ្គនាយកដ្ឋានជំនាញសុវត្ថិភាពអាគារ រោងចក្រ សំណង់ និងអគ្គិភ័យ ដើម្បីប្រជុំពិនិត្យចេញវិធានការណ៍ ឬយុទ្ធនាការរួមគ្នាទប់ស្កាត់ និងបង្ការអគ្គីភ័យនៅតាមរោងចក្រ សហគ្រាស និងសណ្ឋាគារ»។
ចំណែក ករណីអគ្គិភ័យនៅរោងចក្រយីដាវិញ លោកថា មន្ត្រីជំនាញដែលមានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងស៊ើបអង្កេត និងមានវិធានការ។
លោក ព្រំ សារ៉ាត អាយុ ៤៣ឆ្នាំ ជាកម្មករម្នាក់ដែលធ្វើការងារនៅរោងចក្រយីដា អស់រយៈពេល៩ឆ្នាំ គាំទ្រឱ្យមានកិច្ចប្រជុំពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងបង្ការគ្រោះអគ្គិភ័យនៅតាមរោងចក្រ ខណៈកម្មករមានក្តីបារម្ភជាខ្លាំងចំពោះបញ្ហានេះ។ ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរដល់បេឡាជាតិរបបសន្តិសុខសង្គម (បសស) គិតគូរជួយឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសារអ្នកស្រី សុខ ឆវី ជាជនរងគ្រោះដែលបានស្លាប់ ខណៈកូនៗរបស់ជនរងគ្រោះនៅតូច ដែលត្រូវការឱ្យមានការមើលថែបន្ថែម។
លោកថា៖«ខ្ញុំគិតថា ក្រសួងគាត់ត្រៀមនឹងមកប្រជុំ អំពីបញ្ហាយកមកដោះស្រាយ វាជារឿងមួយដែលល្អ មកប្រជុំដើម្បីរកចំណុចណាមួយ [ដោះស្រាយ] ឱ្យវាប្រសើរទៅមុខ។ យល់ល្អប្រសិនជាគេបានចុះប្រជុំមកដោះស្រាយទៅ មិនខ្លាចមានហានិភ័យដែលកើតឡើង។ ក្រុមហ៊ុនក៏ដោយ ជាអ្នកបញ្ជីទិញអីហ្នឹង ជួយមកពិនិត្យមើលឱ្យមានការកែប្រែ មានការប្រុងប្រយ័ត្ន ពីព្រោះយើងមានបទពិសោធន៍ហើយ»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍គ្រោះអគ្គិភ័យដែលបណ្តាលឱ្យមានកម្មករស្លាប់ និងរបួស។ លោកក៏បានបង្ហាញគាំទ្រចំពោះការផ្តល់សំណងជូនកម្មករជនរងគ្រោះ។
ក្នុងនាមជាប្រធានសហជីពមួយរូប លោក គង់ អាទិត្យ បានអំពាវនាវដល់គ្រប់បណ្តារោងចក្រសហគ្រាស និងអាជ្ញាធរពាក់ព័ន្ធ រៀបចំប្រព័ន្ធការពារសុវត្ថិភាព និងសុខភាពកម្មករឱ្យបានប្រសើរជាងនេះ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត។
លោកថ្លែងថា៖«ចឹងយើងគួរតែមានអធិការកិច្ច ត្រួតពិនិត្យសម្រាប់រោងចក្រពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាពរោងចក្រ ឱ្យខ្លាំងជាងមុន ខាងក្រសួង និងសមត្ថកិច្ច។ ហើយមួយទៀតទៅ តើយើងគួរបង្កើត ឬរៀបចំគណៈកម្មាធិការសុខភាពសុវត្ថិភាពនៅរោងចក្រ ដែលមានកម្មករនិងសហជីពចូលរួមដើម្បីត្រួតពិនិត្យ ថាតើកន្លែងណាដែលអាចរៀបចំបាន។ បើឱ្យតែនិយោជកតែម្ខាង ជាទូទៅគាត់មិនបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយនោះទេ ចឹងយើងត្រូវមានគណៈកម្មាធិការចម្រុះ ដែលមានកម្មករសហជីពចូលរួម»៕