សហជីព និងកម្មករមួយចំនួន ស្នើដល់ក្រសួងការងារ និងភាគីរោងចក្រ រៀបចំឱ្យមានគណៈកម្មការផ្នែកសុខភាព និងសុវត្ថិភាព នៅតាមបណ្តារោងចក្រសហគ្រាសនានា ដើម្បីបង្ការគ្រោះអគ្គិភ័យ និងធានាសុវត្ថិភាពទៅដល់កម្មករ ខណៈពួកគេមើលឃើញថា ការអនុវត្តស្ដង់ដាបង្ការអគ្គិភ័យនៅតាមរោងចក្រនៅមានកម្រិត។
ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថានកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ ក្នុងសេចក្ដីណែនាំនោះ ក្រសួងបានណែនាំឱ្យបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្ដាញផ្ដល់អគ្គីសនី បណ្ដុះបណ្ដាលកម្មករពីសញ្ញាសុវត្ថិភាព និងការជម្លៀសខ្លួន ព្រមទាំងការត្រួតពិនិត្យមធ្យោបាយសង្គ្រោះបឋម និងពិនិត្យច្រកចេញអាសន្នជាដើម។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) លោក គង់ អាទិត្យ ស្វាគមន៍ចំពោះការណែនាំរបស់ក្រសួង ប៉ុន្តែលោកបានស្នើបន្ថែមឱ្យមានការបង្កើតគណៈកម្មការសុខភាព និងសុវត្ថិភាពបន្ថែមនៅគ្រប់រោងចក្រ ដើម្បីត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពនៅក្នុងរោងចក្រជាប្រចាំ។
លោកបន្តថា៖«ហើយគណៈកម្មការនោះ គឺត្រូវជាគណៈកម្មការដែលមានរួមទាំងថៅកែ កម្មករនៅក្នុងហ្នឹង ហើយសហជីព ដើម្បីតាមដានជាប្រចាំ ហើយសមាជិកក្នុងគណៈកម្មការហ្នឹងត្រូវមានសមត្ថភាព និងត្រូវមានការបណ្ដុះបណ្ដាលពីក្រសួង បណ្ដុះបណ្ដាលពីរោងចក្រ ឬក៏បណ្ដុះបណ្ដាលពីណាផ្សេងៗ អ្នកជំនាញផ្សេងៗដើម្បីឱ្យគាត់គ្រប់គ្រងការងារហ្នឹងជាប្រចាំ»។
បើតាមការសង្កេតរបស់លោក គង់ អាទិត្យ កន្លងមក នៅតាមរោងចក្រមិនមានការអនុវត្តវិធានសុវត្ថិភាពបានត្រឹមត្រូវទេ ដោយអ្នកគ្រប់គ្រងផ្នែកផលិតក្នុងរោងចក្រ ពេលខ្លះរំលងជំហានសុវត្ថិភាព ដើម្បីមានពេលផលិតទំនិញបានលឿន។ ជាមួយគ្នានេះ លោកក៏បានជំរុញទៅក្រសួងការងារ ត្រូវពិនិត្យមើលចំណុចហានិភ័យ និងដាក់អាទិភាពអនុវត្តវិធានសុវត្ថិភាពឱ្យបានតឹងរឹង ទាំងចំពោះនិយោជក និងកម្មករ។
លោកថ្លែងថា៖«យើងស្ដាប់សំឡេងតែពីខាងរោងចក្រមួយចំហៀងក៏អត់ល្អដែរ។ រោងចក្រពេលខ្លះទៅ ប្រធានផ្នែកប្រធានក្រុមយើងហ្នឹងគាត់ចង់បានឥវ៉ាន់លឿន គាត់ចង់ខ្ជិលក៏ខ្ជិលដើរតាមអាជំហ៊ានសុវត្ថិភាពហ្នឹង គាត់ទុកគីមីផ្ដេសផ្ដាស គាត់ទុកប្រដាប់ការពារប្រព័ន្ធភ្លើងផ្ដេសផ្ដាស ចេះតែទុកទៅ អាងថាមិនអីទេ មិនអីទេអ៊ីចឹងទៅ។ អត់ទេអាហ្នឹងត្រូវតែច្បាស់លាស់ ហើយត្រូវតែមានគណៈកម្មការហ្នឹងច្បាស់លាស់នៅនឹងមូលដ្ឋានហ្នឹង»។
ប្រធានសហព័ន្ធសហជីពឯករាជ្យ (INTUFE) លោក រី សិទ្ធីណែត ក៏បានស្វាគមន៍ចំពោះការណែនាំបង្ការអគ្គិភ័យរបស់ក្រសួងការងារ ប៉ុន្តែលោកចង់ឱ្យក្រសួងចុះបណ្ដុះបណ្ដាលកម្មករឱ្យទៀងទាត់ និងជំរុញឱ្យខាងរោងចក្រអនុវត្តវិធានការសុវត្ថិភាពបន្ថែមទៀត ដូចជា ការដាក់ឧបករណ៍វាស់កម្តៅ និងតាមដានជាប្រចាំ។ លោកបន្តថា កន្លងមក ក្រសួងមានភាពយឺតយ៉ាវក្នុងការណែនាំ ដោយកើតមានបញ្ហាហើយ ទើបណែនាំតាមក្រោយ។
លោកថ្លែងថា៖«ចៀសវាងកន្លងមកយើងឃើញហើយ ភាគច្រើនទាល់តែមានការសន្លប់កម្មករ បានក្រសួងចេញសេចក្ដីណែនាំស្ដីពីការឡើងកម្ដៅ និងការបម្រែបម្រួលអាកាសធាតុ ដល់ពេលរោងចក្រឆេះហើយ បានគាត់ចាប់ផ្ដើមណែនាំ។ តាមពិតជាកស្ដែងក្រសួងការងារ គួរតែបណ្ដុះបណ្ដាលកម្មករ ឬក៏បង្រៀនកម្មករពីការជម្លៀសខ្លួននៅពេលមានអគ្គិភ័យហ្នឹងមុនពេលហ្នឹងទៀតបានត្រឹមត្រូវ»។
ចំណែក ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ(FUFI) លោក សយ ចន្ធូ ក៏បានគាំទ្រឱ្យបង្កើតគណៈកម្មការសុខភាព និងសុវត្ថិភាពនៅគ្រប់រោងចក្រ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ដូចករណីគ្រោះអគ្គិភ័យនៅរោងចក្រយីកា នៅខេត្តកណ្តាល ដែលបណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់។ លោក ក៏បានស្នើឱ្យអនុវត្តយន្ដការសុវត្ថិភាពនៅតាមរោងចក្រទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ដោយដាក់ពិន័យរោងចក្រណាដែលមិនគោរពគោលការណ៍សុវត្ថិភាព។
លោកថា៖«សុំឱ្យមានយន្តការដើរទូទាំងប្រទេស។ យើងសំណូមពរខាងក្រសួង ជាពិសេសក្រសួងការងារធ្វើម៉េចជំរុញឱ្យមានយន្តការហ្នឹង[យន្តការសុវត្ថិភាព]គ្រប់រោងចក្រ ហើយអនុវត្តកុំឱ្យមានតែយន្តការ។ បើរោងចក្រណាមួយគាត់អត់គោរពអត់អី គឺអាចផាកជាពិន័យ ឬក៏ដាក់ទណ្ឌកម្មដើម្បីឱ្យគាត់គោរព ដើម្បីសុវត្ថិភាពរបស់កម្មករខ្មែរយើង»។
លោក ឈន ចាន់ ជាតំណាងកម្មករនៅរោងចក្រកាត់ដេរបូវឃើរ(Bowker) បានប្រាប់ Newsroom Cambodia ថា ការចេញសេចក្ដីណែនាំពីការបង្ការអគ្គិភ័យរបស់ក្រសួងការងារជារឿងល្អ ក៏ប៉ុន្តែលោកបារម្ភថាគ្មានការអនុវត្តត្រឹមត្រូវ។
លោកថា៖«ក្រសួងគាត់ចេញវាល្អហើយ ឱ្យយើងមានការប្រុងប្រយ័ត្ន មានការជម្លៀសមានអីវាល្អ។ ខ្លាចតែតាមរោងចក្រ បណ្ដារោងចក្រមួយចំនួនតូច គាត់អត់សូវខ្វល់ពីបញ្ហាអស់ហ្នឹងទេ ទាល់តែមានរឿងកើតបានគាត់ចាប់ផ្ដើមស្វះស្វែង តែបើឱ្យអនុវត្តវិញវាអត់សូវខ្វាយខ្វល់»។
ជុំវិញការស្នើនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានចោទជាសំណួរទៅវិញថា តើរោងចក្រដែលមានគណៈកម្មការសុខភាព និងសុវត្ថិភាពនោះ អាចធានាបានទេថានឹងមិនមានគ្រោះអគ្គិភ័យ?។ លោកបន្តថា ក្រសួងការងារ និងក្រសួងពាក់ព័ន្ធ នឹងប្រជុំដើម្បីដាក់គោលការណ៍រួមក្នុងការបង្ការគ្រោះអគ្គិភ័យនៅរោងចក្រ ក្នុងសប្តាហ៍នេះ។
លោកថា៖«នៅថ្ងៃទី២៥[ខែមករា ឆ្នាំ២០២៤]នេះ យើងនឹងជជែកគ្នាដើម្បីចេញគោលការណ៍រួមមួយ ធ្វើយ៉ាងណាឱ្យការងារការទប់ស្កាត់អគ្គិភ័យហ្នឹង ឱ្យចេញជាគោលការណ៍រួម ហើយជាស្ដង់ដារមួយ ហើយយើងធ្វើអ្វីទុកជាមុនតែម្ដង ទើបវាមានប្រសិទ្ធភាព ចៀសវាងអគ្គិភ័យកើតឡើងហើយយើងរកដំណោះស្រាយ»។
ចំណែក លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា យល់ថា វាជារឿងល្អក្នុងការបង្កើតគណៈកម្មការសុខភាព និងសុវត្ថិភាពនៅគ្រប់រោងចក្រ ទោះជាលោកគិតថា គណៈកម្មការនេះមិនអាចធានាកុំឱ្យមានបញ្ហាអគ្គិភ័យក៏ដោយ។
លោកថា៖«ល្អណាស់អាហ្នឹងជាព័ត៌មានល្អ! គណៈកម្មការមានអីយើងស្វាគមន៍ដែរ ហើយគណៈកម្មការគួរតែកើតឡើង មានន័យថា គួរតែមានទាំងកម្មករ ទាំងសហជីព ទាំងភាគីបុគ្គលិក ទាំង management [អ្នកគ្រប់គ្រង]នៅតាមរោងចក្រ[…] ទោះបីជាមានគណៈកម្មការ ក៏អត់អាចធានាថាអត់មានកើតឡើងបញ្ហាអគ្គិភ័យឆាបឆេះទេ យល់ទេ?»។
គួរបញ្ជាក់ថា ការដាក់ចេញនូវសេចក្តីណែនាំនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងការស្នើរបស់សហជីពជាបន្តបន្ទាប់នេះ បានធ្វើឡើងក្រោយពីមានករណីគ្រោះអគ្គិភ័យមួយ ឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមីសម្រាប់បោកគក់ នៅរោងចក្រកាត់ដេរយីដា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យកម្មការិនីម្នាក់ឈ្មោះ សុខ ឆវី អាយុ ៣៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងមនុស្ស ២០នាក់ទៀតបានរងរបួស៕