កម្ពុជារកឃើញជំងឺ«អុតស្វា»មួយករណីថ្មីបន្ថែមទៀត ខណៈក្រសួងសុខាភិបាលបន្តក្រើនរំលឹកឱ្យប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន ទុកដាក់ និងការពារឱ្យខ្ពស់។
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២៤ មករា នេះថា មានករណីជំងឺអុតស្វាមួយករណីបន្ថែមទៀតលើបុរសម្នាក់ដែលពេលនេះអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ។
ប្រភពបន្តថា ផ្អែកលើលទ្ធផល ដែលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វាចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ។ដូច្នេះការរកឃើញថ្មីទៀតនេះ បានធ្វើឱ្យជំងឺអុតស្វានេះបន្តកើនឡើងចំនួន ៤ករណី។ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏អំពាវនាវក្រើនរំលឹកឱ្យពលរដ្ឋ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា ដោយស្វែងយល់ពីរបៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជាវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពទូទៅ និងសុខភាពសាធារណៈ បានឲ្យដឹងថា ជំងឺអុតស្វា ជាជំងឺបង្កដោយវីរុសដែលកើតមកពីសត្វស្វា កណ្តុរ ប្រចៀវ និងកំប្រុកជាដើម ហើយវាជាជំងឺកម្រនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ជំងឺប្រភេទនេះងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់របស់រួមគ្នា និងសកម្មភាពនានាដែលទាក់ទងនឹងការប៉ះពាល់ ហើយលោកបានជម្រុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ ការពារ និងថែរក្សាខ្លួន។
លោកបន្តថា៖«វាជាជំងឺកម្រមែនទែននៅក្នុងប្រទេសកម្ពុជា ដែលវាកើតរមាស់ដុំៗពេញខ្លួន ហើយវាឆ្លងដោយទឹករងៃ ការរួមភេទ […]អ៊ីចឹងយើងគួរតែមានការយកចិត្តទុកដាក់ ពាក់ម៉ាស លាងដៃជាមួយសាប៊ូ និងរក្សាគម្លាតជាមួតមនុស្សដទៃ។យើងមិនចង់ឲ្យវាកើតឡើងច្រើនទេនៅស្រុកខ្មែរយើង ដោយសារតែវារាលដាលលឿន »។
បើតាមលោក វេជ្ជបណ្ឌិត គួច ម៉េងលី អាការៈនៃជំងឺអុតស្វានេះ ស្រដៀងទៅនឹងគ្រុនផ្ដាសាយធំដូចគ្នាដែរ ដែលមានសភាពក្តៅរងារស្រៀវស្រាញ អស់កម្លាំង ឈឺសន្លាក់ដៃសន្លាក់ជើង និងមានកន្ទួលរមាស់ជាដើម។ដោយឡែក ជំងឺអុតស្វានេះ គឺមិនមានថ្នាំព្យាបាលជាក់លាក់នៅឡើយទេ គឺមានតែវិធីសាស្ត្រព្យាបាលបឋមចំពោះអ្នកដែលកើត និងឆ្លងជំងឺប្រភេទនេះ។
លោកបន្តថា៖ «ជំងឺហ្នឹង វាធ្វើឲ្យយើងឈឺសាច់ដុំ ឈឺឆ្អឹង ឈឺឆ្អែង មានសីតុណ្ណភាពខ្ពស់ អស់កម្លាំង និងពិសេសជាងគេនោះ មានកន្ទួលរមាស់ ដែលបន្សល់សន្លាកចន្លោះពី៦ខែ ទៅ១ឆ្នាំ[…]ជំងឺអុតស្វានេះ មិនមានថ្នាំព្យាបាលច្បាស់លាស់ទេ គឺគេធ្វើការព្យាបាលបឋម ដើម្បីព្យាបាលមុខសញ្ញាដែលកើតមានឡើងប៉ុណ្ណោះ ដូចជាព្យាបាលផ្ដាសាយធំអ៊ីចឹង»។
របាយការណ៍សិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ដែលចេញកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២រកឃើញថាមនុស្សភាគច្រើនអាចជាសះស្បើយពីជំងឺប្រភេទនេះដោយមិនចាំបាច់ព្យាបាលទេ។ ប៉ុន្តែក្នុងករណីខ្លះ ពួកគេអាចធ្លាក់ខ្លួនឈឺធ្ងន់ ហើយជំងឺនេះត្រូវគេហៅថា ជាជំងឺអុតស្វា ព្រោះវាត្រូវបានរកឃើញដំបូងលើសត្វស្វា។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានប្រកាសចាត់ទុកជំងឺអុតស្វា ជាភាពអាសន្នពិភពលោក ដែលបង្កជាហានិភ័យដល់សុខភាពសាធារណៈ ជាពិសេសនៅតំបន់អឺរ៉ុប។
ដោយឡែក របាយការណ៍ចុងក្រោយដែលចេញដោយគេហទំព័រដែលមានឈ្មោះថា«មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (Centers for Disease Control and Prevention) » កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញថាករណីវិជ្ជមានសរុបនៃជំងឺអុតស្វាមានសរុបជាង៩ម៉ឺនករណី (៩២ ៥៤៦) និងស្លាប់សរុបចំនួន ១៧០នាក់ ក្នុងចំណោម១១៧ប្រទេសនៅលើសកលលោក៕
គួរបញ្ជាក់ផងដែរថា ករណីដំបូងនៃជំងឺអុតស្វានៅកម្ពុជាបានកើតឡើងទៅលើបុរសអាយុ២៨ឆ្នាំម្នាក់ ស្នាក់នៅភូមិពពែ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ធ្នូ ២០២៣។
ក្រោយមកទៀត មានករណីចំនួន២បន្ថែមទៀតដែលបានកើតឡើងមកលើប្រជាពលរដ្ឋកម្ពុជា កាលពីថ្ងៃទី០៣ មករា ថ្មីៗនេះ និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់ការព្យាបាលនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែក្រសួងមិនបានបញ្ចេញអត្តសញ្ញាណអ្នកជំងឺនោះទេ។
នេះបើតាមក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា វីរុសអុតស្វាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមទម្រង់ និងរូបភាពផ្សេងៗគ្នា ដែលអាចឆ្លងតាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស។
វីរុសនេះ ក៏អាចចម្លងតារយៈម្តាយ ទៅដល់កូនក្នុងផ្ទៃផងដែរ ដោយឆ្លងតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអុតស្វា។