អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន៣៨ ស្នើរដ្ឋាភិបាលបញ្ឈប់ការបណ្តេញចេញ និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅសហគមន៍សំរោងត្បូង ព្រមទាំងស្នើតុលាការទម្លាក់បទចោទប្រកាន់ទៅលើតំណាងសហគមន៍ទាំង ១៨រូប ដើម្បីយុត្តិធម៌សង្គម។
សេចក្តីថ្លែងការណ៍រួម របស់សង្គមស៊ីវិលចំនួន ៣៨ ចេញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានលើកឡើងថា សហគមន៍សំរោងត្បូង ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងរងសម្ពាធពីអាជ្ញាធរ និងតុលាការ ដោយសារការបន្តកាត់ផ្ទៃបឹងតាមោក ហើយសហគមន៍អាចនឹងប្រឈមការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ ខណៈតំណាងសហគមន៍ ១៨នាក់ កំពុងជាប់បណ្តឹងនៅតុលាការ។
សេចក្តីថ្លែងការណ៍ដដែល បន្តថា ប្រជាពលរដ្ឋ បានរស់នៅសហគមន៍សំរោងត្បួង តាំងពីឆ្នាំ១៩៩៦ មក ដែលបច្ចុប្បន្នមាន ៧៦ខ្នងផ្ទះ ហើយកាលពីឆ្នាំ២០១៦ អនុក្រឹត្យរបស់រដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា សហគមន៍សំរោងត្បូង មិនស្ថិតក្នុងការកំណត់ផ្ទៃបឹងតាមោក និងមិនប៉ះពាល់ដល់ការពង្រីកផ្លូវផងដែរ ប៉ុន្តែពលរដ្ឋនៃសហគមន៍នេះ បែរត្រូវបានអាជ្ញាធរគំរាមកំហែងឱ្យចាកចេញពីលំនៅឋានទៅវិញ។
ក្រៅពីនោះ សង្គមស៊ីវិលទាំងនោះថា គិតពីឆ្នាំ២០២១ ដល់២០២៣ មានសមាជិកតំណាងសហគមន៍ចំនួន ១៨នាក់ កំពុងរងបណ្តឹងពីតុលាការ ក្រោមបទចោទហិង្សាដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងក្នុងឆ្នាំ២០២៣ មានសមាជិកសហគមន៍ម្នាក់ បានរត់គេចខ្លួនដោយព្រួយបារម្ភពីសុវត្ថិភាព។
ករណីនេះ សង្គមស៊ីវិលស្នើថា៖ «ស្នើសុំដល់រាជរដ្ឋាភិបាល សូមផ្តល់កម្មសិទិ្ធដីធ្លីស្របច្បាប់ ក៏ដូចជាការអភិវឌ្ឍនៅនឹងកន្លែងជូនប្រជាសហគមន៍សំរោងត្បូង និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំដោយមិនត្រឹមត្រូវ[…] អាជ្ញាធររដ្ឋបញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង តាមគ្រប់រូបភាពមកលើអ្នកតំណាង និងសមាជិកសហគមន៍សំរោងត្បូង ជាពិសេសស្នើសុំដល់តុលាការ សូមមេត្តាទម្លាក់ចោលបទចោទប្រកាន់មកលើអ្នកតំណាងសហគមន៍ទាំង ១៨នាក់»។
អង្គការ សមាគម និងសហគមន៍ទាំង៣៨ នោះមានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក សមាគមបណ្តាញយុវជនកម្ពុជា សហគមន៍ត្រពាំងរាំង សហគមន៍ផ្លូវរថភ្លើង អង្គការសមាគមធាងត្នោត និងអង្គការលីកាដូជាដើម។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា៖ «បើតាមអនុក្រឹត្យចេញតាំងពីឆ្នាំ២០១៦ហ្នឹង ទាក់ទងទៅកំណត់ព្រំបឹងតាមោក គឺមិនពាក់ព័ន្ធទៅនឹងដីសហគមន៍សំរោងត្បួងទេ គឺថាដីរបស់គាត់[សហគមន៍សំរោងត្បួង] នៅក្រៅតំបន់ដែលកំណត់ដោយអនុក្រឹត្យហ្នឹង»។
លោកសង្កេតឃើញថា តាំងពីឆ្នាំ២០១៩ សហគមន៍សំរោងត្បួង បានស្វែងរកអន្តរាគមន៍ជាច្រើនដូចជា គណៈកម្មការសូរិយោដីគ្រប់ថ្នាក់ សង្កាត់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងរៀបចំដែនដី ដើម្បីជួយរកដោះស្រាយ តែពុំមានលទ្ធផល ខណៈពលរដ្ឋមួយចំនួនបានរងបណ្តឹងនៅតុលាការថែមទៀត។
លោកបន្តថា ទោះបីជាពលរដ្ឋទាំងនោះ ពុំមានការឃុំខ្លួនបណ្តោះអាសន្នមែន ប៉ុន្តែពួកគាត់នៅជាប់វិធានក្រោមការត្រួតពិនិត្យរបស់តុលាការយ៉ាងតឹងរឹង ដែលជាសម្ពាធ និងការបំបាក់ស្មារតីពលរដ្ឋកុំឱ្យមានការទាមទាររកដោះស្រាយ ព្រោះថាពេលចេញតវ៉ាងបើខុសលក្ខខណ្ឌ គឺអាចជាប់ពន្ធនាគារ។
តំណាងសហគមន៍សំរោងត្បួង អ្នកស្រី ស៊ា ដាវី លើកឡើងថា ដីរបស់ពលរដ្ឋភាគច្រើនមានត្រឹមប្លង់ទន់ និងទទួលស្គាល់ត្រឹមភូមិ សង្កាត់។ អ្នកស្រីបន្ថែមថា អាជ្ញាធរខណ្ឌព្រែកព្នៅ បានប្រើវិធីសាស្ត្រដោះដូរដីជាមួយពលរដ្ឋដែរ គឺដោះដូរដីថ្មីដែលមានចម្ងាយប្រមាណ ៣គីឡូម៉្រែត ពីទីតាំងចាស់ និងជាដីនៅខាងក្នុងលក់ដូរពុំកើត ដែលធ្វើឱ្យពលរដ្ឋពុំព្រមដោះដូរ។
អ្នកស្រីបន្តថា៖ «ឱ្យដូរទៅធ្វើអី? ហើយរស់នៅនេះហេតុអីរស់នៅមិនបាន? ទៅនោះរស់នៅបាន ហើយនៅសង្កាត់ជាមួយគ្នា សួរថារឿងមន្ត្រី ឧកញ៉ា ដែលគាត់បានអនុក្រឹត្យគាត់នៅតែគាត់ទៅ ហេតុអីបណ្តេញពួកខ្ញុំចេញ ឱ្យពួកខ្ញុំរស់នៅតំបន់អភិវឌ្ឍន៍ផងអត់បាន?»។
អ្នកស្រី ស៊ា ដាវី បន្តថា បច្ចុប្បន្ន អាជ្ញាធរខណ្ឌបានធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ដោយរឹតត្បិតការធ្វើអត្តញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ហាមមិនឱ្យធ្វើកន្លែងលក់ដូរ ឬធ្វើរោងបន្លែ ព្រមទាំងបង្កហិង្សលើអ្នកស្រី និងប្តឹងពលរដ្ឋមួយចំនួនថែមទៀត។ ជាមួយគ្នានេះ អ្នកស្រីបានស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយដោះស្រាយវិវាទដីធ្លីនេះ ដើម្បីឱ្យពលរដ្ឋបានរស់នៅទីតាំងចាស់ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
ចំណែកលោក ស៊ា សំបាត់ ពលរដ្ឋរស់នៅភូមិសំរោងត្បួងរយៈពេល ២៧ឆ្នាំ បានលើកឡើងស្រដៀងគ្នានេះដែរថា នៅពេលពលរដ្ឋចង់សាងសង់អ្វីនៅលើដីរបស់ខ្លួន ខាងអាជ្ញាធរខណ្ឌមិនអនុញ្ញាត ហើយការស្នើសុំធ្វើសៀវភៅគ្រួសារ សៀវភៅថ្នាក់នៅទៀតសោត កាន់តែពិបាក។
លោកបន្តថា៖ «យើងធ្វើរោង ធ្វើអីទៅ មករុះមករើ រុញផ្តួលរបស់យើងចឹង»។
អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានគូសបញ្ជាក់ថា អាជ្ញាធរពុំមានការធ្វើទុក្ខបុកម្នេញ ឬប៉ះពាល់លើដីកម្មសិទ្ធិរបស់ពលរដ្ឋដែលរស់នៅស្របច្បាប់នោះទេ លើកលែងតែពលរដ្ឋរស់នៅមិនស្របច្បាប់តាមដងផ្លូវសាធារណៈប៉ុណ្ណោះ។ ទោះយ៉ាងណា លោកសំណូមពរឱ្យប្រជាពលរដ្ឋដែលរស់នៅមិនស្របច្បាប់ទាំងនោះ ប្តូរទីតាំងទៅរស់នៅតំបន់ថ្មីដែលមានការរៀបចំត្រឹមត្រូវ។
លោកថា៖ «ដីដែលអាជ្ញាធររៀបចំនៅជិតហ្នឹង ដែលមានទំហំ៤ម៉ែត្រកន្លះនិង១៨ម៉ែត្រ ហើយមានកម្មសិទ្ធិអីធ្វើជូនគាត់តាំងពីយូរណាស់មកហើយ ហើយឥឡូវនេះក៏នៅអនុវត្តដដែរ»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ត្រង់មាត្រា៤៤ កថាខណ្ឌទី៣ បានចែងអំពីសំណងមុនដកហូតកម្មសិទ្ធិថា៖ «ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌»៕