កាលពីឆ្នាំ២០១៨ កញ្ញា យ៉ែម បញ្ញា បានបង្កើតបណ្ណាល័យតូចមួយដោយមានឈ្មោះថា បណ្ណាល័យ សួន បញ្ញា ដែលមានទីតាំងស្ថិតនៅ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
កំពុងអង្គុយក្នុងបរិវេណបណ្ណាល័យ ស្ថាបនិកបណ្ណាល័យសួនបញ្ញា វ័យ៣៨ឆ្នាំរូបនេះ និយាយថា៖ «បណ្ណាល័យសហគមន៍ជាផ្នែកមួយក្នុងការជួយដល់យុវជននៅជនបទហ្នឹង គាត់អាចមានកម្លាំងក្នុងការរកមធ្យោបាយក្នុងការអាន [សៀវភៅ] បាន»។
បណ្ណាល័យសួនបញ្ញាត្រូវបានបង្កើតឡើងក្នុងគោលបំណងចង់ឱ្យក្មេងៗក្នុងសហគមន៍អាចរៀនបន្ថែមបន្ទាប់ពីទំនេរពីការសិក្សា ដូចជាថ្ងៃចុងសប្តាហ៍ ហើយក្មេងៗដែលមកអានសៀវភៅនៅទីនេះអាចខ្ចីសៀវភៅទៅអាននៅផ្ទះបានដោយសេរី។
កញ្ញា យ៉ែម បញ្ញា បន្ថែមថា យុវជនក្នុងសហគមន៍របស់កញ្ញាតែងខ្វះខាតបណ្ណាល័យ និងសៀវភៅសម្រាប់អានដើម្បីបង្កើនចំណេះ។
កញ្ញាលើកឡើងថា៖ «បណ្ណាល័យនៅតាមសាលាមិនសូវជាសម្បូរ ក៏នៅតាមជនបទមានតែសៀវភៅទាក់ទងនឹងកម្មវិធីសិក្សា ចឹងយើងឃើញថាមានការខ្វះខាតទាក់ទងនឹងសៀវភៅចំណេះដឹងទូទៅ[—] ដូច្នេះជាផ្នែកមួយក្នុងការជួយយុវជននៅជនបទអាចរកមធ្យោបាយក្នុងការអានបាន»។
បណ្ណាល័យ សួន បញ្ញា ត្រូវបានបង្កើតឡើងក្នុងទីធ្លាផ្ទះរបស់ឪពុកម្តាយកញ្ញាបញ្ញាផ្ទាល់ ដែលដំបូងឡើយគឺសាងសង់ឡើងដោយប្រើប្រាស់ឈើ។ តែក្រោយមកកញ្ញាបានស្វែងរកធនធានគាំទ្ររហូតដល់បង្កើតបានជាកូនផ្ទះមួយដែលសាងសង់ដោយថ្មដែលមានសភាពប្រសើរជាងមុន និងអាចឱ្យអ្នកអានមានទីធ្លាអង្គុយអានបាន។
កញ្ញា ធឿន សុភា និស្សិតរៀននៅសាកលវិទ្យាល័យបាត់ដំបង កំពុងអានសៀវភៅរឿងនិទានឱ្យក្មេងៗក្នុងភូមិស្តាប់ ជាមួយកាយវិការយ៉ាងរស់រវើកធ្វើឱ្យក្មេងៗផ្ទុះសំណើចម្តងៗផង។
ជានិស្សិតរៀននៅសាកលវិទ្យាល័យបាត់ដំបង និងជាអ្នកប្រើប្រាស់បណ្ណាល័យនេះផ្ទាល់ផងនោះ កញ្ញាលើកឡើងថា ការបង្កើតបណ្ណាល័យនេះអាចផ្តល់ផលប្រយោជន៍ដល់យុវជននៅក្នុងសហគមន៍ដោយរួមបញ្ចូលជាមួយចំណេះដឹង និងពេលវេលាជួបជុំគ្នាផងដែរ។
កញ្ញាបន្ថែមថា៖ «ការបង្កើតបណ្ណាល័យនៅក្នុងសហគមន៍នេះគឺថាល្អ ព្រោះអាចឱ្យក្មេងបានអាន សម្រាប់អ្នកដែលមិនសូវចេះ ក៏អាចចេះបានដែរ ព្រោះថាមានការបង្រៀន មានយុវជននៅនឹងចឹងហើយក្មេងមកមួយអាទិត្យម្ដងចឹងកាន់តែល្អ ព្រោះយើងជួយបង្រៀនគាត់បន្ថែម ហើយខ្ញុំគិតថាជួយឱ្យក្មេង ជ្រាបពីបណ្ណាល័យតាំងពីតូចទៅ អាចជួយឱ្យពួកគាត់ចេះអាន ចេះសរសេរកាន់តែទូលំទូលាយ»។
ការបង្កើតបណ្ណាល័យសហគមន៍នេះឡើង គឺបានផ្តល់ប្រយោជន៍ដល់សហគមន៍ទាំងមូល ជាពិសេសសិស្សានុសិស្សដែលមិនមានលទ្ធភាពក្នុងការទិញសៀវភៅ ហើយមិនមានទីតាំងណាមួយស្ងប់ស្ងាត់ក្នុងការអានសៀវភៅ។
ចំណែកកញ្ញា ប៉ិច លីដា អាយុ ២២ឆ្នាំ ជាអ្នកស្ម័គ្រចិត្តនៅបណ្ណាល័យសួន បញ្ញា និងជាអ្នកធ្លាប់ប្រើប្រាស់បណ្ណាល័យនេះផ្ទាល់បានប្រាប់ Newsroom Cambodia ថា បណ្ណាល័យសហគមន៍នេះ បានផ្តល់ឱកាសក្នុងការបង្កើនចំណេះដឹង និងអាចអានសៀវភៅដែលខ្លួនមិនមានសមត្ថភាពក្នុងការទិញមកអានបាន។
ថ្វីត្បិតតែបណ្ណាល័យសហគមន៍នេះបង្កើតឡើងសម្រាប់សាធារណៈជន ជាពិសេសប្រជាជនក្នុងសហគមន៍នេះផ្ទាល់ក្តី តែប្រជាជនក្នុងសហគមន៍នោះមិនសូវបានងាកមកចាប់អារម្មណ៍ក្នុងការអានសៀវភៅទេ ដូច្នេះការខ្ចីសៀវភៅពីបណ្ណាល័យនេះគឺនៅមានកម្រិតទាបនៅឡើយ។
កញ្ញា ប៉ិច លីដា បន្តថា៖ «អ្នកដែលចង់ខ្ចីសៀវភៅអានអាចមកខ្ចីអានបាន តែមិនសូវមានមនុស្សមកខ្ចីនោះឡើយ។ បណ្ណាល័យសហគមន៍ពិតជាសំខាន់ណាស់ ព្រោះវាជួយដល់យុវជនទទួលបានចំណេះដឹងជាច្រើន ពីការអានសៀវភៅពីបណ្ណាល័យសហគមន៍បន្ទាប់ពីការរៀននៅសាលា» ។
ការបង្កើតបណ្ណាល័យគឺមិនមានភាពងាយស្រួលឡើយ ជាពិសេសបណ្ណាល័យនៅតាមសហគមន៍ ដែលទាមទារជាច្រើនផ្នែកដើម្បីឱ្យបណ្ណាល័យដែលបង្កើតនោះអាចដំណើរការទៅមុខបាន។
កញ្ញា យ៉ែម បញ្ញា ក៏បានរៀបរាប់ទាំងរអាក់រអួលទាក់ទងនឹងឧបសគ្គនៃការបង្កើតបណ្ណាល័យសួន បញ្ញា នេះឡើងថា៖ «ពាក់កណ្តាលឆ្នាំ ២០១៨ ខ្ញុំចាប់ផ្តើមសាងសង់បណ្ណាល័យដោយប្រើប្រាស់ប្រាក់សន្សំ ហើយសម្ភារៈជាឈើពីម៉ាក់ប៉ា រួមទាំងទីធ្លាផ្ទះរបស់គាត់»។
កញ្ញាបន្ថែមថា បញ្ហាថវិកា ធនធានមនុស្ស នៅតែជាបញ្ហាប្រឈមដែលបណ្ណាល័យ សួន បញ្ញា កំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន ដែលធ្វើឱ្យការរីកដុះដាលនៃបណ្ណាល័យនេះមានសភាពយឺត ហើយជាពិសេសបណ្ណាល័យនេះស្ថិតក្នុងការបិទដំណើរការតាំងពីការរីករាលដាលជំងឺកូវីដ១៩មក។
យ៉ាងណាមិញ បណ្ណាល័យ សួន បញ្ញា ក៏បានទទួលការគាំទ្រពីយុទ្ធនាការមួយ ដែលមានជំនួយជាសៀវភៅ ការរកនូវយុទ្ធសាស្រ្តក្នុងការធ្វើឱ្យបណ្ណាល័យនេះមានការអភិវឌ្ឍ ក៏ដូចជាការចូលរួមផ្សព្វផ្សាយអំពីបណ្ណាល័យនេះដែរ។
កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ យុទ្ធនាការ «សៀវភៅមួយ សហគមន៍មួយ» បានរៀបចំដំណើរទស្សនៈកិច្ចទៅកាន់បណ្ណាល័យ សួន បញ្ញា ក្នុងគោលបំណងជួយឱ្យបណ្ណាល័យនេះអាចដំណើរការឡើងវិញក្រោយពេលបិទខ្ទប់អំឡុងពេលកូវីដ១៩។
យុទ្ធនាការនេះ បានចូលរួមចំណែកជាច្រើនក្នុងការធ្វើឱ្យបណ្ណាល័យសហគមន៍មានដំណើរការយ៉ាងរលូន ហើយបានផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់សិស្សានុសិស្សដែលរស់នៅទីតាំងនោះ។
លោក សុខ ឡាក់ សហស្ថាបនិកយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយបានប្រាប់ Newsroom Cambodia ថា គោលដៅនៃយុទ្ធនាការនេះគឺដើម្បីជួយបង្កើនទម្លាប់ក្នុងការអាន និងមានបញ្ហាគោលផ្សេងទៀតដែលយុទ្ធនាការនេះព្យាយាមដោះស្រាយដោយបូកបញ្ចូលជាមួយកម្មវិធីជួយគាំទ្រដល់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តក្រុង។
លោកលើកឡើងថា៖ «គោលដៅដែលចង់ដោះស្រាយនោះគឺ ទម្លាប់ក្នុងការអាន ដែលយើងព្យាយាមដោះស្រាយហ្នឹងទាក់ទងនឹងយុវជន»។
លោកបានបន្ថែមថា ៖ «បញ្ហាមួយទៀតដែលកើតឡើងគឺ បញ្ញាជម្ងឺអូទីសឹម ដែលឪពុកម្តាយដែលអត់សូវមានទម្លាប់ក្នុងការអានមានភាពធ្វេសប្រហែស ទុកឱ្យកូនគាត់ទៅលេងទូរស័ព្ទ ដូច្នេះយុទ្ធនាការនេះមានគោលដៅចង់បណ្តុះយុវជនដែលមានកូនឱ្យបង្កើនទម្លាប់ក្នុងការអានដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង»។
លោកក៏បានសង្កេតឃើញពីសកម្មភាព និងសក្តានុពលរបស់បណ្ណាល័យ សួន បញ្ហា ដែលបានអនុវត្តជាច្រើនឆ្នាំមកហើយ តែបានអាក់ខានសកម្មភាពអំឡុងពេលកូវីដ ១៩ ហេតុដូចនេះទើបយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ បានមកដល់ទីតាំងនៃបណ្ណាល័យនេះផ្ទាល់ក្នុងគោលបំណងឱ្យបើកដំណើរការបណ្ណាល័យនេះឡើងវិញ។
លោក សុខ ឡាក់ ក៏បានលើកឡើងពីមូលហេតុដែលនាំឱ្យមានយុទ្ធនាការនេះឡើងដែរថា៖ «យុវជនយើងមានបញ្ហាជាច្រើន បញ្ហាទាំងធនធានមនុស្ស បញ្ហាទាំងគុណភាពការងារ បញ្ហាទាំងការគិត បញ្ហាប្រឈមនឹងការរកការងារធ្វើ ការរៀនហ្នឹង ចឹងយើងចង់ចូលរួមចំណែកមួយតូចក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ»។
បណ្ណាល័យលក្ខណៈជាសហគមន៍មានសភាពតូច តែពោរពេញទៅដោយសៀវភៅនៅផ្នែកខាងក្នុង ជាប្រភពនៃចំណេះដឹង ដែលសិស្សានុសិស្សអាចប្រើប្រាស់ជាផលប្រយោជន៍ពីបណ្ណាល័យសហគមន៍នោះ។
លោក សុខ ឡាក់ ក៏បានគូសបញ្ជាក់ផងដែរថា៖ «បណ្ណាល័យសហគមន៍បើកជាសាធារណៈ ដូច្នេះអ្នកដែលនៅជុំវិញភូមិអាចទៅប្រើប្រាស់សេវាកម្មបណ្ណាល័យទាំងអស់នឹង ដែលជាលក្ខណៈពិសេសរបស់បណ្ណាល័យសហគមន៍»។
ក្នុងថ្ងៃដដែលនៃយុទ្ធនាការ សៀវភៅមួយ សហគមន៍មួយនេះ លោក ទឹម ម៉ានី អាយុ៧៨ឆ្នាំ ជាអ្នកនិពន្ធសៀវភៅ ក៏បានអញ្ជើញមកចែករំលែកទាក់ទងនឹងវិធីសាស្រ្តអានសៀវភៅចូលរួមប្រកួតប្រជែងការអាន។
លោក ទីម ម៉ានី បានលើកឡើងថា ការងាកមកអានសៀវភៅគឺជាភារកិច្ចរបស់យុវជនគ្រប់រូប ព្រោះចំណេះដឹងគឺកើនឡើងក្រោយពីការអាន ទោះបីអានតិចក្តីច្រើនក្តី ក៏ទទួលបានផលវិជ្ជមាន ហើយកុំព្យាយាមខ្ជះខ្ជាយពេលវេលាលើទូរស័ព្ទច្រើន។
លោកលើកឡើងថា៖ «សំខាន់ឱ្យសិស្សបានអានបានមើលសៀវភៅ មិនមែនលោកគ្រូហាមផ្ដាច់មិនឱ្យលេងទូរសព្ទ កុំព្យូទ័រទេ យើងចង់ឱ្យគាត់ងាកមកអានសៀវភៅវិញ»។
លោកបន្ថែមដែរថា យុវជនមួយចំនួនចាប់ផ្តើមបាត់បង់ការប្រើប្រាស់អក្សរសាស្រ្តខ្មែរដែលនាំគ្នាងាកទៅរកការប្រើប្រាស់សំនៀងអង់គ្លេស ដែលនាំឱ្យប៉ះពាល់ដល់វប្បធម៌ជាតិខ្មែរ។
លោកបាននិយាយថា៖ «ព្រោះអក្សសាស្រ្តខ្មែរយើងកំពុងតែលុតចុះបន្តិចម្ដងៗដោយសារកូនខ្មែរមួយចំនួនគាត់ចូលចិត្ត សរសេរអក្សរខ្មែរជាភាសារបរទេស អង់គ្លេស ហើយជាសំនៀងខ្មែរខុស ព្រោះអនាគតទៅអាចខ្លាចដូចជាប្រទេសមួយចំនួនដែលសម័យបារាំងកាន់កាប់ គាត់បន្ថែមសក់បន្ថែមអីទៅក្លាយជារបស់បារាំង ដូច្នេះយើងចង់ឱ្យខ្មែរសរសេរខ្មែរឱ្យត្រូវនឹងអក្ខរាវិរុទ្ធដែលមានវចនានុក្រម សម្ដេច ជួន ណាត លោកជាប្រធានបាទសុំអរគុណកូន»។
ក្តីស្រមៃរបស់កញ្ញា យ៉ែម បញ្ញា បានក្លាយជាការពិត ក្រោយពីការខិតខំរបស់កញ្ញា ដែលព្យាយាមបង្កើតបណ្ណាល័យនេះឡើងសម្រាប់សហគមន៍របស់កញ្ញាផ្ទាល់ ទោះបីជាបណ្ណាល័យនេះបច្ចុប្បន្នមិនមានអ្នកឧបត្ថម្ភច្រើនក្តី។
កញ្ញាចង់ឃើញយុវជនជំនាន់ក្រោយអាចបង្កើតបណ្ណាល័យសហគមន៍ ដែលជាចំណែកមួយធំជួយដល់សហគមន៍ខ្លួន ដែលជាចំណុចក្នុងការអភិវឌ្ឍចំណេះដឹងរបស់យុវជនគ្រប់រូប។
កញ្ញាបាននិយាយថា៖ «ខ្ញុំចង់ឱ្យមានអ្នកបន្តវេនការងារហ្នឹងបន្ថែមទៀត អត់ចង់មានតែខ្ញុំ ដោយធ្វើយ៉ាងណាបណ្តុះយុវជនផ្សេងទៀតអាចយកគំនិតហ្នឹងមិនថាក្នុងភូមិទេគឺអ្នកផ្សេងៗទៀត»៕