សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ឱ្យដឹងថា កូនក្តីរបស់ខ្លួន បានស្នើសុំក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ បន្ធូរបន្ថយលើការរឹតត្បិតការឃុំខ្លួន ប៉ុន្តែត្រូវបានក្រុមប្រឹក្សាជំនុំជម្រះបដិសេធ។
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧ ក្នុងសំណុំរឿងក្បត់ជាតិ។ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ ប៉ុន្តែតុលាការបានតម្រូវឱ្យឃុំខ្លួននៅផ្ទះ និងមិនអនុញ្ញាតឱ្យលោកជួបបុគ្គលណាទាំងអស់ទាំងសញ្ជាតិខ្មែរ និងបរទេស។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោកមេធាវី អាង ឧត្តម បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការលើកដំបូង នៅមុខសាលាឧទ្ធរណ៍ភ្នំពេញថា ក្នុងសវនាការនោះ លោក កឹម សុខា បានស្នើសុំទៅតុលាការបន្ធូរបន្ថយការរឹតត្បិតការឃុំខ្លួន ប៉ុន្តែត្រូវបានតុលាការច្រានចោល។
លោកថា៖ «គាត់ [លោក កឹម សុខា] សុំកុំឱ្យរឹតត្បិតការឃុំខ្លួនរបស់គាត់ពេក ជាពិសេសប៉ះពាល់មិនត្រឹមតែគាត់ទេ ប៉ះពាល់ដល់គ្រួសារគាត់ និងអ្នកដែលធ្លាប់នៅជាមួយគាត់រាប់ឆ្នាំទុកដូចជាសាច់ញាតិសន្តាន ហើយមិនឱ្យនៅជាមួយគាត់ ដើម្បីជួយកិច្ចការ ជួយសុខទុក្ខគាត់ទៀត។ គាត់សុំឱ្យបន្ធូរបន្ថយចំណុចហ្នឹង»។
សហមេធាវីការពារក្តីឱ្យ លោក កឹម សុខា មួយរូបទៀតគឺលោកស្រី ម៉េង សុភារី មានប្រសាសន៍ថា សវនាការលើសំណុំរឿងលោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះ បានបិទបញ្ចប់នៅម៉ោង១១កន្លះព្រឹក ហើយនឹងបន្តទៅថ្ងៃទី៨ ខែកុម្ភៈទៀត។ លោកស្រីបន្តថា ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចលើការកំណត់ពេលសវនាការ ដោយគ្រោងធ្វើឡើង ៩ដង ក្នុងនោះនឹងបើកសវនការចំនួន ២ដងក្នុងមួយខែ នៅរៀងរាល់ថ្ងៃព្រហស្បតិ៍។
លោកស្រី ម៉េង សុភារី យល់ថា សវនាការដែលគ្រោងនឹងធ្វើឡើង ២ដងក្នុងមួយខែនេះ គឺមិនគ្រប់គ្រាន់ឡើយ។
លោកស្រីថា៖ «ខ្ញុំយល់ថាវាតិច ក្នុងមួយខែ ២ដង ខ្ញុំចង់ឱ្យច្រើនជាងនេះ»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានប្រាប់ Newsroom Cambodia ថាដំណើរការរឿងក្តីរបស់លោក កឹម សុខា កាលពីព្រឹកមិញនេះ គឺដើរតាមនីតិវិធីច្បាប់។
លោកថ្លែងថា៖ «ការដំណើរការរឿងក្តីស្របតាមនីតិវិធីច្បាប់។ តុលាការសម្រេចនៅពេលបញ្ចប់ការពិភាក្សាដេញដោលដោយឈរលើ អង្គហេតុ ភស្តុតាង និងអង្គច្បាប់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលឃ្លាំមើលសវនាការនេះ មានប្រសាសន៍ថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ បានបដិសេធការស្នើសុំរបស់មេធាវីចំពោះការបន្ធូរបន្ធរនៅលក្ខខណ្ឌដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយក្រុមប្រឹក្សាជំនុំជម្រះបានលើកហេតុផលថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ គឺមិនអាចកែប្រែបានទេ។
លោកកត់សម្គាល់ដែរថា សំណុំរឿងមានពាក់ព័ន្ធនឹងអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាដើម ដែលត្រូវបានចោទប្រកាន់ និងកាត់ទោសនៅសាលាដំបូងហើយ គឺកម្រនឹងមានការកែប្រែសាលដីកា នៅតុលាការជាន់ខ្ពស់ណាស់។ លោកបន្តថា ប្រសិនបើមានការប្រើប្រាស់នៅវប្បធម៌នៃការសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ឬការជជែកគ្នារវាងអ្នកនយោបាយ និងអ្នកនយោបាយនោះ លោក កឹម សុខា អាចនឹងត្រូវដោះលែងឱ្យនៅក្រៅឃុំ។
លោក អំ សំអាត បន្ថែមថា៖ «បើនិយាយអំពីសិទ្ធិ និងសេរីភាព និងយុត្តិធម៌ចំពោះមុខច្បាប់នេះ វាហាក់បីដូចជាមានភាពអូសបន្លាយសម្រាប់លោក កឹម សុខា»។
សូមរំលឹកថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ក៏ប៉ុន្តែលោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះ។ តុលាការក៏បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ចំពោះលោក កឹម សុខា ក្នុងការឈរឈ្មោះ ឬចូលរួមបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែមតាមមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមអ្នកតស៊ូមតិកម្ពុជា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានអំពាវនាវដល់សាលាឧទ្ធរណ៍ភ្នំពេញ ឈរលើគោលការណ៍ឯករាជ្យ និងវិជ្ជាជីវៈ ក្នុងដំណើរការសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា នេះផងដែរ។ ប៉ុន្តែអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទឧក្រិដ្ឋ ដោយសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ហើយបើតាមបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ និងតំណាងអយ្យការ សវនាការប្រព្រឹត្តទៅដោយផ្អែកលើអង្គហេតុ ភស្តុតាង អង្គច្បាប់ និងដោយឯករាជ្យតាមរដ្ឋធម្មនុញ្ញ៕