ប្រជាពលរដ្ឋចំនួន ៤រូប នៅខេត្តព្រះវិហារ ដែលរងបណ្ដឹងពីមន្ត្រីមន្ទីរបរិស្ថានថាបានកាប់គាស់ និងទិន្ទ្រានដីព្រៃជាកម្មសិទ្ធ បានស្នើឱ្យតុលាការទម្លាក់ចោលនូវបទចោទប្រកាន់ ដោយថាពួកគាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទ។
ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាកោះហៅឱ្យពួកគេទាំង ៤នាក់ ទៅឆ្លើយបំភ្លឺ ជុំវិញបណ្តឹងរបស់មន្ត្រីមន្ទីរបរិស្ថាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទចោទ «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ដែលប្រព្រឹត្តនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។
ពលរដ្ឋរងបណ្ដឹងម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅភូមិដងផ្លិត បានរៀបរាប់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ខាងមន្ត្រីបរិស្ថានមានគម្រោងធ្វើក្រោលគោនៅតំបន់ភូមិដងផ្លិត និងភូមិណារ៉ុង ដែលជាព្រៃសហគមន៍ការពារ ហើយការសាងសង់នោះ មន្ត្រីបរិស្ថានមិនបានផ្សព្វផ្សាយទៅដល់ភូមិឃុំ និងប្រជាពលរដ្ឋនោះទេ ទើបប្រជាពលរដ្ឋនាំគ្នាទៅរុះរើចេញ។
លោកថា៖ «គេធ្វើលើកទី១ យើងគ្រាន់តែទប់ស្កាត់រុះរើទុកចោលហ្នឹងឯង ហើយគេធ្វើលើកទី២ទៀត ដល់ពេលលើកទី២ហ្នឹង យើងនាំគ្នាទៅទប់ស្កាត់ហើយ យើងនាំគ្នាប្រមូលយកវត្ថុតាង មានដូចជាឈើ មានដូចជារណាយន្ត មានម៉ាស៊ីនខួងដែលគេនឹងបោះបង្គោលព័ទ្ធយកដីហ្នឹងមកទុកនៅវត្ត។ ដល់ពេលយើងនាំគ្នាទៅទប់ស្កាក់អ៊ីចឹង ដកហូតយកសំភារៈគេទៅ គេចោទយើងពីបទទៅប្លន់យកវត្ថុតាងគេ ហើយក៏គេដាក់បណ្ដឹងទៅ ដល់ពេលក្នុងបណ្ដឹង ខាងតុលាការចោទយើងពីបទ កាប់ឈូសឆាយ រុករាន ទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ គេប្ដឹងយើង»។
ករណីនេះ លោកបានស្នើទៅតុលាការ ពិចារណាក្នុងការទម្លាក់ចោលបទចោទប្រកាន់នេះទៅលើពួកគាត់ទាំង៤នាក់ ដោយថាពួកគាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
ពលរដ្ឋរូបនេះថា៖ «ខ្ញុំក៏ដូចជាបុគ្គល៣នាក់ទៀតដែរ សូមសំណូមពរទៅតុលាការមេត្តាឈប់ចោទប្រកាន់ពួកខ្ញុំទៅ ហើយសំណុំរឿងដែលគេចោទហ្នឹង មេត្តាតម្កល់ទុកកុំចាត់ការផង»។
ប្រជាពលរដ្ឋរងបណ្ដឹងម្នាក់ទៀត លោក សូម ណៃ បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅទីនោះ តាំងពីដូនតាមក មិនដែលមានបញ្ហាកើតឡើងនោះទេ ទើបពេលនេះបែរជាមន្ត្រីបរិស្ថានទៅសាងសង់សំណង់លើដីព្រៃសហគមន៍ដែលធ្លាប់បាននិងកំពុងអាស្រ័យផលចិញ្ចឹមជីវិតនេះទៅវិញ។
លោកថា៖ «មន្រ្តីបរិស្ថានគេនិយាយថាគេនៅតែយក គេមិនឱ្យយើងទៅទប់ស្កាត់ គេធ្វើ គេអភិវឌ្ឍន៍ហ្នឹងឯង ប៉ុន្តែពួកខ្ញុំមិនចង់ឱ្យបាត់បង់ទៅលើមន្រ្តី អ្នកមានអំណាចមកយកដីធ្លីជិតមូលដ្ឋានជិតសម្រចផល រស់នៅពីដូនតា»។
លោក សូម ណៃ បន្តទៀតថា នេះជាលើកទី២ហើយតុលាការកោះហៅពួកគាត់ ឱ្យចូលសវនាការ ព្រោះតែការទប់ស្កាត់មន្រ្តីបរិស្ថានកុំឱ្យមានការទន្រ្ទានដីព្រៃ និងធ្វើក្រោលគោ ប៉ុន្តែបែរជាត្រូវតុលារការចោទពួកគាត់ថាជាអ្នកទន្រ្ទានដីនេះទៅវិញ។
លោកស្នើថា៖ «ខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នា ស្នើសុំទៅមន្រ្តី អ្នកដែលមកយកដីនៅទីនោះ មិនថាជាមន្រ្តីណាទេ ពួកខ្ញុំស្នើសុំថាមិនឱ្យគាត់យក និងសុំឱ្យនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន ម៉ាណែត ដែលកាន់កាប់នៅក្នុងប្រទេសកម្ពុជាយើង ឱ្យគាត់ជួយទប់ស្កាត់ និងទុកដីទាំងអស់នោះ ទុកឱ្យប្រជាពលរដ្ឋគាត់ប្រើប្រាស់ និងអាស្រ័យផលស្រែចម្ការនៅទីនោះផងដែរ»។
សហមេធាវីការពារក្តីជូនប្រជាពលរដ្ឋទាំង៤រូបនោះ លោក លូត សាំង មានប្រសាសន៍ថា ការចោទប្រកាន់របស់តុលាការចំពោះកូនក្ដីលោក ជាការមិនត្រឹមត្រូវទេ ដោយលោកអះអាងថាកូនក្ដីលោកមានភស្តុតាងពេលទៅទប់ស្កាត់ការទន្ទ្រានដីនោះ។ ករណីនេះ លោកស្នើដល់តុលាការ ពិចារណាក្នុងការលើកលែងការចោទប្រកាន់ទៅកូនក្តីរបស់ខ្លួន។
លោកថា៖ «ក្នុងនាមជាមេធាវី យើងគិតថា វាខុសដែរ ព្រោះប្រជាពលរដ្ឋគាត់ជាអ្នកការពារទេ បើយើងមើលមានភស្តុតាងមានអីត្រឹមត្រូវ ហើយមានរូបភាពមានអី យើងឃើញថាប្រជាជនគាត់ទៅទប់ស្កាត់ពិតប្រាកដមែន។ ហេតុអីបានខ្ញុំអះអាង ព្រោះនៅតំបន់ហ្នឹង ខ្ញុំបានចុះទៅឃើញជាកស្ដែង[…] ដូច្នេះយើងសង្ឃឹមថា តុលាការគាត់នឹងសម្រេចលើកលែងការចោទប្រកាន់ ព្រោះគាត់[ប្រជាជន]មិនមែនបានប្រព្រឹត្តដូចការចោទប្រកាន់នៅក្នុងដីការនោះទេ»។
តែយ៉ាងណា លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់ Newsroom Cambodia ថាការកែណ្ឌកម្លាំងទៅប្លន់ និងកំហែងយកវត្ថុតាងដោយខុសច្បាប់ពីមន្ត្រីពង្រឹងការអនុវត្តច្បាប់ ជាអំពើល្មើសច្បាប់ ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
លោកថា៖ «មន្ទីរបរិស្ថាន តែងតែគាំទ្រ ចូលរួមសហការជាមួយសហគមន៏មូលដ្ឋាន ក្នុងកិច្ចការពារបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយស្របច្បាប់។ តែផ្ទុយទៅវិញ មន្ទីរបរិស្ថាន ក៏មិនគាំទ្រលើការធ្វើចលនា បះបោរ ឱ្យមានសកម្មភាពចូលកាន់កាប់ដីព្រៃដោយខុសច្បាប់ដែរ»។
តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ថុល គឹមហ៊ឹង មានប្រសាសន៍ថា តាមរយៈការសាកសួរ ជនសង្ស័យទាំង៤រូបនោះ បានបដិសេធថាមិនបានប្រព្រឹត្ត។ តែយ៉ាងណា តំណាងអយ្យការនឹងបន្តសាកសួរទៅកាន់ដើមបណ្តឹងបន្ថែមទៀត មុននឹងមានការសម្រេចថាយ៉ាងណានោះ។
លោកថា៖ «ខ្ញុំឆ្ងល់ដែរ ប្រសិនគាត់ជាអ្នកការពារដីព្រៃហ្នឹង ចុះមន្ត្រីបរិស្ថានដែលការពារដែនរបស់គេហ្នឹង ហេតុអីមកកសាងសំណុំរឿង មកខុសពីការឆ្លើយបំភ្លឺរបស់គាត់? ហើយខ្ញុំក៏បានសួរទៅគាត់[ពលរដ្ឋ] បើសិនជាគាត់មិនបានរុករានទន្ទ្រានទេ ហេតុអីក៏មានកសាងសំណុំរឿងបង្កើតជាបទល្មើសមកកាន់តុលាការ?[…]ហើយខ្ញុំនឹងអង្កេតបន្តទៀត គឺហៅមន្ត្រីបរិស្ថានហ្នឹងមកបំភ្លឺ ខាងបរិស្ថានបានសន្មតចងក្រងសំណុំរឿងមកគឺគាត់[ពលរដ្ឋ]បានពង្រីកដីបន្ថែមដើម្បីកាន់កាប់ តែបែរជាគាត់មកឆ្លើយថាអត់បានពង្រីកទេ គាត់គ្រាន់តែជាអ្នកការពារទេ»។
ពាក់ព័ន្ធនឹងករណីនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ លោកអំ សំអាត យល់ឃើញថា មន្រ្តីបរិស្ថាន គួរមានការពន្យល់ និជជែកគ្នាឱ្យបានច្បាស់លាស់ជាមួយប្រជាពលរដ្ឋ មុនពេលចុះសាងសង់សំណង់ ឬរៀបចំហេដ្ឋារចនាសម្ព័ន្ធណាមួយ នៅក្នុងព្រៃសហគមន៍ដែលពលរដ្ឋធ្លាប់អាស្រ័យផល ជាជាងការយកបណ្តឹងតាមផ្លូវតុលាការ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖«តុលាការគួរតែទម្លាក់បទចោទប្រកាន់ ខាងបរិស្ថានគួរតែជជែក និងដោះស្រាយជាមួយប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឱ្យមានការយោគយល់គ្នា ហើយរួមគ្នាការពារទ្រព្យសម្បត្តិរួមរបស់រដ្ឋ»៕