ក្រុមយុវជនប្រមាណ ២០នាក់ ស្នើជាថ្មីដល់ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់យុត្តិធម៌ជុំវិញភាពមិនប្រក្រតីនៃការលុបឈ្មោះគរុនិស្សិតចំនួន ១២រូប ចេញពីបញ្ជីរាយនាមសិស្សរៀនថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន នៅវិទ្យាល័យជាតិអប់រំកាយ និងកីឡា។
ការស្នើនេះ ធ្វើឡើងក្នុងពេលដែលក្រុមយុវជនទាំងនោះ ធ្វើធម្មយាត្រាដោយថ្មើរជើងពីសួនច្បារមុខវត្តបទុមវត្តី ទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ញត្តិ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ការធ្វើធម្មតាយាត្រានេះ បានធ្វើឡើងក្រោយពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានលុបឈ្មោះគុរនិស្សិតចំនួន ១២នាក់ ក្នុងនោះមានគរុនិសិ្សតឈ្មោះ កែវ សុវណ្ណឬទ្ធិផងដែរ ក្រោមហេតុផល ខុសលក្ខខន្តិកៈ។
យុវជន រៀម ស្រីពេជ្ររតនា ជានិសិត្សឆ្នាំទី១ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានចូលរួមក្នុងធម្មយាត្រានេះ បានលើកឡើងថា ការលុបឈ្មោះគរុនិស្សិតទាំង១២រូបនោះ ជារឿងអយុត្តិធម៌ និងមានភាពមិនប្រក្រតី ដែលពួកគាត់មិនអាចទទួលយកបាន។ ករណីនេះ កញ្ញា ស្នើដល់ក្រសួងអប់រំ បកស្រាយបំភ្លឺឱ្យបានជាក់លាក់ ចំពោះការបញ្ឈប់គរុនិសិ្សតទាំងនោះ និងស្វែងរកយុត្តិធម៌ជូនពួកគេ។
កញ្ញាថា៖ «មូលហេតុដែលយើងគិតថារឿងហ្នឹង វាជារឿងមួយអយុត្តិធម៌ចំពោះ សុវណ្ណាឬទ្ធិ មិនត្រឹមតែអយុត្តិធម៌រឿងដកគាត់ចេញ ដោយសារលក្ខខណ្ឌកម្ពស់ បន្ទាប់មកហៅគាត់មករៀន ហើយដកគាត់ចេញវិញ មិនមែនត្រឹមតែរឿងប៉ុណ្ណឹងទេ គឺក្រសួងមិនបានស្រាយបំភ្លឺមិនទទួលស្គាល់កំហុសរបស់ខ្លួនឯង។ រូបភាពមួយទៀត ដែលយើងមើលឃើញថា វាជារឿងអយុត្តិធម៌សម្រាប់គាត់ គឺឃើញថាមានយុវជនផ្សេងដែលគាត់មានវ័យលើសអាយុ តែពួកគាត់អាចចូលរៀនបាន ពួកគាត់អាចចេញធ្វើការបាន។ ក្នុងនោះពួកយើងជានិស្សិតបានមើលឃើញពីរូបភាពអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ»។
នៅក្នុងញត្តិរបស់ក្រុមយុវជនដែលដាក់ជូនក្រសួងអប់រំ បានលើកឡើងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ គរុនិសិ្សតទាំង១២នាក់ មានឈ្មោះក្នុងបញ្ជីរាមនាមឈ្មោះប្រឡងជាប់ជាស្ថាពរ នៅថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២)ជំនាន់ទី៣០ និង(១២+៤)ជំនាន់ទី៣ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ក្រោយពីប្រឡងជាប់ជាស្ថាពរ វិទ្យាស្ថាននេះបានប្រកាសឱ្យគរុសិស្សដែលប្រឡងជាប់ទាំងអស់ទៅវាស់កម្ពស់ដើម្បីដាក់ពាក្យចូលរៀន ហើយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ គរុនិសិត្សទាំង១២នាក់ បានចូលរៀនស្របតាមគោលការណ៍របស់វិទ្យាស្ថាន។
ញត្តិដដែលបន្តថា ប៉ុន្តែកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បែរជាលុបឈ្មោះគរុនិស្សិតទាំង១២នាក់ ដោយលើកហេតុផលថាខុសលក្ខន្តិកៈទៅវិញ។
ញត្តិនោះបញ្ជាក់ទៀតថា៖ «ខ្ញុំបាទ-នាងខ្ញុំជាគរុនិសិ្សត និស្សិត សិស្ស ដែលតាមដានយ៉ាងយកចិត្តទុកដាក់នូវភាពអយុត្តិធម៌ដែលកើតមានចំពោះគរុនិស្សិត កែវ សុវណ្ណឬទ្ធិ និងគរុនិសិ្សត១១នាក់ផ្សេងទៀត ស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា បកស្រាយជុំវិញភាពមិនក្រតីនៃការលុបឈ្មោះ កែវ សុណ្ណឬទ្ធិ ព្រមទាំងគរុនិស្សិត ១១នាក់ទៀត និងផ្តល់យុត្តិធម៌ផ្លុវចិត្ត ដើម្បីបញ្ចប់ការតស៊ូមតិនៅសាធារណៈ»។
លោក លឹម ស៊ីវម៉េង ជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាជាតិ ដែលចូលរួមធម្មយាត្រានោះដែរ បាននិយាយថា ការដែលពួកគាត់ដាក់ញត្តិនេះ គឺស្នើដល់ក្រសួងអប់រំ ជួយរកយុត្តិធម៌ដល់គរុនិសិ្សតទាំង១២រូបនេះ ដើម្បីឱ្យពួកគាត់បានចូលរៀនវិញ។ លោកបន្តថា ប្រសិនបើក្រសួងមិនមានដំណោះស្រាយសមរម្យសម្រាប់ពួកគេទេនោះ នោះក្រុមយុវជននឹងបន្តការតស៊ូមតិនៅទីសាធារណៈបន្តទៀត រហូតដល់មានដំណោះស្រាយ។
លោកថា៖ «ចំពោះបញ្ហានេះ យើងនៅតែបន្តទាមទារ ដរាបណាយើងមិនទាន់ឃើញមានយុត្តធម៌ចំពោះយុវជន កែវ សុវណ្ណាឬិទ្ធ»។
យុវជន កែវ សុវណ្ណឬទ្ធិ ជាយុវជនម្នាក់ក្នុងចំណោមគរុនិសិ្សត ១២នាក់ ដែលត្រូវបានលុបឈ្មោះចេញនោះ មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ក្រសួងអបរំគួរតែឆ្លើយតប រាល់បញ្ហាដែលខ្លួនអនុវត្តមិនត្រឹមត្រូវ ដូចខ្ញុំមិនទាន់អស់ចិត្តទេ ដែលក្រសួងលុបឈ្មោះខ្ញុំត្រឹមតែលក្ខខណ្ឌកម្ពស់អញ្ចឹង ទាំងដែលខ្ញុំបានចូលសិក្សារយៈពេល១ខែហើយ ខ្ញុំស្នើឱ្យក្រសួងអប់រំធ្វើការឆ្លើយតបនូវបញ្ហា និងសូមកុំឱ្យក្រសួងអប់រំធ្វើការខុសម្តងហើយម្តងទៀត គឺខុសអត់ចេះចប់ ហើយមិនធ្វើការដោះស្រាយ»។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានបដិសេធឆ្លើយតប ដោយថា រឿងនេះក្រសួងអប់រំ បានចេញសេចក្តីបំភ្លឺរួចមកហើយ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
យោងតាមសេចក្តីបំភ្លឺរបស់ក្រសួងអប់រំ កាលពីថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅមុនការប្រឡង ក្រសួងបានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលក្ខខណ្ឌជ្រើសរើស ដោយបានកំណត់កម្រិតវប្បធម៌ អាយុ ភាពនៅលីវរហូតដល់បញ្ចប់ការសិក្សា កម្ពស់ (នារីចាប់ពី ១,៥៥ម ឡើងទៅ បុរសចាប់ពី ១,៦៥ម ឡើងទៅ) និងបានបញ្ជាក់ថា «ករណីបេក្ខជនក្លែងបន្លំឯកសារ ឬល្មើសនឹងលក្ខខណ្ឌនៃការជ្រើសរើសណាមួយដូចបញ្ជាក់ខាងលើ ត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងត្រូវលុបឈ្មោះចេញពីបញ្ជី ឈ្មោះប្រឡងជាប់ជាស្ថាពរ ករណីរកឃើញក្រោយពេលប្រឡង»។
សេចក្តីបំភ្លឺដដែល បានបន្ថែមថា គណកម្មការបានពិនិត្យ និងរកឃើញថា គរុនិស្សិតចំនួន ១២នាក់ ខុសនឹងលក្ខខណ្ឌនៃការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា ហើយក្នុងចំណោមនោះមានឈ្មោះ កែវ សុវណ្ណឫទ្ធិ ដែលបានជ្រើសរើស ប៉ុស្តិ៍បម្រើការងារនៅវិទ្យាល័យហ៊ុន សែន ពញាក្រែក ខេត្តត្បូងឃ្មុំ មានកម្ពស់ជាក់ស្តែងគឺ ១,៦២ម ខុសនឹងកម្ពស់ដែលបេក្ខជនបានបំពេញក្នុងពាក្យស្នើសុំប្រឡងគឺ ១,៦៥ម។
ប្រភពដដែលបន្តថា ដោយពិនិត្យឃើញថា កម្ពស់ដែលបានបំពេញនៅក្នុងឯកសារ និងកម្ពស់វាស់ជាក់ស្តែងខុសគ្នា ផ្ទុយពីលក្ខខណ្ឌនៃការជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ផ្អែកតាមគោលការណ៍ ដែលបានកំណត់ ក្រសួងបានសម្រេចលុបឈ្មោះចេញពីបញ្ជីរាយនាមគរុសិស្ស គរុនិស្សិតថ្នាក់បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានជំរុញឱ្យក្រសួង និងអ្នកពាក់ព័ន្ធ គួរជជែករកដំណោះស្រាយសមរម្យមួយ ដើម្បីបញ្ចៀសនូវការកើតមានភាពអយុត្តិធម៌ក្នុងសង្គម។
អ្នកស្រីថ្លែងថា៖ «គួរតែមាននីតិវិធីបែបណាដើម្បីឱ្យគាត់ទទួលយកបាន […] បើតាមខ្ញុំមើលឃើញនេះជាភាពអយុត្តិធម៌ចំពោះគាត់ហើយ គាត់នាំគ្នាតវ៉ាដើម្បីយុត្តិធម៌ ចឹងសូមឱ្យយុត្តិធម៌ឱ្យគាត់ទៅ»៕