រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា ម៉ាស៊ីនថតចំនួន ៤១០គ្រឿងបន្ថែមទៀត នឹងត្រូវបំពាក់ នៅក្នុងព្រៃនៃតំបន់អភិរក្សជួរភ្នំក្រវាញ ដើម្បីតាមដានសកម្មភាពសត្វព្រៃ និងបម្លាស់ទីរបស់ពួកគេ ព្រមទាំងជាផ្នែកមួយនៃការការពារ និងអភិរក្សសត្វព្រៃ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍ប្រាប់គេហទំព័រ Newsroom Cambodia ថា ការដាក់បំពាក់ម៉ាស៊ីនថតនៅក្នុងតំបន់ជួរភ្នំក្រវាញនេះ គឺដើម្បីតាមដានការចាប់ចំណីរបស់សត្វព្រៃ ដោយផ្តោតសំខាន់លើសត្វខ្លា ដែលស្ថិតក្រោមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា។
លោកថា៖ «យើងត្រូវការដាក់កាមេរ៉ាបន្ថែម ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃដែលជាចំណីរបស់សត្វខ្លាធំ ដូចជា ប្រើស ខ្ទីង និងជ្រូកព្រៃជាដើម តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា»។
លោកបញ្ជាក់ថា ការដាក់នេះ តម្រូវឱ្យមានម៉ាស៊ីនថតចំនួនមួយ ក្នុងមួយគីឡូម៉ែត្រ ហើយការដាក់នេះធ្វើឡើងរយៈពេល ៣ខែ ក្នុងរដូវប្រាំង និងរដូវវស្សា ដែលអាចវិភាគបាននូវប្រភេទសត្វជាអាហារសម្រាប់ស្តារសត្វខ្លាធំបាន។
បន្ថែមពីលើនេះ រដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា ការបំពាក់ម៉ាស៊ីនថត នឹងជួយឱ្យអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ និងសិក្សាពីដង់ស៊ីតេសត្វព្រៃដែលជាចំណីរបស់សត្វខ្លាធំផងដែរ។
លោកថា៖ «វានឹងផ្តល់នូវទិន្នន័យជាក់លាក់របស់ធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំដែរឬទេ? […] ហើយក៏នឹងជួយអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស»។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា កន្លងមក ក្រសួងបានសហការជាមួយអង្គការដៃគូ Wildlife Alliance, Conservation International, Fauna & Flora International និងគម្រោង Cambodia Sustainable Landscape & Ecotourism Project បានចុះសិក្សា បានប្រមាណ ៣៨២ម៉ាស៊ីនថតស្វ័យប្រវត្ត ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ តែចំនួនពិតប្រាកដអាចច្រើនជាងនេះ។
Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីលោកស្រីបណ្ឌិត Suwanna Gauntlett នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)។
នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិប្រចាំកម្ពុជា លោក សេង ទៀក បានថ្លែងថា ការបំពាក់ម៉ាស៊ីនថតតាមដានសត្វព្រៃនេះ គឺជារឿងដែលសំខាន់ នៅក្នុងការកត់ត្រាតឹកតាងនៃវត្តមានសត្វព្រៃ និងសម្រាប់ការសិក្សាស្រាវជ្រាវ។
លោកថា៖ «វាមានសារៈសំខាន់ ដោយវាបង្ហាញពីភស្តុតាងពីវត្តមាននៃសត្វព្រៃដែលមានវត្តមាននៅក្នុងតំបន់ជួរភ្នំក្រវាញ បើគេថតឃើញខ្លា យើងអាចដឹងថាវាជាប្រភេទខ្លាអ្វី? វាអាចជាខ្លាដំបង ខ្លារខិន អីចឹងទៅ។ […] កាមេរ៉ាស្វ័យប្រវត្តិ ក៏អាចឱ្យយើងដឹងពីជម្រកនៃពពួកសត្វព្រៃ (Micro Habitats) ថាវានៅក្នុងដែនដែលគេថតបានហ្នឹង គុណភាពនៃទីជម្រកដែលវារស់នៅហ្នឹង វាយ៉ាងដូចម្តេចដែរ»។
លើសពីនេះទៅទៀត លោកថា ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះ នឹងជួយនៅក្នុងការផ្តល់ព័ត៌មានសំខាន់ៗជាច្រើន និងអាចជួយដល់ការរៀបចំផែនការនៅក្នុងការអភិវឌ្ឍ និងការពារសត្វព្រៃ ក៏ដូចជាជម្រកសត្វព្រៃឱ្យបានកាន់តែប្រសើរឡើង ព្រមទាំងការគំរាមកំហែងនានាទៅលើសត្វព្រៃផងដែរ។
លោក សេង ទៀក ថ្លែងថា៖ «លទ្ធផលដែលចេញពីកាមេរ៉ាស្វ័យប្រវត្តិនេះ យើងអាចយកទៅធ្វើជាគោលនៃការរៀបចំផែនការគ្រប់គ្រងសត្វព្រៃ និងទីជម្រកសត្វព្រៃឱ្យមានប្រសិទ្ធិភាពផងដែរ […] ចំណុចដែលសំខាន់ កាមេរ៉ា យើងអាចរាប់ចំនួនសត្វបានទៀត ការរាប់បានលុះត្រាតែយើងធ្វើការសិក្សាពីមួយឆ្នាំទៅមួយឆ្នាំ ហើយគួបផ្សំជាមួយនឹងការមើលនឹងភ្នែក គឺដើរព្រៃតែម្តង យកមករួមបញ្ចូលគ្នា យើងអាចវាយតម្លៃទៅលើចំនួនសត្វព្រៃបានហើយ»។
ស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជា និងលាតសន្ធឹងលើផ្ទៃដីប្រមាណ ១.៥លានហិកតា ព្រៃនៅជួរភ្នំក្រវាញ ជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជា ដែលវាអាចស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ី និងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
តំបន់ជួរភ្នំក្រវាញ ដែលស្ថិតនៅភាគខាងត្បូងប្រទេសកម្ពុជា គឺជាតំបន់ព្រៃទឹកភ្លៀងទ្រង់ទ្រាយដើមធំជាងគេទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវាគឺជាជម្រករបស់ប្រភេទសត្វព្រៃជិតផុតពូជយ៉ាងតិច ៦០ប្រភេទ ដោយក្នុងនោះរួមមានទាំង ដំរីអាស៊ី ក្រពើពូជសៀម ខ្លាឃ្មុំព្រះអាទិត្យ ទោច និងពង្រូលផងដែរ៕