លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានដល់បុគ្គលទាំងឡាយណាដែលយកកម្ពុជា ជាទីតាំងដើម្បីប្រព្រឹត្តសកម្មភាពមិនល្អ ហើយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ហើយត្រូវអនុវត្តតាមច្បាប់។
សារព្រមានរបស់លោកនាយករដ្ឋមន្ដ្រី ធ្វើឡើងក្រោយពីមានជនជាតិចិនតៃវ៉ាន់ ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន បន្ទាប់ពីពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ សម្ដែងជាអំពើចាប់ជំរិត និងធ្វើទារុណកម្ម ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដើម្បីបានអ្នកចូលទស្សនាច្រើន រួចលក់ផលិតផលតាមអនឡាញដែលជាផលប្រយោជន៍ផ្ទាល់ខ្លួន។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ ព្រែកប្រា-ចាក់អង្រែក្រោម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានចាត់វិធានការដាច់ណាត់ចំពោះអ្នកផលិតមាតិកាដែលប៉ះពាល់កម្ពុជា និងប្រឌិតរឿងអាក្រក់ៗពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីតែទទួលបានអ្នកចូលទស្សនាច្រើននៅលើបណ្ដាញសង្គម ដែលធ្វើឱ្យមានការយល់ច្រឡំដល់ប្រទេសកម្ពុជា។
លោកបន្តថា កន្លងមក មានជនជាតិមួយចំនួនដែលយល់ច្រឡំអំពីប្រទេសកម្ពុជា ដោយសារតែការផ្សព្វផ្សាយបែបនេះនៅលើបណ្តាញសង្គម។
លោកមានប្រសាសន៍ថា៖ «កន្លងទៅ មានការយល់ច្រឡំមួយចំនួន ពិសេសប្រជាពលរដ្ឋនៅចិន ដោយសារឃើញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ផ្សាយអត់គ្រប់ជ្រុងជ្រោយ។ កាលពីថ្ងៃទី១៤ យើងចាប់ពីរនាក់ក្មេងៗតៃវ៉ាន់ គាត់ជ្រើសរើសកម្ពុជាថតរឿងចាប់ជំរិត។ គាត់មកបំផ្លាញស្រុកយើង គាត់ធ្វើឱ្យមនុស្សរាប់សែន រាប់លាននាក់ ដែលមើល TikTok គាត់ថាខ្មែរអសមត្ថភាពដោយសារគាត់ចង់បាន View លក់ផលិតផលគាត់ យើងមិនអនុញ្ញាតឱ្យធ្វើអញ្ចឹងទេ ឥលូវចាប់ដាក់គុក»។
តាមរយៈការផលិតវីដេអូប្រឌិតបែបនេះ លោក ហ៊ុនម៉ាណែត ថាបានបំផ្លាញដល់កិត្តិយសរបស់ប្រទេសកម្ពុជា និងប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយជះឥទ្ធិពលដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
បើតាមលោកនាយករដ្ឋមន្ត្រី កន្លងមក ក្រៅពីការប្រឌិតរឿងចាប់ជំរិត ជនបរទេសមួយចំនួននោះ បានប្រឌិតរឿងជួញដូរសរីរាង្គនៅប្រទេសកម្ពុជាថែមទៀត ដើម្បីទទួលបានជំនួយជាផលប្រយោជន៍ផ្ទាល់ ប៉ុន្ដែករណីទាំងអស់នេះក៏ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវ និងលាតត្រដាងការពិតទៅកាន់មហាជន ជៀសវាងការយល់ច្រឡំ និងគិតខុសមកកម្ពុជា។
ជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ដែលផលិតមាតិកាធ្វើឱ្យប៉ះពាល់ដល់កិតិ្តយសកម្ពុជានោះ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវ និងឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបន្ទប់ខុនដូមួយកន្លែង ក្នុងខេត្តព្រះសីហនុ។ អាជ្ញាធរបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ហើយសាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារម្នាក់២ឆ្នាំ និងពិន័យជាប្រាក់ម្នាក់៤លានរៀលដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយផលិតមាតិកាប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់នៅខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថាប្រទេសកម្ពុជាមានច្បាប់ ដូច្នេះក្នុងករណីបុគ្គលដែលប្រព្រឹត្តខុសច្បាប់លើទឹកដីប្រទេសកម្ពុជា គួរតែអនុវត្តតាមផ្លូវច្បាប់ដោយតម្លាភាព និងយុត្តិធម៌។
លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិលធ្វើការលើការលើកកម្ពស់សិទ្ធិមនុស្ស យល់ថាប្រទេសកម្ពុជាមានច្បាប់ ដូច្នេះបុគ្គលណាដែលប្រព្រឹត្តខុសច្បាស់ ត្រូវតែអនុវត្តតាមច្បាប់ ទោះជាបុគ្គលនោះមានឋានន្តរស័ក្ត និងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ដាយតម្លាភាព និងយុត្តិធម៌ ដូច្នេះគ្រប់បុគ្គលទាំងអស់មិនថាជនបរទេស ឬខ្មែរទេដែលប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលទោសតាមច្បាប់»។
លោកកត់សម្គាល់ថា កន្លងមក មានសារពត៌មានជាតិ អន្តរជាតិ បានចុះផ្សាយពីជនបរទេសមួយចំនួនបានប្រព្រឹត្តខុសច្បាប់នៅលើទឹកដីកម្ពុជា ដូចជា ករណីឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន ដែលករណីនេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។ លោកថា ប្រសិនបើអាជ្ញាធរទទួលបានព័ត៌មានទាំងនេះ ត្រូវមានការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងយុត្តិធម៌ដើម្បីការពារកុំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ។
លោកបន្តថា៖ «ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាក៏បានទទួលស្គាល់នូវបទដ្ឋាន និងលិខិតុបករណ៍អន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបានផ្តល់សញ្ចាប័នទៅលើលិខិតុបករណ៍អន្តរជាតិទាំងនេះ ដូច្នេះរដ្ឋជាភាគីត្រូវមានកាតព្វកិច្ចអនុវត្ត និងគោរពតាម ដោយចាត់វិធានការណ៍នានា ដើម្បីធានា និងលើកកម្ពស់លើសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងកុមារ ធានានូវការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយចាត់វិធានការដាច់ខាតប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់រូបភាព ប្រឆាំងនឹងការធ្វើទារុណកម្មគ្រប់រូបភាព និងប្រឆាំងរាល់បទល្មើសដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងការប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម»៕