ក្រុមអ្នកច្បាប់យល់ឃើញថាការបង្កើតគណៈកម្មាធិការដើម្បីកែទម្រង់ច្បាប់នេះគឺជាផ្នែកមួយនឹងជួយឱ្យការប្រព្រឹត្តទៅនៃដំណើរការច្បាប់មានភាពកាន់តែប្រសើរនៅកម្ពុជា ស្របពេលគណៈកម្មាធិការមួយនេះ ត្រូវបានបង្កើតចេញជារូបរាង ក្នុងន័យជំរុញឱ្យវិស័យច្បាប់ អាចបម្រើសេចក្តីត្រូវការចាំបាច់សម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ។
លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ នៃការិយាល័យក្រុមមេធាវី ក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យល់ឃើញថាការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នេះឡើង ដើម្បីពិនិត្យឡើងវិញនូវច្បាប់ដែលអនុវត្តក្នុងពេលបច្ចុប្បន្នថាស្របតាមសង្គមជាក់ស្តែងដែរឬទេ និងមានប្រសិទ្ធិភាពកម្រិតណា ហើយប្រសិនរកឃើញបញ្ហាត្រង់ចំណុចណានៃច្បាប់ ទើបនាំឱ្យមានការស្នើសុំកែទម្រង់ច្បាប់នោះទៅរដ្ឋសភា។
លោកបន្តថា៖ «គណៈកម្មាធិការហ្នឹងយើងពិនិត្យ[ច្បាប់]ឡើងវិញក្រោយពីពិនិត្យហើយយើងត្រូវការកែច្បាប់ វិសោធនកម្មច្បាប់ ឬធ្វើច្បាប់ថ្មី ហើយពេលព្រាងច្បាប់ហើយដាក់ជូនសភា សភាអ្នកអនុម័ត »។
បើតាមលោក សុក សំអឿន គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ពុំមានសមត្ថកិច្ចជាន់គ្នាទៅនឹងស្ថាប័នរដ្ឋសភាទេ ព្រោះគណៈកម្មាធិការនេះមានសិទ្ធិត្រឹមស្នើសុំកែច្បាប់ ហើយពេលរៀបចំកែរួចត្រូវបញ្ជូនទៅរដ្ឋសភាពិនិត្យ។ ប៉ុន្តែលោកថា ប្រសិនបើរដ្ឋសភាមានសមត្ថកិច្ចពាក់ព័ន្ធការកែទម្រង់ច្បាប់គឺជាការល្អប្រសើរ។
លោកបន្តថា៖ «រដ្ឋសភាពប្រសិនគាត់មានស្ថាប័ន មានបុគ្គលិកសម្រាប់ជួយសិក្សា[ការកែទម្រង់ច្បាប់]ទាំងអស់ហ្នឹងគឺល្អ។ សព្វថ្ងៃខ្ញុំគិតថាដូចជាមិនទាន់មានគ្រប់គ្រាន់នៅឡើយ ព្រោះថវិកាសភានៅមានកម្រិត »។
គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នេះ គេសង្កេតឃើញថា ទើបត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកម្ពស់គោលការណ៍នីតិរដ្ឋ និងប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់។ហើយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាបនេះ មានសមាសភាពសមាជិកចំនួន ៣៤រូប ដែលក្នុងនោះរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន សមាជិកភាគច្រើនជារដ្ឋលេខាធិការ និងអគ្គលេខាធិការមួយ។អគ្គលេខាធិការដ្ឋាន បង្កើតឡើងដើម្បីជួយសម្រួលកិច្ចការរដ្ឋបាល និងកិច្ចការផ្សេងៗរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
ព្រះរាជក្រឹត្យដែលបើកផ្លូវឱ្យបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ដែលចេញកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នេះ បង្កើតឡើងដើម្បីលើកកម្ពស់គោលការណ៍នីតិរដ្ឋសន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។គណៈកម្មាធិការនេះមានតួនាទី ដឹកនាំ ជំរុញការអនុវត្តកែទម្រង់ច្បាប់ រៀបចំផែនការកែទម្រង់ច្បាប់ សហការនឹងក្រសួង ស្ថាប័នជំរុញការកែទម្រង់ច្បាប់និងការផ្សព្វផ្សាយច្បាប់។
ក្នុងនាមជាប្រធានក្រុមអ្នកច្បាប់ នៃការិយាល័យមេធាវីអមរិន្ទលោក សុក សំអឿន យល់ឃើញថា វាពិបាកកំណត់អំពីប្រសិទ្ធិភាពនៃការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយសារមិនទាន់ឃើញពីសកម្មភាព។ ប៉ុន្តែបើគណៈកម្មាធិការនេះ បើកទទួលយកមតិយោបល់ពីសង្គមស៊ីវិល នាំឱ្យមានការពិភាក្សាច្រើនទើបជាការប្រសើរ ព្រោះការកែទម្រង់ច្បាប់ត្រូវគិតពីសិទ្ធិសេរីភាពពលរដ្ឋឱ្យបានច្រើន។
ហាក់ផ្ទុយពីការយល់ឃើញនេះបន្តិច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងច្បាប់ លោក កែវ ពន្លឺចន្ទ លើកឡើងថាការកែទម្រង់ច្បាប់នៅកម្ពុជា មិនចាំបាច់បង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នោះទេ ព្រោះគណៈកម្មាធិការនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរួចទៅហើយ។ម្យ៉ាងវិញទៀត ការអនុវត្តបែបនេះវានឹងនាំឱ្យមានការឃើញថា អាចនឹងប៉ះពាល់ដល់សមត្ថកិច្ចរបស់រដ្ឋសភាដែលជាអ្នកបង្កើតច្បាប់ និងកែប្រែច្បាប់។
លោកបន្តថា៖«នៅពេលដែលច្បាប់មិនឆ្លើយតបទៅនឹងស្ថានភាពសង្គមជាក់ស្តែង តាមរយៈរដ្ឋាភិបាលស្នើទៅរដ្ឋសភាគាត់[រដ្ឋាភិបាល]មានតែសេចក្តីស្នើ និងសេចក្តីព្រាងច្បាប់ទេ អត់មានសិទ្ធិអំណាចកែប្រែច្បាប់ អត់មានអីកែទម្រង់ច្បាប់ទេ »។
បើតាមលោក កែវ ពន្លឺចន្ទ រដ្ឋសភាគួរតែជាអ្នកមានសមត្ថកិច្ចក្នុងការកែទម្រង់ច្បាប់ ដោយត្រូវពិនិត្យ ច្បាប់ណាដែលបម្រើ ឬមិនបម្រើប្រយោជន៍ពលរដ្ឋ និងច្បាប់ណាមាន ឬគ្មានប្រសិទ្ធភាពក្នុងអនុវត្ត ដើម្បីលុបចោល ឬកែប្រែឱ្យស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ និងស្ថានភាពសង្គម។
លោកបន្តថា៖ «គួរតែជំរុញ លើកទឹកចិត្តឱ្យរដ្ឋសភា ដែលធ្វើកំណែទម្រង់ច្បាប់ »។
លោក កែវ ពន្លឺចន្ទ បន្ថែមជាចុងក្រោយថា ការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នេះឡើងនឹងនាំឱ្យមានប្រសិទ្ធិភាពនៃការអនុវត្តច្បាប់បានកម្រិតណានោះ គឺពុំទាន់អាចកំណត់បានឡើយ ក៏ប៉ុន្តែដើម្បីឱ្យមានប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ លុះត្រារដ្ឋាភិបាលមានឆន្ទៈខ្ពស់ចំពោះការអនុវត្តច្បាប់ឱ្យស្មើភាពគ្នាគ្រប់ពលរដ្ឋទាំងអស់ អនុវត្តមិនប្រកាន់តួនាទីឋានៈ និងជាពិសេសការផ្សព្វផ្សាយច្បាប់ឱ្យកាន់តែច្រើន។
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បញ្ញត្តិមាត្រា ៩០ថ្មី(ពីរ) បានកំណត់អំពីរដ្ឋសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ដោយឡែក សម្រាប់អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា វិញលើកឡើងថាការកែទម្រង់ច្បាប់នេះ ដើម្បីឱ្យស្របតាមកាលៈទេសៈជាក់ស្តែងច្បាប់ត្រូវមានប្រសិទ្ធិភាព និងមិនអាចយកច្បាប់មួយមកអនុវត្តរហូតឡើយ។លោកបន្តថា តាមពិតទៅគណៈកម្មាធិការដែលទើបបង្កើតឡើងនេះ គឺមិនដូចគ្នាទៅនឹងកិច្ចការរបស់រដ្ឋសភាទេ។
លោកបន្តថា៖ «រដ្ឋសភាស្ថាប័នអនុម័តច្បាប់ គណកម្មាធិកាគេកែទម្រង់ យកច្បាប់ហ្នឹងមកស្នើកែទម្រង់ វិសោធនកម្ម ដើម្បីតាមនីតិវិធីមិនមានអីដូចគ្នា »។
បន្ថែមពីលើនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធាលើកឡើងថាគោលបំណងបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នេះ គឺមានចែងរួចរាល់ហើយនៅក្នុងបញ្ញត្តិមាត្រា១ នៃព្រះរាជក្រឹត្យដែលបង្កើតឱ្យមានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នេះ។លោក ទិត សុធាបដិសេធក្នុងការផ្តល់យោបល់ពិស្តារទៅលើនីតិវិធីថ្មីនេះ ដោយលោកចាត់ទុកថា អ្វីៗត្រូវបានកំណត់ពីទិសដៅរួចអស់ទៅហើយ។
លោកបញ្ជាក់ថា៖ «នៅក្នុងមាត្រា១ នៅហ្នឹងគេបានបញ្ជាក់ហើយ ខ្ញុំថាដូចជាមិនគួរមានសួរអ្វីលើសពីហ្នឹងទៀតទេ »។
បញ្ញត្តិមាត្រា១ នៃព្រះរាជក្រឹត្យដែលបើកផ្លូវឱ្យបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នេះបានកំណត់ថាគណៈកម្មាធិការនេះ ត្រូវបានបង្កើតដើម្បីដឹកនាំការកែទម្រង់ច្បាប់ ហើយជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងដើម្បីពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋសន្តិសុខគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ ។
មិនតែប៉ុណ្ណោះបញ្ញត្តិមាត្រា ៩ នៃព្រះរាជក្រឹត្យដដែលនេះ ក៏បានលើឡើងអំពីការបង្កើតក្រុមការងារកែទម្រង់ច្បាប់នៅតាមស្ថាប័នរដ្ឋដែរថា ក្រសួង ស្ថាប័នរបស់រដ្ឋាភិបាល ត្រូវបង្កើតក្រុមការងារកែទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាព នៃការងារកែទម្រង់ច្បាប់ស្របតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យនេះ ។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលបានបង្កើតគណកម្មការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ នេះម្តងរួចហើយដែរ ប៉ុន្តែប្រព័ន្ធមួយនេះ គេសង្កេតឃើញហាក់មិនដំណើរការ។លុះដល់ឆ្នាំ២០២៤ រដ្ឋាភិបាលនីតិកាលទី៧នេះ ក៏បានផ្តួចផ្តើមជាថ្មីម្តងទៀត ប៉ុន្តែយន្តការថ្មីនេះបានបំបែកគណៈកម្មាធិការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នេះជាពីរ គឺ គណៈកម្មាធិការកែទម្រង់ប្រព័ន្ធច្បាប់ ត្រូវដាក់ឱ្យស្ថិតក្រោមឆ័ត្ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រូវចាត់ចែងដោយក្រសួងយុត្តិធម៌វិញ៕